Xiaomi បញ្ចេញបន្ទះឈីបផ្ទាល់ខ្លួន O3 និងចាប់ដៃគូជាមួយ TSMC ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារក្រៅ

26-08-2026 10:02

(បរទេស)៖ ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនយក្សរបស់ចិន Xiaomi បានប្រកាសប្រព័ន្ធដំណើរការ (SoC) ផ្ទាល់ខ្លួនជាន់ថ្មី Xring O3 ក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់ខាងក្រៅ។ យោងតាមប្រភពព័ត៌មានដែលស្និទ្ធនឹងរឿងនេះ បានឱ្យដឹងថា ក្រុមហ៊ុន TSMC នឹងទទួលខុសត្រូវលើការផលិតបន្ទះឈីបថ្មីនេះ ដោយប្រើប្រាស់បច្ចេកវិទ្យាកម្រិត ៣ ណាណូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបោះជំហាននេះ បានធ្វើឱ្យ Xiaomi ក្លាយជាគូប្រជែងធំមួយទៀតប្រជែងជាមួយ Apple, Samsung និង Huawei ក្នុងការផលិតបន្ទះឈីបដោយខ្លួនឯង។ យ៉ាងណា ក្រុមហ៊ុន Xiaomi និង TSMC មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើក្រុមហ៊ុនផលិតបន្ទះឈីប បច្ចេកវិទ្យាផលិត ឬគោលដៅនៃការដឹកជញ្ជូននៅឡើយទេ។

ការខិតខំប្រឹងប្រែងផលិតបន្ទះឈីបដោយខ្លួនឯងនេះ បានឆ្លុះបញ្ចាំងពីទិន្នន័យរួមនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលក្រុមហ៊ុនផលិតឧបករណ៍នានា ព្យាយាមបង្កើតភាពខុសប្លែកពីគេ និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់ដូចជា Qualcomm និង MediaTek។ Xiaomi បានចាប់ផ្តើមគម្រោងនេះឡើងវិញតាំងពីឆ្នាំ ២០២១ ដោយគ្រោងវិនិយោគយ៉ាងហោចណាស់ ៥០ ពាន់លានយ័ន (ប្រហែល ៧ ពាន់លានដុល្លារ) ក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងនោះ បន្ទះឈីបជំនាន់មុន Xring O1 ដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០២៥ បានបំពាក់លើឧបករណ៍ស្មាតហ្វូន ថេប្លេត និងនាឡិកា សរុបកើនលើស ១ លានគ្រឿងរួចមកហើយ។

បន្ថែមពីលើបន្ទះឈីបស្មាតហ្វូន ប្រភពព័ត៌មានដដែលបានឱ្យដឹងថា Xiaomi ក៏បានជួលក្រុមហ៊ុន TSMC ឱ្យផលិតបន្ទះឈីប Xring ចំនួនពីរផ្សេងទៀត រួមមាន Xring O100 (ទំហំ ៦ ណាណូម៉ែត្រ) សម្រាប់ទ្រទ្រង់ម៉ូដែលភាសាធំ MiMo AI និង Xring D100 (ទំហំ ៣ ណាណូម៉ែត្រ) សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ។ រហូតមកដល់ពេលនេះ Xiaomi បានចំណាយថវិកាជាង ២០ ពាន់លានយ័ន (ប្រហែល ៣ ពាន់លានដុល្លារ) លើការអភិវឌ្ឍបន្ទះឈីប Xring ហើយបានពង្រីកក្រុមការងាររចនាផលិតផលពាក់កណ្តាលសម្រេច (Semiconductor Design) រហូតដល់ជាង ៣,០០០ នាក់។

គួរជម្រាបថា ការវិនិយោគដ៏ធំនេះ កើតឡើងចំពេលដែលឧស្សាហកម្មស្មាតហ្វូនសកលកំពុងប្រឈមនឹងការប្រែប្រួល។ យោងតាមទិន្នន័យពី Visible Alpha ដោយ S&P Global និងក្រុមហ៊ុន IDC ការកើនឡើងនៃថ្លៃដើមអង្គចងចាំ បានជំរុញឱ្យតម្លៃទូរស័ព្ទហក់ឡើង និងប៉ះពាល់ដល់តម្រូវការទីផ្សារ ដែលអាចធ្វើឱ្យការដឹកជញ្ជូនស្មាតហ្វូនជាសកលថយចុះ ១៤ភាគរយ ក្នុងឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ Xiaomi នៅតែបន្តពង្រីកខ្លួនយ៉ាងរឹងមាំ ដោយលក់ស្មាតហ្វូនបាន ៦៥ លានគ្រឿងក្នុងឆមាសទី១ ព្រមទាំងពង្រីកទៅទីផ្សារទូរស័ព្ទបត់ និងវិស័យយានយន្តអគ្គិសនី (ប្រគល់រថយន្តបានជាង ១០ ម៉ឺនគ្រឿងក្នុងត្រីមាសទី២) ដែលបង្កើនការប្រកួតប្រជែងកាន់តែស្រួចស្រាវជាមួយគូប្រជែងខ្លាំងៗដូចជា Huawei៕