ក្រុមហ៊ុន Apple កំណត់យកថ្ងៃទី៩ ខែកញ្ញា សម្រាប់ព្រឹត្តិការណ៍សម្ពោធ iPhone ជំនាន់ថ្មី

27-08-2026 09:33

(កាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលធំបន្ទាប់របស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ដែលត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងមានការប្រកាសចេញនូវស្រឡាយទូរស័ព្ទ iPhone ជំនាន់ថ្មី ព្រមទាំងទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនផងដែរ។ នេះបើយោងតាមការប្រកាសលើបណ្តាញសង្គម X ដោយលោក Greg Joswiak នាយកប្រតិបត្តិជាន់ខ្ពស់របស់ Apple កាលពីថ្ងៃពុធ ទី២៦ ខែសីហា។

ព្រឹត្តិការណ៍ក្រោមពាក្យស្លោក «Surprise and shine» នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាលើកដំបូងបង្អស់ក្រោមការដឹកនាំរបស់លោក John Ternus ក្នុងនាមជានាយកប្រតិបត្តិ (CEO) ថ្មីរបស់ Apple បន្ទាប់ពីរូបលោកត្រូវទទួលតំណែងផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ជំនួសលោក Tim Cook ដែលនឹងផ្លាស់ទៅកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ (Executive Chairman)។ ការបង្ហាញខ្លួននៃ iPhone អេក្រង់បត់ដំបូង ត្រូវបានអ្នកវិភាគមើលឃើញថា ជាបត់បែនប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ Apple ក្នុងការដណ្តើមទីផ្សារទូរស័ព្ទបត់ពីដៃគូប្រកួតប្រជែងដូចជា Samsung Electronics ជាដើម។ ឧបករណ៍កម្រិតខ្ពស់នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកាតាលីករជួយរុញច្រានតម្លៃលក់មធ្យម និងបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុនឱ្យកាន់តែខ្ពស់។ ផ្អែកតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ IDC បានព្យាករណ៍ថា ការនាំចេញទូរស័ព្ទឆ្លាតវៃអេក្រង់បត់នៅទូទាំងពិភពលោកនឹងកើនឡើង ១២.៦% នៅឆ្នាំនេះ ហើយ Apple អាចនឹងចាត់ចែងការដឹកជញ្ជូន iPhone អេក្រង់បត់បានរហូតដល់ជាង ១៧ លានគ្រឿងនៅត្រឹមឆ្នាំ២០២៧។

ព្រឹត្តិការណ៍សម្ពោធនេះ ធ្វើឡើងចំពេលដែលឧស្សាហកម្មបច្ចេកវិទ្យាកំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់ ដូចជា Memory Chips និង Storage Chips ជាដើម។ កាលពីខែកក្កដាកន្លងទៅ Apple ក៏បានព្រមានអំពីបញ្ហាកង្វះខាតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលនៅតែបន្តជះឥទ្ធិពលដល់ការលក់ផងដែរ។ យ៉ាងណាមិញ ព្រឹត្តិការណ៍នាថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ មិនត្រឹមតែជាការបង្ហាញបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាកល្បងសមត្ថភាពដឹកនាំដំបូងរបស់ CEO ថ្មី លោក John Ternus ក្នុងការរក្សាកំណើន និងជំរុញការច្នៃប្រឌិតថ្មីៗសម្រាប់ Apple ផងដែរ៕