សាលាអន្តរជាតិ ប៊ើខឺលី សម្ពោធសាខាថ្មីបន្ថែមនៅជ្រោយចង្វារ ដើម្បីពង្រីកវិសាលភាពការអប់រំប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិនៅកម្ពុជា
25-08-2026 11:18
(ភ្នំពេញ)៖ សាលាអន្តរជាតិ ប៊ើខឺលី ដែលជាបុត្រសម្ព័ន្ធរបស់ ELT Education Group បានសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅតំបន់ជ្រោយចង្វារ (6A) នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០៦នេះ ដែលជាសមិទ្ធផលថ្មីនិងជាជំហានដ៏សំខាន់មួយក្នុងការពង្រីកវិសាលភាពនៃការអប់រំប្រកបដោយ គុណភាព និងស្តង់ដារអន្តរជាតិ។
ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ព្រឹត្តិការណ៍ នេះជាការបើកទំព័រថ្មីដ៏មានសារៈសំខាន់សម្រាប់សាលា អន្តរជាតិ បើខឺលី ក្នុងការបន្តប្ដេជ្ញាចិត្តផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងចូលរួមចំណែកក្នុងការ អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា។
សាខាថ្មីនេះត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់លើការបង្កើតបរិយាកាសសិក្សាទំនើប បំផុសគំនិត និងផ្ដោតលើសិស្សជាចម្បង ដោយបំពាក់ដោយបច្ចេកវិទ្យាអប់រំទំនើបបំផុត សម្ភារបរិក្ខារទំនើប និងបន្ទប់សិក្សាដែលបានរចនាឡើងជាពិសេស ដើម្បីគាំទ្រដល់ភាពលេចធ្លោក្នុងការសិក្សា និងការអភិវឌ្ឍសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ។
សាលាអន្តរជាតិ ប៊ើខឺលី មានមោទនភាពក្នុងការផ្តល់កម្មវិធីសិក្សាតាមប្រព័ន្ធ Cambridge ដែលទទួលបានអាជ្ញាបណ្ណពេញលេញ ចាប់ពីកម្រិត Early Years រហូតដល់ AS & A Level ចាប់ពីវ័យកុមារតូច ដល់កម្រិតមធ្យមមសិក្សា។ តាមរយៈកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិនេះ សិស្សានុសិស្សត្រូវបានរៀបចំឱ្យមានចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យ និងឱកាសអប់រំបន្ថែមនៅជុំវិញពិភពលោក។ ជាមួយគ្នានេះ សាលាក៏នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការរក្សាអត្តសញ្ញាណ វប្បធម៌ និងតម្លៃរបស់កម្ពុជា ដើម្បីឱ្យសិស្សមានទំនុកចិត្តក្នុងការចូលរួមក្នុងសង្គមសកល ខណៈពេលដែលពួកគេយល់ដឹង គោរព និងឱ្យតម្លៃចំពោះបេតិកភណ្ឌជាតិ។
សាលាអន្តរជាតិ ប៊ើខឹលី គឺជាស្ថាប័នមួយស្ថិតក្រោម ELT Education Group ដែលជាស្ថាប័នអប់រំមានបទពិសោធ តាំងពីឆ្នាំ១៩៩៤មក។ រយៈពេល ជាងបីទសវត្សរ៍មកនេះ ELT Education Group បានចូលរួមចំណែកយ៉ាងសកម្មក្នុង វិស័យអប់រំនៅកម្ពុជាតាមរយៈការផ្ដល់ឱកាសសិក្សាដល់សិស្សានុសិស្សជាច្រើនជំនាន់ និងគាំទ្រឱ្យសិស្សអភិវឌ្ឍ ចំណេះដឹង ជំនាញ និងទំនុកចិត្ត ដែលចាំបាច់សម្រាប់ការរស់នៅ និងទទួលបានជោគជ័យក្នុងពិភពលោកដែលកំពុង មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ដោយឈរលើមូលដ្ឋានដ៏រឹងមាំនេះសាលាអន្តរជាតិ បើខឹលីបានរីកចម្រើនយ៉ាងលឿនក្រោមចក្ខុវិស័យ ច្បាស់លាស់ ទិសដៅយុទ្ធសាស្ត្រ ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត ជា នាងអេង។
ក្នុងនាមជានាយិកាសាលាអន្តរជាតិ ប៊ើខឹលី លោកស្រីបណ្ឌិត ជា នាងអេង បានបញ្ជាក់ថា លោកស្រីមានបំណងជំរុញឱ្យសាលាអន្តរជាតិ ប៊ើខេលី ក្លាយជាថ្នាលបណ្តុះបណ្តាលយុវជន ដែលអាចគិតដោយឯករាជ្យ មានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង ដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត គោរពអ្នកដទៃ និងអាចចូលរួមចំណែកជាវិជ្ជមានដល់សង្គមជាតិ។ នេះគឺជាការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ក្នុងការបង្កើតពលរដ្ឋល្អ ដែលមានសមត្ថភាពពេញលេញសម្រាប់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអប់អរសាទរ ចំពោះការពង្រីកសាខាថ្មីបន្ថែមទៀតនៅជ្រោយចង្វារ ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាពនៃការអប់រំប្រកបដោយគុណភាព និងនាំយកកម្មវិធីសិក្សាស្តង់ដារអន្តរជាតិមកកម្ពុជា។
បច្ចុប្បន្ន សាលាអន្តរជាតិ ប៊ើខឺលី បានពង្រីកវត្តមានរបស់ខ្លួនដល់ ៣សាខា នៅទូទាំងរាជធានីភ្នំពេញ ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ឱកាសសិក្សាប្រកបដោយគុណភាពដល់សហគមន៍ដែលមានភាពចម្រុះកាន់តែខ្លាំងឡើង។ សាលាជឿជាក់ថា សិស្សគ្រប់រូបសមនឹងទទួលបានបរិយាកាសមួយដែលអាចឱ្យពួកគេ រៀនសូត្រ រីកចម្រើន ស្វែងយល់ពីសក្តានុពលរបស់ខ្លួន និងត្រៀមខ្លួនប្រកបដោយទំនុកចិត្តសម្រាប់អនាគត៕












