អគ្គលេខាធិការដ្ឋាន អ.ស.ហ រួមគ្នាជាមួយធនាគារ អេស៊ីលីដា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា លើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ

24-08-2026 17:07

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ រួមជាមួយ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក រួមនឹងវត្តមានរបស់ថ្នាក់ដឹកនាំ និងសហការីនៃស្ថាប័នទាំងបី ក៏បានចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។

កិច្ចសហប្រតិបត្តិការត្រីភាគីនេះ មានគោលបំណងចម្បងក្នុងការជំរុញអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្មឌីជីថល តាមរយៈសកម្មភាពសំខាន់ៗ រួមមាន ការធ្វើសមាហរណកម្មបច្ចេកវិទ្យាដោយតភ្ជាប់ Mini App រវាងផតថល FinTech របស់ អ.ស.ហ. ជាមួយកម្មវិធី ACLEDA Super App និងការជំរុញការប្រើប្រាស់ ACLEDA Payment Gateway។

លើសពីនេះ ស្ថាប័នទាំងបីនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍តាមរយៈសិក្ខាសាលា សន្និសីទ និងការផ្តល់វាគ្មិនជំនាញ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និង FinTech។ កិច្ចសហការនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងការបង្កើតផលិតផល និងសេវាឌីជីថលថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កិច្ចសហប្រតិបត្តិការត្រីភាគីនេះ គឺជាការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូង រវាងអគ្គលេខាធិការដ្ឋាន អ.ស.ហ ធនាគារ អេស៊ីលីដា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ហើយកិច្ចសហការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបង្កើតនវានុវត្តន៍ថ្មីៗ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕