ស្ថាបត្យករខ្មែរជំនាន់ថ្មីជាង ៦០០នាក់ ចូលរួមប្រកួតប្រជែងស្នាដៃរចនាថ្មី បង្ហាញពីអនាគតនៃវិស័យកីឡាជិះសេះនៅកម្ពុជា

26-08-2026 12:46

(ភ្នំពេញ)៖ ការប្រកួតរចនាស្ថាបត្យកម្ម «Heritage Through Equestrian Design Architecture Competition» ដែលបានផ្ដួចផ្ដើមគំនិតរៀបចំដោយ ក្រុមហ៊ុន ជីប ម៉ុង និង LAY GREEN ក្រោមការសហការជាមួយសមាគមស្ថាបត្យករខ្មែរ បានចាប់ផ្តើមជាផ្លូវការ តាមរយៈកម្មវិធីតម្រង់ទិស ដើម្បីឱ្យអ្នកចូលរួមស្វែងយល់ពីគោលគំនិត លក្ខខណ្ឌ និងទិសដៅនៃការរចនា Cambodian Equestrian & Country Club (CECC)។

ក្នុងនាមជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃ CECC លោកស្រី ស៊ុន សីមូនី បានបង្ហាញថា CECC មិនត្រឹមតែជាទីតាំងសម្រាប់ហ្វឹកហាត់ និងប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់អភិវឌ្ឍកីឡាករ គ្រូបង្វឹក មន្ត្រីបច្ចេកទេស អ្នកថែទាំសេះ និងអ្នកជំនាញផ្សេងៗ ដើម្បីជំរុញវិស័យកីឡាជិះសេះនៅកម្ពុជា។ ទន្ទឹមនឹងនេះ CECC ក៏មានទម្រង់ជា «Country Club» ដែលបើកទូលាយសម្រាប់ក្រុមគ្រួសារ និងសាធារណជនមកសម្រាកកម្សាន្ត និងស្វែងយល់ពីកីឡាជិះសេះ ដើម្បីឱ្យកីឡាមួយនេះ ត្រូវបានស្គាល់កាន់តែទូលំទូលាយនៅកម្ពុជា។

តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រ ក្នុងដំណើរការប្រកួតទាំងមូល ជីប ម៉ុង និង​ LAY GREEN បានបង្កើតឱកាសដ៏ពិសេសមួយដល់ស្ថាបត្យករជំនាន់ថ្មី ក្នុងការរំលេចពីវប្បធម៌អរិយធម៌ខ្មែរ លើសំណង់បែបទំនើបនាពេលអនាគត។ ជាក់ស្តែងការប្រកួតនេះផ្ទាល់ ទទួលបានការចុះឈ្មោះជាង ២០០ក្រុម និងអ្នកចូលរួមជាង ៦០០នាក់ ដែលនឹងត្រូវប្រកួតប្រជែងសមត្ថភាព រចនាស្ថាបត្យកម្មដ៏ទំនើបមួយ ដែលអាចជំរុញវិស័យកីឡាជិះសេះកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ថា បេក្ខជនគ្រប់រូបនឹងចាប់ផ្តើមអភិវឌ្ឍប្លង់របស់ខ្លួនចាប់ពីពេលនេះតទៅ ដើម្បីត្រៀមឆ្លងកាត់ការវាយតម្លៃជាបន្តបន្ទាប់ ជម្រុះរហូតដល់ Top 10 មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភី Top 3 នៃការប្រកួត។ លើសពីឱកាសបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិត បេក្ខជនក៏មានឱកាសប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់សរុប ១១,០០០ដុល្លារអាមេរិក ដែលរួមមានជ័យលាភីលេខ១ ទទួលបាន ៥,០០០ ដុល្លារអាមេរិក, ជ័យលាភីលេខ២ ទទួលបាន ៣,០០០ដុល្លារអាមេរិក, ជ័យលាភីលេខ៣ ទទួលបាន ២,០០០ដុល្លារអាមេរិក និងរង្វាន់ប្រជាប្រិយភាព ១,០០០ ដុល្លារអាមេរិក សម្រាប់ស្នាដៃដែលលេចធ្លោ និងទទួលបានការគាំទ្រច្រើនជាងគេពីមហាជន៕