នូវែលសេឡង់ ដាក់ស្នើច្បាប់ ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម

24-08-2026 16:32

(បរទេស)៖ រដ្ឋាភិបាលចម្រុះអភិរក្សនិយមនៃប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានដាក់ស្នើព្រាងច្បាប់មួយទៅកាន់សភា ដើម្បីហាមឃាត់កុមារដែលមានអាយុក្រោម១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម។ សេចក្តីព្រាងច្បាប់នេះ ក៏បានកំណត់ពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់ ១០% នៃចំណូលសរុបនៅលើពិភពលោករបស់ក្រុមហ៊ុនបណ្តាញសង្គម ប្រសិនបើពួកគេមិនអនុវត្តតាម។

សេចក្តីព្រាងច្បាប់នេះ តម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមធំៗ (រួមមាន Facebook, Instagram, TikTok, Snapchat និងវេទិកាផ្សេងទៀត) ចាត់វិធានការសមស្រប ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់។ វិធីសាស្ត្រផ្ទៀងផ្ទាត់រួមមាន៖ ការពិនិត្យព័ត៌មានគណនីដែលមានស្រាប់, ការប្រើប្រាស់បច្ចេកវិទ្យាស្កេនផ្ទៃមុខ (Facial recognition) និងការផ្ទៀងផ្ទាត់តាមរយៈឯកសារអត្តសញ្ញាណឌីជីថលជាដើម។ លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមិនអាចទទួលយកបានទេចំពោះផលប៉ះពាល់ និងការខូចខាតដែលកំពុងកើតមានលើកុមារនូវែលសេឡង់ជំនាន់នេះ។ បណ្តាញសង្គមកំពុងធ្វើឲ្យពួកគេប្រឈមនឹងមាតិកាគ្រោះថ្នាក់ បច្ចេកវិទ្យាដែលនាំឱ្យញៀន និងសម្ពាធផ្សេងៗដែលពួកគេពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។ វាកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតគ្រួសារ សុខភាពផ្លូវចិត្ត ការគេង និងការសិក្សារបស់ពួកគេ»

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នកុមារនូវែលសេឡង់ម្នាក់ក្នុងចំណោម៣នាក់ (អាយុពី ១៣ ដល់ ១៧ឆ្នាំ) ចំណាយពេលយ៉ាងតិច ៥ម៉ោងក្នុងមួយថ្ងៃនៅលើបណ្តាញសង្គម។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Erica Stanford បានគូសបញ្ជាក់ថា ព្រាងច្បាប់នេះដាក់កាតព្វកិច្ចផ្លូវច្បាប់ផ្ទាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា ហើយគ្មានទោសទណ្ឌ ឬការពិន័យណាមួយត្រូវបានដាក់លើកុមារ ឬអាណាព្យាបាលរបស់ពួកគេឡើយ។

គួរជម្រាបថា ការបោះជំហានរបស់នូវែលសេឡង់នាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជិតខាងគឺ អូស្ត្រាលី បានអនុម័តច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារក្រោម១៦ឆ្នាំ កាលពីចុងឆ្នាំ២០២៥ កន្លងទៅ ដែលធ្វើឱ្យប្រទេសនេះឈានមុខគេលើពិភពលោកក្នុងការរឹតបន្តឹង និងការពារកុមារពីហានិភ័យនៃពិភពឌីជីថល៕