បាល់ដែល Maradona យកដៃវាយបញ្ចូលទីកាល World Cup 1986 ដាក់លក់បាន ៣.៣លានដុល្លារ

25-08-2026 09:51

(បរទេស)៖ បាល់ទាត់ ដែលអតីតខ្សែប្រយុទ្ធ Diego Maradona បានយកដៃវាយបញ្ចូលទី ត្រូវបានគេហៅថា «hand of God» នៅឯព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 1986 ដែលមានមិចស៊ិកធ្វើម្ចាស់ផ្ទះនោះ លក់បានក្នុងតម្លៃប្រមាណ ២.៥លានផោន ស្មើនឹង ៣.៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅចាំបានថា Maradona បានប្រើដៃវាយបញ្ចូលដ៏អស្ចារ្យបំផុត ផុតដៃកីឡាករចាំទី Peter Shilton នៅពេលដែលអាហ្សង់ទីនបានទម្លាក់តោកំណាចអង់គ្លេស ២-១ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ មុនពេលដណ្តើមបានជើងឯក World Cup ជាលើកទី២ របស់ពួកគេ។

ក្រោយចប់ការប្រកួតនោះដែរ ខ្សែប្រយុទ្ធតែបានលាចាកលោកនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «គ្រាប់បាល់ចូលទីនោះ ក៏មានការប៉ះក្បាល និងដៃរួមចំណែកផងដែរ ក្នុងការបំប៉ោងសំណាញ់ទី»

គួរបញ្ជាក់ផងថា បាល់នេះត្រូវបានដាក់ដេញថ្លៃ និងលក់ដាច់ជាស្ថាពរនៅឯទីតាំងពិព័រណ៍ Heritage Auctions ស្ថិតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយដំបូងឡើយបាល់ «hand of God» ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានតម្លៃដល់ទៅ ១០លានដុល្លារឯណោះទៀតផង៕