ធនាគារ KB Kookmin គាំទ្រការវះកាត់បេះដូងដល់កុមារកម្ពុជា

26-08-2026 16:06

(ភ្នំពេញ)៖ ធនាគារ KB Kookmin Bank ដែលជាភាគទុនិករបស់ធនាគារ ខេប៊ីប្រាសាក់ បានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា ថា ធនាគារបានអញ្ជើញកុមារកម្ពុជាចំនួន ៦នាក់ដែលមានជំងឺបេះដូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការវះកាត់បេះដូងដោយឥតគិតថ្លៃ ព្រមទាំងការថែទាំ និងព្យាបាលក្រោយការវះកាត់។

កាលពីថ្ងៃទី២៤ ខែសីហា លោក Hwan Ju Lee ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បានអញ្ជើញទៅសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទានៅមន្ទីរពេទ្យ Sejong General Hospital ក្នុងទីក្រុង Bucheon ខេត្ត Gyeonggi ដោយមានការចូលរួមពីលោក Chanjin Lee ទេសាភិបាលនៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (Financial Supervisory Service - FSS) លោក Byung-Yoon Kim មេបញ្ជាការតំបន់នៃកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army Korea Territory) និងកញ្ញា Jia Shin អត្តពលិកជាតិកីឡាស្គីទឹកកក ដែលទទួលបានការឧបត្ថម្ភពី KB Financial Group។

ចាប់តាំងពីឆ្នាំ២០១២មក ធនាគារ KB Kookmin Bank បានអនុវត្ត «គម្រោងគាំទ្រកុមារកម្ពុជាដែលមានជំងឺបេះដូង» ដែលជាគំនិតផ្តួចផ្តើមក្នុងការរួមចំណែកដល់សង្គម ដោយសហការជាមួយសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) និងកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army)។ រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានគាំទ្រការវះកាត់សង្គ្រោះជីវិតដល់កុមារចំនួន ១១៣នាក់។

នៅឆ្នាំ២០១៤ ធនាគារ KB Kookmin Bank បានបង្កើត «មជ្ឈមណ្ឌលវេជ្ជសាស្ត្របេះដូង KB Kookmin Bank Hebron» នៅក្នុងប្រទេសកម្ពុជា។

ជាពិសេសនៅឆ្នាំនេះ ធនាគារបានប្រារព្ធខួបលើកទី 15 នៃកម្មវិធីនេះ ដោយបានបង្ហាញវីដេអូមួយដែលបង្ហាញពីការរីកចម្រើន និងការលូតលាស់របស់កុមារដែលធ្លាប់ទទួលបានការគាំទ្រការវះកាត់ពីកម្មវិធីនេះកាលពីមុន។

តំណាងធនាគារ KB Kookmin Bank បានមានប្រសាសន៍ថា៖ «យើងនឹងបន្តអនុវត្តគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការរួមចំណែកដល់សង្គមដោយស្មោះស្ម័គ្រ ដើម្បីឱ្យកុមារដែលពុំមានលទ្ធភាពទទួលបានសេវាថែទាំសុខភាព អាចចម្រើនវ័យលូតលាស់ប្រកបដោយសុខភាពល្អ»

សូមជម្រាបជូនផងដែរថា KB Kookmin Bank គឺជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ, ជាសមាជិកនៃក្រុមហិរញ្ញវត្ថុដ៏ធំបំផុតគឺ KB Financial Group, ដែលមានមូលដ្ឋានអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថល ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈខុសប្លែកពីគូរប្រជែង ដែលត្រូវបានបង្កើតឡើងដោយចំណេះដឹងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន៕

*ស្វែងយល់បន្ថែមតាមរយៈ www.kbfg.com