កីឡាជឺជីតស៊ូកម្ពុជា ឈ្នះមេដាយ ១០៩គ្រឿង ក្នុងនាមម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ ខណៈវៀតណាម ឈ្នះមេដាយច្រើនជាងគេ

24-08-2026 18:46

(ភ្នំពេញ)៖ ការប្រកួតកីឡាជឺជីតស៊ីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ និងរៀបចំការប្រកួតនៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១០៩គ្រឿង។

ព្រឹត្តិការណ៍ប្រចាំតំបន់ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា មានប្រតិភូកីឡាចំនួន ៨ប្រទេសចូលរួម គឺមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ហើយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៩៦៤នាក់។

ជាលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួតជាច្រើនវិញ្ញាសា ទាំងកម្រិតថ្នាល និងក្រុមធំ គឺក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន១០៩ ក្នុងនោះនោះមានមេដាយមាស ១៥ ប្រាក់ ២៨ និងសំរឹទ្ធ ៦៦ ឈរចំណាត់ថ្នាក់លេខ៤ នៃតារាងចំណាត់ថ្នាក់មេដាយ បន្ទាប់ពីក្រុមកីឡាជឺជីតស៊ូវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៣៤៥គ្រឿង (មាស១២០ ប្រាក់១១៣ និងសំរឹទ្ធ១១២)។

ចំណែកក្រុមកីឡាជឺជីតស៊ូហ្វីលីពីន ឈរលេខរៀងទី២ ឈ្នះមេដាយមាស៣០ ប្រាក់២៥ និងសំរឹទ្ធ៣៤ សរុប ៨៩គ្រឿង គ្រាដែលក្រុមសិង្ហបុរី ឈរលេខរៀងទី៤ ឈ្នះមេដាយមាស១៦ ប្រាក់១១ និងសំរឹទ្ធ១៧ សរុប ៤៤គ្រឿង។

ប្រទេសដែលឈរក្រោមម្ចាស់ផ្ទះកម្ពុជា គឺមានឥណ្ឌូណេស៊ី ឈរលេខរៀងទី៥ ឈ្នះបានមេដាយមាស៥ ប្រាក់៣ និងសំរឹទ៤ សរុប ១២គ្រឿង, មាឡេស៊ី ឈរលេខរៀងទី៦ ឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៨ សរុប ១៥គ្រឿង, ឡាវ ឈរលេខរៀងទី៧ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ និងចុងក្រោយ គឺក្រុមមីយ៉ាន់ម៉ា ពុំទទួលបានមេដាយឡើយ៕