យូនីសេហ្វ និងក្រុមហ៊ុន អូស៊ីអាយស៊ី ចាប់ដៃគូគ្នាវិនិយោគលើអនាគតរបស់កុមារ និងយុវជនកម្ពុជា

24-08-2026 17:55

(ភ្នំពេញ)៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា និង ក្រុមហ៊ុនអូស៊ីអាយស៊ីគ្រុប (OCIC Group) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ និងយុវជននៅប្រទេសកម្ពុជា។

ភាពជាដៃគូរយៈពេលច្រើនឆ្នាំនេះ ដែលជាកិច្ចសហការលើកដំបូងបង្អស់រវាង យូនីសេហ្វប្រចាំកម្ពុជា ជាមួយក្រុមហ៊ុនអាជីវកម្មចម្រុះដ៏ធំមួយ មានគោលបំណងទាញយកសក្តានុពល និងចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតឱ្យមានផលវិជ្ជមាន និងប្រកបដោយចីរភាពសម្រាប់កុមារ គ្រួសារ និងសហគមន៍។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយដោយឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោកស្រី ដាម៉ាច ម៉ាហា​ នាយិកាយូនីសេហ្វប្រចាំកម្ពុជា ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខានេះក៏មាន លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC និង លោកស្រី Moiltmaa Sarantuya អ្នកឯកទេសផ្នែកដៃគូសហប្រតិបត្តិការនៃយូនីសេហ្វប្រចាំកម្ពុជា អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីនេះផងដែរ។

លោកស្រី ដាម៉ាច ម៉ាហា​ នាយិកាយូនីសេហ្វប្រចាំកម្ពជា បានលើកឡើងថា៖ «រាល់ពេលដែលខ្ញុំបានជួបយុវជននៅកម្ពុជា ខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំង ចំពោះមហិច្ឆតា ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។ អ្វីដែលពួកគេត្រូវការ គឺឱកាសដើម្បីប្រែក្លាយសក្តានុពលទាំងនោះឱ្យទៅជាការពិត។ នោះហើយជាមូលហេតុដែល ខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំង ចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន OCIC នាពេលនេះ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច និងឯកទេសរបស់យូនីសេហ្វ យើងអាចជួយបំពាក់បំប៉នយុវជននូវជំនាញ ការគាំទ្រ និងឱកាសដែលពួកគេត្រូវការ ដើម្បីឱ្យពួកគេអាចរីកចម្រើនប្រកបដោយជោគជ័យក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងជំរុញការអនុវត្តធុរកិច្ចដែលគោរព និងគាំទ្រដល់សិទ្ធិកុមារផងដែរ»។

ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិកុមារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុមារ និងយុវជនជាច្រើននៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានការអប់រំមានគុណភាព សេវាថែទាំសុខភាព ការគាំពារ និងឱកាសប្រកបដោយសមធម៌ក្នុងការអភិវឌ្ឍសមត្ថភាព និងការចូលរួមក្នុងសហគមន៍របស់ពួកគេ។

ជាមួយគ្នានេះ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានបន្ដថា៖ «ភាពជាដៃគូនេះ បានផ្តល់ឱ្យយើងនូវក្របខណ្ឌការងារយ៉ាងច្បាស់លាស់ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្តែង ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការណែនាំតម្រង់ទិស និងឱកាសកម្មសិក្សា និងការបង្កើតគោលនយោបាយកន្លែងធ្វើការដែលអំណោយផលដល់បុគ្គលិកមានគ្រួសារនៅរាល់ប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចរបស់យើង។ បន្ថែមពីនេះ វាក៏បើកផ្លូវសម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមដែលផ្តោតលើកុមារ និងការប្រែប្រួលអាកាសធាតុផងដែរ។ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយយូនីសេហ្វ យើងអាចពង្រីកវិសាលភាពនៃការជួយជ្រោមជ្រែង ចែករំលែកធនធាន និងជំនាញបច្ចេកទេស ដើម្បីបង្កើតផលជះជាវិជ្ជមានប្រកបដោយចីរភាពសម្រាប់កុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា»។

តាមរយៈអនុស្សរណៈនេះ យូនីសេហ្វ និងក្រុមហ៊ុន OCIC នឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិកុមារក្នុងវិស័យធុរកិច្ច និងសហគមន៍ទាំងមូល គាំទ្រការទទួលបានសេវាសង្គមមានគុណភាព និងស្វែងរកគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗដើម្បីជួយឱ្យកុមារ និងយុវជនអភិវឌ្ឍសមត្ថភាពបានពេញលេញ ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដើម្បីធានាថាការអភិវឌ្ឍផ្ដល់ផលប្រយោជន៍ដល់កុមារ និងគ្រួសារទាំងអស់ដោយឥតរើសអើង។ កិច្ចព្រមព្រៀងនេះក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះតម្លៃស្នូលនៃ «សិទ្ធិកុមារ និងគោលការណ៍ធុរកិច្ច» ដែលជាក្របខ័ណ្ឌណែនាំរបស់យូនីសេហ្វសម្រាប់វិស័យឯកជន ក្នុងការស្វែងយល់ និងដោះស្រាយផលប៉ះពាល់នៃសកម្មភាពអាជីវកម្មមកលើសិទ្ធិ និងសុខុមាលភាពរបស់កុមារ។

កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗមួយចំនួន រួមមាន៖​ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ​ គំនិតផ្តួចផ្តើមដែលគាំទ្រដល់ការអប់រំ និងការចូលរួមរបស់យុវជន ការលើកកម្ពស់គោលនយោបាយកន្លែងធ្វើការដែលគិតគូរដល់គ្រួសារ និងផលិតផលសេវាកម្មដែលគិតគូរដល់កុមារ ការលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមបន្ថែមទៀតក្នុងការបង្កើតសេវាកម្ម និងការអភិវឌ្ឍដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ។ បន្ថែមពីនេះ ស្ថាប័នទាំងពីរនឹងស្វែងរកឱកាសដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការរៀបចំផ្លូវអនាគតសម្រាប់យុវជន ដោយបំពាក់បំប៉នពួកគេនូវជំនាញសម្រាប់សតវត្សរ៍ទី២១ ឆ្លើយតបនឹងពិភពការងារនាពេលអនាគត។

បន្ថែមពីនេះ លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC បានបន្តទៀតថា៖ «យើងមានសេចក្តីរំភើបយ៉ាងខ្លាំងក្នុងការបន្តកសាងកិច្ចសហប្រតិបត្តិការជាផ្លូវការ ជាមួយកម្មវិធី «ជំនាន់ថ្មី» (Generation Future) របស់យូនីសេហ្វ ដើម្បីរួមចំណែកបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជា។ កាលពីឆ្នាំមុន ខ្ញុំមានឱកាសបានធ្វើជាអ្នកណែនាំដល់ក្រុមសិស្ស-និស្សិតវ័យក្មេងក្នុងកម្មវិធីនេះអស់រយៈពេលជាច្រើនខែ។ ជាមួយគ្នានេះ ក្រុមការងាររបស់យើងក៏បានគាំទ្រដល់យូនីសេហ្វ តាមរយៈការផ្ដល់ទីតាំងរៀបចំកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត (Hackathon) នៅឯមជ្ឈមណ្ឌល Connexion Hub នៅកោះពេជ្រ។ ខ្ញុំបានឃើញដោយផ្ទាល់នូវគំនិតច្នៃប្រឌិត មហិច្ឆតា និងសក្តានុពលដ៏សម្បូរបែបរបស់យុវជនគ្រប់រូប ហើយខ្ញុំជឿកាន់តែច្បាស់ថា ពួកគេពិតជាអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ប្រសិនបើទទួលបាននូវក្របខណ្ឌសមស្រប ការគាំទ្រត្រឹមត្រូវ និងវេទិកាស័ក្តិសម។ ខ្ញុំនឹងបន្តធ្វើការងារនេះ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងយើងឱ្យកាន់តែរឹងមាំថែមទៀតតាមរយៈភាពជាដៃគូថ្មីនេះ»

ជាផ្នែកមួយនៃភាពជាដៃគូនេះ យូនីសេហ្វនឹងផ្តល់នូវជំនាញបច្ចេកទេស ទិន្នន័យ និងការស្រាវជ្រាវ ព្រមទាំងឧបករណ៍គាំទ្រនានា ដើម្បីជួយបញ្ចូលគោលការណ៍សិទ្ធិកុមារទៅក្នុងគោលនយោបាយ និងការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុន។ ដោយឡែក ក្រុមហ៊ុន OCIC នឹងចូលរួមផ្សព្វផ្សាយសិទ្ធិកុមារតាមរយៈបណ្តាញធុរកិច្ចរបស់ខ្លួន ព្រមទាំងជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅទូទាំងប្រតិបត្តិការរបស់ខ្លួន ផងដែរ

យូនីសេហ្វ​ ធ្វើការ​នៅតាមតំបន់លំបាកបំផុត​មួយចំនួន​នៅក្នុងពិភពលោកដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាក និងមានហានិភ័យខ្លាំងជាងគេ។ នៅក្នុងប្រទេស និងដែនដីចំនួនជាង១៩០ យើងធ្វើការងារ​ដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បី​កសាងពិភពលោក​មួយ​ប្រសើរជាងមុនសម្រាប់មនុស្ស​គ្រប់រូប៕

សម្រាប់ព័ត៌មានបន្ថែម​អំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh សូមតាមដាន​យូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក​ Hadrien Bonnaud ប្រធានផ្នែកទំនាក់ទំនង​ យូនីសេហ្វប្រចាំកម្ពុជា ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖​ [email protected] និងលោក ចាន់ ទី អ្នកឯកទេសផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ [email protected]

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា ដែលមានវិសាលភាពវិនិយោគលើពហុវិស័យ រួមមាន៖ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស្វកម្ម ការអប់រំ កសិកម្ម ការចែកចាយ និងសេវាសុខាភិបាល។ ចាប់តាំងពីត្រូវបានបង្កើតឡើងមក ក្រុមហ៊ុន OCIC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកយ៉ាងសកម្មដល់ការធ្វើទំនើបកម្មនៃប្រទេសកម្ពុជា។
គេហទំព័រ៖ http://www.ocic.com.kh

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន OCIC Group សូមទាក់ទង៖
*កញ្ញា Eva Berlinson អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងភាពជាដៃគូ នៃក្រុមហ៊ុន OCIC Group
ទូរស័ព្ទ៖ +855 96 446 1412 | អ៊ីមែល៖ [email protected]
*កញ្ញា Monyrath Hor អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន OCIC Group
ទូរស័ព្ទ៖ +855 96 954 7835 | អ៊ីមែល៖ [email protected]