Xpeng បំបែកកំណត់ត្រាវិស័យ AI! កៀរគរទុនបានជាង ៩០០លានដុល្លារ រុញតម្លៃអាជីវកម្មរ៉ូបូតហក់ដល់ ៦,៣ ពាន់លានដុល្លារ
25-08-2026 11:57
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng បានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងវិស័យ AI របស់ប្រទេសចិន ដោយផ្នែករ៉ូបូតរបស់ខ្លួនប្រមូលបានថវិកាជាង ៩០០ លានដុល្លារ នៅក្នុងជុំកៀរគរទុនលើកដំបូង។ ជុំវិនិយោគនេះ ដឹកនាំដោយក្រុមហ៊ុន IDG Capital និងមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent និង Alibaba ដែលបានរុញច្រានឱ្យតម្លៃអាជីវកម្មរ៉ូបូតមួយនេះហក់ឡើងរហូតដល់ជាង ៦,៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងត្រូវយកទៅប្រើប្រាស់លើការអភិវឌ្ឍផ្នែក Hardware, Software, បង្វឹកម៉ូឌែល AI, ប្រមូលទិន្នន័យគុណភាពខ្ពស់ ព្រមទាំងសាងសង់រោងចក្រផលិតទ្រង់ទ្រាយធំ និងពង្រីកទីផ្សារទៅកាន់ពិភពលោក។ Xpeng គ្រោងផលិតរ៉ូបូតរូបរាងដូចមនុស្សឈ្មោះ «IRON» ឱ្យបាន ១,០០០ គ្រឿងក្នុងមួយខែ នៅត្រឹមចុងឆ្នាំនេះ សម្រាប់ដាក់ឱ្យប្រើប្រាស់ដំបូងក្នុងហាង និងរោងចក្ររបស់ខ្លួន មុននឹងឈានទៅដល់ការលក់ និងប្រគល់ជូនពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០២៧។
នាយកប្រតិបត្តិ (CEO) លោក He Xiaopeng បានប្រកាសថាលោកនឹងដឹកនាំផ្នែករ៉ូបូតនេះដោយផ្ទាល់ ខណៈក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យរ៉ូបូត ព្រោះវាមានចំណុចស្រដៀងគ្នាច្រើនទៅនឹងការអភិវឌ្ឍរថយន្តឆ្លាតវៃ រួមមានបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញា (Sensor), ផ្នែក software, អាគុយ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។
គូសបញ្ជាក់ថា ការកៀរគរទុនជាង ៩០០លានដុល្លារនាពេលនេះ បានបំបែកកំណត់ត្រាចាស់កាលពីខែមេសា របស់ក្រុមហ៊ុន TARS Robotics ដែលកាលនោះកៀរគរទុនបានជាង ៤៥៥លានដុល្លារ ដោយធ្វើឱ្យ Xpeng ក្លាយជាក្រុមហ៊ុនទទួលបានការវិនិយោគឯកជនទោលធំបំផុត ក្នុងវិស័យ embodied AI របស់ចិន៕












