គោព្រៃជំទង់កម្ពុជា បង្ហាញកីឡាករ ២៣នាក់ចុងក្រោយ ត្រៀមប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រពាន U20 អាស៊ី ខណៈជប៉ុន ជាឧបសគ្គធំជាងគេ

27-08-2026 11:52

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសមាសភាពកីឡាករ ២៣នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា រួចរាល់ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U20 Asian Cup China) ឆ្នាំ២០២៧ ពូលG ដែលនឹងធ្វើឡើងពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

នេះជាភារកិច្ចដ៏សំខាន់ ក្នុងនាមម្ចាស់ផ្ទះ សម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ដោយត្រូវធ្វើការងារធ្ងន់ ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៧ នៅសាធារណៈរដ្ឋប្រជាមានិតចិន ដ្បិតត្រូវប្រឈមគូប្រជែងខ្លាំងៗក្នុងពូល ជាពិសេសក្រុមសាំម៉ូរ៉ៃ U20 ជប៉ុន គឺជាឧបសគ្គធំជាងគេ ក្នុងចំណោមបេក្ខភាព ៣ក្រុម ដែលជាគូប្រជែងរបស់ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា ខណៈ ២ក្រុមទៀត គឺមានក្រុមជម្រើសជាតិ U20 យេម៉ែន និងកូវ៉ែត។

ក្រឡេកមកចាប់អារម្មណ៍កីឡាករ ២៣នាក់ ដែលជ្រើសរើស និងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Yasuhiro Yoshida វិញ ក្រោយធ្វើតេស្ដ ៣ដំណាក់កាលនេះ រួមមានសមាជិកមកពីសាលាបាល់ទាត់ជាតិបាទី ៧រូប មាន៖ កីឡាករ សៃ ណាងគីមវចនា, ខាត់ វាទកា, ម៉ាត់ ហក្វារីប, លឹម វឌ្ឍនា, សឿន សូលីដូ, សម្បត្តិ សំណាង និង សែត មហាម៉ាត់សឡេះ។ វិសាខា ៤រូប មាន៖ កីឡាករ ផាន វីរៈ, លី សុខគ្រីយ៉ា, វី ផានិត និង ស៊ាន ឧត្តម។ អង្គរថាយហ្គឺរ ៣រូប មាន៖ កីឡាករ ហា៊ន់ ទី, ស៊ូ មេងហុង និង អ៊ួង គឹមសួ និងកងយោធពលខេមរភូមិន្ទ ២រូប មាន៖ កីឡាករ ស្រេង សុខគាត និង ឆៃ ហោហុង។

ដោយឡែកសមាជិក ៧រូបផ្សេងទៀត ត្រូវបានជ្រើសរើសមកពី ៧ក្លិបផ្សេងគ្នា ក្នុងនោះមានកីឡាករ ប៉ូយ វីសា មកពីព្រះខ័នរាជស្វាយរៀង, ឡុង ដាវិត មកពីក្លិប ISI ដង្កោសែនជ័យ, ស៊ីថា ម៉េងជូ មកពីក្លិប អឹមអូអាយ កំពង់ដេវ៉ា, សាកាគីប៉ារ៉ា វីនការ៉ូ មកពីក្លិបភ្នំពេញក្រោន, អ៊ីតុ សេតុ មកពីក្លិបសៀមរាបយូណាយធីត, ស្រស់ រ៉ាយ៉ុត មកពីក្លិបគិរីវង់សុខសែនជ័យ និងខ្សែប្រយុទ្ធខ្មែរ-កាណាដា ឈឿន ដាវិន ដែលកំពុងប្រកបអាជីពជាមួយក្រុមយុវជនថ្នាលក្លិប York United FC ប្រទេសកាណាដា។

ចំពោះកម្មវិធីប្រកួតវគ្គជម្រុះពូលG ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះដែរ សម្រាប់ប្រកួតដំបូង ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុមយេម៉ែន មុនគេ នាថ្ងៃទី៣១ ខែសីហា មុនបន្ដជួបក្រុមខ្លាំង U20 ជប៉ុន នាថ្ងៃទី៣ ខែកញ្ញា និងចុងក្រោយ ត្រូវជួបក្រុមជម្រើសជាតិ U20 កូវ៉ែត នាថ្ងៃទី៦ ខែកញ្ញា ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាងឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC U20 Asian Cup China 2027 នៅប្រទេសចិន ខណៈក្រុមលេខ២ នឹងត្រូវចាំអ៊ុតលទ្ធផលផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ ក្នុងចំណោម ៨ពូល ដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេ ២ក្រុមឡើងទៅបង្គ្រប់កៅអី ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ២ឆ្នាំម្ដងនេះ៕