ប្រយ័ត្ន! តុលាការរកឃើញថា វេបសាយស្វែងរកគូស្នេហ៍ eHarmony លួចកាត់លុយអតិថិជនរាប់រយដុល្លារ
26-08-2026 09:08
(បរទេស)៖ តុលាការសហព័ន្ធអូស្ត្រាលី បានសម្រេចថា ក្រុមហ៊ុនស្វែងរកគូស្នេហ៍អនឡាញ eHarmony បានប្រព្រឹត្តអំពើបោកប្រាស់ និងភូតភូមហាជនជុំវិញតម្លៃសេវាកម្ម និងការលួចកាត់ប្រាក់បន្តស្វ័យប្រវត្តិ (Automatic Renewal) ដោយគ្មានការយល់ព្រមច្បាស់លាស់។
ការសម្រេចក្តីនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានដាក់ពាក្យប្តឹងក្រុមហ៊ុន eHarmony ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្រោយទទួលបានបណ្តឹងរាប់រយករណីពីអតិថិជន ដែលត្រូវបានកាត់លុយរាប់រយដុល្លារពីកាតធនាគារដោយមិនបានដឹងខ្លួន ឬត្រូវបានខកចិត្តដោយសារព័ត៌មានមិនច្បាស់លាស់។ យោងតាម ACCC ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកមួយនេះ បានល្មើសច្បាប់អ្នកប្រើប្រាស់លើចំណុចសំខាន់ៗដូចជា៖ភូតភូថាប្រើ «ឥតគិតថ្លៃ» ដោយផ្សព្វផ្សាយថាបង្កើតគណនីមិនអស់លុយ តែមិនអាចផ្ញើសារទាក់ទងគ្នាបានឡើយ លុះត្រាតែបង់ប្រាក់។ អន្ទាក់កាត់លុយស្វ័យប្រវត្តិ បានន័យថានៅពេលផុតកំណត់កញ្ចប់សេវា ប្រព័ន្ធបានលួចកាត់ប្រាក់បន្តដោយស្វ័យប្រវត្តិក្នុងតម្លៃពេញ ដោយមិនបានជូនដំណឹងមុន។ លាក់បាំងតម្លៃពិត ពោលគឺ បង្ហាញតែតម្លៃប្រចាំខែ ប៉ុន្តែតម្រូវឱ្យចុះឈ្មោះយ៉ាងតិច ៦ខែ និងមានលាក់កម្រៃសេវផ្សេងៗ។
លោក Luke Woodward សមាជិកគណៈកម្មាធិការ ACCC បានថ្លែងថា «វេបសាយស្វែងរកគូស្នេហ៍គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតសង្គមរបស់ប្រជាជនអូស្ត្រាលី។ ការសម្រេចចិត្តនេះបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថល ត្រូវតែមានតម្លាភាពក្នុងការដកប្រាក់ជាវសេវាកម្ម ហើយការលាក់បាំងការពិតតាមរយៈលក្ខខណ្ឌស្មុគស្មាញ ឬអក្សរតូចៗនៅលើអេក្រង់ គឺជាអំពើខុសច្បាប់»។
គួរជម្រាបថា ជុំវិញករណីខាងលើ មានជនរងគ្រោះខ្លះត្រូវ eHarmony កាត់លុយអស់រហូតដល់ជិត ៤៨០ ដុល្លារអាមេរិក ថែមទាំងបញ្ជូនឈ្មោះទៅភ្នាក់ងារទារបំណុល ពេលពួកគេបង្កកកាតធនាគារ។ បច្ចុប្បន្ន តុលាការកំពុងរៀបចំប្រកាសទោសទណ្ឌ និងប្រាក់ពិន័យលើក្រុមហ៊ុននេះនៅពេលបន្តបន្ទាប់៕










