បារាំង មានបំណងចាប់ដៃគូជាមួយអាល្លឺម៉ង់ ធ្វើម្ចាស់ផ្ទះ World Cup 2038 រួមគ្នា

25-08-2026 14:17

(ប៉ារីស)៖ ប្រទេសបារាំង បានបើកចំហរក្នុងការចូលរួមដេញថ្លៃជាមួយអាល្លឺម៉ង់ ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup រួចគ្នានៅឆ្នាំ២០៣៨។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Goal។

លោកស្រី Marina Ferrari រដ្ឋមន្រ្តីកីឡាបារាំងបានថ្លែងស្វាគមន៍វត្តមានអាល្លឺម៉ង់ ដើម្បីសហការធ្វើម្ចាស់ផ្ទះនៃកម្មវិធីកម្រិតពិភពលោកនៅប៉ុន្មានឆ្នាំខាងមុខទៀត។

លោកស្រីបានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍នៃកម្មវិធី Sud Radio ក្នុងករណីដែលអាចទៅរួចរវាងបារាំង និងអាល្លឺម៉ង់ ដ្បិតពុំទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងក៏ដោយ។

បើយោងតាមការចេញផ្សាយដោយ RMC បានដកស្រង់សំដី Ferrari ថា «ករណីនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ រវាងបេក្ខភាពទាំងពីរនេះ ហើយគិតមកទល់ពេលនេះ ក៏មិនទាន់បានប្រឹក្សាគ្នានៅឡើយ»

នៅចាំបានថា បារាំងធ្លាប់បានធ្វើម្ចាស់ផ្ទះ World Cup ១លើកនៅឆ្នាំ១៩៩៨ ដែលពេលដែលខ្លួនដណ្តើមបានជើងឯកទៀតផង នៅពេលអាល្លឺម៉ង់បានធ្វើម្ចាស់ផ្ទះ World Cup លើកចុងក្រោយកាលឆ្នាំ២០០៦ ជាពេលដែលអ៉ីតាលីដណ្តើមបានជើងឯកគម្រប់លើកទី៤ របស់ពួកគេ ក្រោយយកឈ្នះបារាំងដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

ប្រសិនបើបានសម្រេចពិតមែននោះមានន័យថា បារាំង និងអាល្លឺម៉ង់ ត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2030 តពីអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នៅពេលអារ៉ាប៊ីសាអូឌីត ធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០៣៤៕