ខេត្តបន្ទាយមានជ័យ រៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីលើកកម្ពស់វិស័យកីឡា និងសុខភាពយុវជន

24-08-2026 15:11

(បន្ទាយមានជ័យ)៖ កាលពីល្ងាចថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២៦ នៅវាលស្មៅកីឡាដ្ឋានបាល់ទាត់កងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពយ៉ាងអធិកអធម។

ការប្រកួតនេះមានការចូលរួមពីក្រុមកីឡាបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមកីឡាបាល់ទាត់សាលាខេត្ត និងក្រុមកីឡាករ កីឡាការិនី (U14 និង U16) ដែលជ្រើសរើសមកពីភូមិរង់ចាំ ដោយមានទស្សនិកជនប្រមាណជាង ២.០០០ នាក់ចូលរួមទស្សនា។

ពិធីនេះធ្វើឡើងក្រោមវត្តមានរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់ទុកថា ការប្រកួតបាល់ទាត់នេះផ្តួចផ្តើមឡើងដោយរដ្ឋបាលខេត្ត និងអង្គភាពអាវុធហត្ថខេត្ត ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការរីកចម្រើន ទាំងធនធានមនុស្ស និងបច្ចេកទេស។

លោកបានសង្កត់ធ្ងន់ថា ការលេងកីឡាជួយប្រមូលផ្តុំអ្នកមានបទពិសោធន៍ និងចំណេះដឹងផ្នែកកីឡា ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ពិសេសការទទួលបានមតិណែនាំពីគ្រូបង្វឹកដែលធ្លាប់ប្រឡូកក្នុងការប្រកួតថ្នាក់ជាតិ។ លើសពីនេះ ការលេងកីឡាផ្តល់ឱកាសឲ្យយុវជនប្រើប្រាស់ពេលវេលាទំនេរពីការងារ និងការសិក្សា ជៀសវាងសកម្មភាពអវិជ្ជមានដូចជាល្បែងស៊ីសង និងគ្រឿងញៀន។

ជាការឆ្លើយតបលោក អ៊ុំ រាត្រី បានលើកឡើងថា ទោះបីវិស័យកីឡានៅខេត្តបន្ទាយមានជ័យមិនទាន់រីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើកស្ទួយវិស័យកីឡា និងផ្តល់ការលើកទឹកចិត្តដល់កីឡាករជាបន្តបន្ទាប់។

លោកបានបន្ថែមថា ខេត្តបន្ទាយមានជ័យ ក៏កំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីបណ្តាស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការកសាងគ្រូបង្វឹក និងក្រុមកីឡាករ ព្រមទាំងបានចូលរួមក្នុងការ ប្រកួតជម្រើសជាតិផងដែរ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងការប្រកួតនេះ ការចាញ់ឈ្នះមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺស្មារតីនៃការរាប់អាន និងសាមគ្គីភាពរវាងកីឡាករ និងកីឡាករ៕