CPL រុញការទស្សនាបែបឌីជីថល ដើម្បីពង្រីកការគាំទ្រ ទាំងក្នុង និងក្រៅប្រទេស
25-08-2026 16:47
(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានបោះជំហានថ្មីមួយទៀត ឆ្លើយតបនឹងយុគសម័យឌីជីថល ដោយបានដាក់ឲ្យប្រើប្រាស់កម្មវិធីទស្សនាការផ្សាយផ្ទាល់ការប្រកួតលីគកំពូលកម្ពុជា ដើម្បីពង្រីកការគាំទ្រ និង បង្កើនភាពងាយស្រួលដល់អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅប្រទេស ស្របពេលលីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២៦/២៧ នឹងចាប់ផ្ដើមការប្រកួតនាដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
កាលពីខែកក្កដាកន្លងទៅ CPL បានដាក់ឲ្យប្រើប្រាស់ CPL.+ App ដែលជាកម្មវិធីផ្លូវការ សម្រាប់ផ្សាយផ្ទាល់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ហើយកម្មវិធីក៏មានវត្តមាននៅលើ App Store និង Play Store ផងដែរ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រព័ន្ធ IOS និង Android អាចទាញយក និងប្រើប្រាស់បានដោយងាយស្រួល។ នេះគឺជាជំហានថ្មីមួយទៀតរបស់ CPL ក្នុងការពង្រីកការចូលរួមរបស់អ្នកគាំទ្រ និងនាំយកបាល់ទាត់កម្ពុជា ឲ្យកាន់តែខិតជិតអ្នកគាំទ្រ ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈវេទិកាឌីជីថលមួយនេះ។
លោក Peter Koo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានគូសបញ្ជាក់ថា «CPL+ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសដែលមានស្ថិរភាពកាន់តែប្រសើរដល់អ្នកគាំទ្រ ក្នុងការទស្សនាការប្រកួត និងចូលប្រើប្រាស់មាតិកាពាក់ព័ន្ធនឹង CPL តាមរយៈវេទិកាឌីជីថលផ្លូវការរបស់យើង»។
សម្រាប់ការទស្សនាការប្រកួតតាមរយៈ CPL+ អ្នកទស្សនាអាចជ្រើសរើសបាន ៣ប្រភេទ ដែលរៀបចំឡើងឲ្យ សមស្របទៅតាមតម្រូវការ និងភាពញឹកញាប់នៃការទស្សនារបស់អ្នកគាំទ្រ ក្នុងនោះរួមមាន៖
ទី១៖ ប្រភេទ Match Pass ដែលអនុញ្ញាតឲ្យអ្នកគាំទ្រទស្សនាការប្រកួតមួយ ក្នុងតម្លៃត្រឹមតែ ១,០០០រៀល។ កញ្ចប់នេះ ស័ក្តិសមសម្រាប់អ្នកដែលចង់ទស្សនាការប្រកួតជាក់លាក់តែមួយ ដោយមិនចាំបាច់ជាវកញ្ចប់រយៈពេលវែង។
ទី២៖ ប្រភេទ Quarterly Pass គឺផ្តល់សិទ្ធិចូលទស្សនាការប្រកួតរយៈពេល ៣ខែ ក្នុងតម្លៃ ៣៦,០០០រៀល។ កញ្ចប់នេះស័ក្តិសមសម្រាប់អ្នកដែលចង់តាមដានការប្រកួត និងមាតិកា CPL.+ ជាប្រចាំក្នុងរយៈពេល ៣ខែ។
ទី៣៖ ប្រភេទ Season Pass សម្រាប់អ្នកដែលចង់តាមដានការប្រកួតពេញមួយរដូវកាល តាមរយៈការផ្តល់សិទ្ធិចូលប្រើប្រាស់ពេញមួយរដូវកាល ក្នុងតម្លៃ ១០០,០០០រៀល។ កញ្ចប់នេះ គឺជាជម្រើសល្អបំផុត សម្រាប់អ្នកគាំទ្រដែលចង់បន្តតាមដានការប្រកួត និងដំណើររបស់ក្រុមដែលខ្លួនស្រឡាញ់ពេញ ១រដូវកាល។
ជាមួយនឹងកញ្ចប់សេវាដែលមានតម្លៃសមរម្យ និងជម្រើសផ្សេងៗគ្នា CPL+ ត្រូវបានរំពឹងថា នឹងផ្តល់ភាពងាយស្រួល កាន់តែច្រើនដល់អ្នកគាំទ្រ ក្នុងការតាមដានការប្រកួតរបស់ក្រុមដែលខ្លួនស្រឡាញ់ និងគាំទ្រ មិនថានៅរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ឬនៅក្រៅប្រទេស៕









