អូស្ត្រាលីបិទផ្លូវចម្រៀង AI មិនឱ្យឡើងតារាងចម្រៀងល្បីៗ
26-08-2026 11:08
(បរទេស)៖ សមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានប្រកាសនៅសប្តាហ៍នេះថា បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាំងស្រុង នឹងត្រូវហាមឃាត់មិនឱ្យចូលក្នុងតារាងចម្រៀងល្បីៗ (ARIA Charts) នៅក្នុងប្រទេសអូស្ត្រាលីឡើយ។ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីមានទំនាស់ និងការដេញដោលយ៉ាងក្តៅគគុកជុំវិញបទចម្រៀង Cover មួយបទរបស់តារាចម្រៀងល្បីឈ្មោះ Madonna ដែលរងការចោទប្រកាន់ថាបានប្រើប្រាស់ AI ផលិតទាំងស្រុង។
ស្ថាប័ន ARIA បានបញ្ជាក់ថា ចាប់ពីសប្តាហ៍នេះតទៅ បទចម្រៀងដែលផលិតដោយ AI ទាំងស្រុង (Wholly AI-generated) នឹងមិនមានសិទ្ធិទទួលបានចំណាត់ថ្នាក់ក្នុងតារាង ARIA Charts ទៀតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បទចម្រៀងដែលប្រើប្រាស់ AI ត្រឹមជា «ឧបករណ៍ជំនួយ» (AI-assisted) នៅតែអាចរាប់បញ្ចូលបាន លុះត្រាតែបទនោះ «បង្កើតឡើងដោយស្នាដៃមនុស្សជាចម្បង» (Substantially human-made) និងមិនមានការក្លែងបន្លំចំនួនទិន្នន័យនៃការស្តាប់ (Streaming manipulation) នោះទេ។
ការផ្លាស់ប្តូរវិធានការផ្លូវច្បាប់ និងបទដ្ឋាននេះ បានកើតឡើងបន្ទាប់ពីលោក Josh Fawaz ដែលជា DJ មួយរូបនៅរដ្ឋ Queensland បានយកបទចម្រៀងល្បីកាលពីឆ្នាំ១៩៨៩ របស់តារាចម្រៀង Madonna គឺបទ «Like a Prayer» មកធ្វើជាបទ Cover ឡើងវិញ។ បទនេះបានផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយបានក្លាយជាបទចម្រៀងដែលត្រូវគេចាក់ផ្សាយច្រើនបំផុតលើវិទ្យុអូស្ត្រាលី និងបានឡើងដល់ចំណាត់ថ្នាក់កំពូលៗក្នុងតារាង ARIA Charts ព្រមទាំងមានការស្តាប់រាប់សិបលានដងលើបណ្តាញអ៊ីនធឺណិត។ ទោះជាយ៉ាងណា ផលិតករតន្ត្រីជាច្រើនបានរះគន់ និងចោទប្រកាន់ថា បទ Cover នោះត្រូវ បានបង្កើតឡើងទាំងស្រុងដោយប្រើប្រាស់កម្មវិធី Generative AI (ដូចជា Suno) ដោយមិនបានបញ្ជាក់ប្រាប់សាធារណជនឱ្យបានច្បាស់លាស់ពីដំបូងឡើយ។
ឆ្លើយតបនឹងការរះគន់ លោក Josh Fawaz បានបញ្ជាក់នៅលើបណ្តាញសង្គម Instagram ថា លោកគ្រាន់តែប្រើប្រាស់ AI ជាឧបករណ៍ជំនួយមួយប៉ុណ្ណោះ ហើយរូបលោកបានប្រឡូកក្នុងវិស័យតន្ត្រីនេះជាយូរមកហើយ ដោយគោលបំណងធំបំផុតគឺការផ្តល់ជូនតន្ត្រីដ៏ពីរោះដល់អ្នកស្តាប់។
គួរជម្រាបថា ដើម្បីបែងចែកឱ្យច្បាស់រវាងបទចម្រៀងដែលផលិតដោយ AI ទាំងស្រុង និងបទចម្រៀងដែលប្រើ AI ត្រឹមជាជំនួយ ស្ថាប័ន ARIA នឹងអនុវត្តតាមស្តង់ដារកំណត់អត្តសញ្ញាណដែលត្រូវបានយល់ព្រមដោយសហគមន៍តន្ត្រីសកល (IFPI) កាលពីខែកក្កដា កន្លងទៅ។ បច្ចុប្បន្ន ក្រុមហ៊ុនថតសំឡេងធំៗលើពិភពលោកកំពុងប្រញាប់ប្រញាល់ស្វែងរកកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណថ្មីៗ ដើម្បីការពារសិទ្ធិអ្នកនិពន្ធ និងស្នាដៃដើមរបស់ពួកគេ ខណៈដែលបទចម្រៀងបង្កើតដោយ AI កំពុងកើនឡើងយ៉ាងរហ័ស ហើយអ្នកស្តាប់កាន់តែលំបាកក្នុងការបែងចែករវាងស្នាដៃនិពន្ធដោយមនុស្សពិត និងស្នាដៃបង្កើតដោយម៉ាស៊ីន៕








