ធនាគារ «ជីប ម៉ុង» ប្រកាសតែងតាំង លោក អ៉ឹង ឫទ្ធី ជាអគ្គនាយកបន្តវេននៃធនាគារ «ជីប ម៉ុង ខមមើសល ប៊ែង ម.ក»
25-08-2026 11:00
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាផ្លូវការអំពីការតែងតាំង លោក អ៉ឹង ឫទ្ធី ជាអគ្គនាយកបន្តវេន នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ដែលជាផ្នែកមួយនៃផែនការបន្តវេន ភាពជាអ្នកដឹកនាំរបស់ធនាគារ ក្នុងគោលបំណងបន្តសន្ទុះនៃការរីកចម្រើន និងពង្រឹងបន្ថែមលើមូលដ្ឋានដ៏រឹងមាំដែលធនាគារបានកសាងឡើង។
ការតែងតាំង លោក អ៉ឹង ឫទ្ធី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងការបន្តអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព និងត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការរីកចម្រើន។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងសមត្ថភាពដឹកនាំរបស់លោក ធនាគារ ជីប ម៉ុង នឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការ ជំរុញនវានុវត្តន៍ និងអភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែទំនើប ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការរបស់អតិថិជន និងដៃគូអាជីវកម្ម។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ជីប ម៉ុង បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អ៉ឹង ឬទ្ធី ក្នុងតួនាទីថ្មី ព្រមទាំងមានជំនឿជឿជាក់ថា បទពិសោធន៍ ចក្ខុវិស័យ និងសមត្ថភាពដឹកនាំរបស់លោក នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តពង្រឹងសមត្ថភាពរបស់ធនាគារ បង្កើតឱកាសថ្មីៗ និងជំរុញធនាគារ ជីប ម៉ុង ឱ្យបន្តឆ្ពោះទៅរកការរីកចម្រើន ប្រកបដោយចីរភាពនាពេលអនាគត។
ក្នុងនាមជាធនាគារខ្មែរដែលជាផ្នែកមួយនៃ ជីប ម៉ុង ដែលមានគ្រឹះដ៏រឹងមាំចាប់តាំងពីឆ្នាំ១៩៨២ ធនាគារ ជីប ម៉ុង បាននិងកំពុងបន្តពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលស្របតាមការវិវត្តនៃទីផ្សារ និងតម្រូវការរបស់អតិថិជន។ ទន្ទឹមនឹងនេះ ធនាគារនៅតែបន្តប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការពង្រឹងទំនុកចិត្ត និងកសាងទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន និងដៃគូអាជីវកម្ម ដើម្បីរួមចំណែកគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព៕






