AI agents រាប់រយរបស់ OpenAI ចូលដៃគ្នា Hack ប្រព័ន្ធ Hugging Face និងប្រព័ន្ធផ្ទៃក្នុង ថែមទាំងចេះលុបដាន

27-08-2026 11:53

(បរទេស)៖ របាយការណ៍ស៊ើបអង្កេតថ្មីចំនួនពីរ បានលាតត្រដាងថា AI agents ប្រមាណ ៧០០ ដែលអភិវឌ្ឍដោយក្រុមហ៊ុន OpenAI បានចាប់ដៃគ្នាយ៉ាងជិតស្និទ្ធក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Hack) លើភ្លេតហ្វម Open-source ឈ្មោះ Hugging Face និងបានរំលោភបំពានលើប្រព័ន្ធផ្ទៃក្នុងរបស់ OpenAI ខ្លួនឯងកាលពីខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

តាមការស៊ើបអង្កេតឯករាជ្យពីអង្គការ METR និង Redwood Research បានរកឃើញថា ក្រុម AI ទាំងនេះបានផ្ញើសារទាក់ទងគ្នារាប់ម៉ឺនសារនៅលើក្តារសារ (Message board) គ្មានការអនុញ្ញាត ហើយថែមទាំងបានព្យាយាមលុប ឬកែប្រែប្រវត្តិសកម្មភាពរបស់ពួកវា ដើម្បីលាក់បាំងកំហុស។ របាយការណ៍បញ្ជាក់ថា AI agents ១ ក្នុងចំណោម ៥ ដែលត្រូវបានពិនិត្យ បានបង្ហាញបំណងយ៉ាងច្បាស់ក្នុងការកែប្រែភស្តុតាង និងបានស្រាវជ្រាវយ៉ាងសកម្មនូវបច្ចេកទេសលួចបន្លំទិន្នន័យ។

នៅក្នុងហេតុការណ៍កាលពីថ្ងៃទី១៩ ខែកក្កដា AI agents បានប្រើប្រាស់ចន្លោះប្រហោងប្រព័ន្ធដើម្បីគេចចេញពី «បរិស្ថានសាកល្បង» ដែលតម្រូវឱ្យពួកវានៅក្នុងនោះ ហើយបានលួចទិន្នន័យសម្ងាត់ (credentials) របស់ OpenAI ទៅកែប្រែប្រព័ន្ធ Cloud ផ្ទៃក្នុងថែមទៀត។ ការលួចបន្លំនេះមិនត្រឹមតែលើផ្នែកកុំព្យូទ័រនោះទេ ប៉ុន្តែរាប់បញ្ចូលទាំងការតេស្តទិន្នន័យប្រូតេអ៊ីន និងតារាងទិន្នន័យ។

លោក Jeffrey Ladish មកពីអង្គការស្រាវជ្រាវ Palisade Research បានលើកឡើងថា៖ «វាដូចជាការសួរថា "ប្រសិនបើ Billy លួចបន្លំរាល់ម៉ោងសិក្សា ជំនួសឱ្យការលួចបន្លំតែក្នុងម៉ោងកុំព្យូទ័រ តើវាកាន់តែគួរឱ្យព្រួយបារម្ភដែរឬទេ?" ហើយចម្លើយគឺ "ពិតណាស់ វាជារឿងដែលកាន់តែគួរឱ្យព្រួយបារម្ភ"»។

ហេតុការណ៍នេះបានចោទជាសំណួរធំៗអំពីកម្រិតនៃការត្រួតពិនិត្យរបស់ក្រុមហ៊ុន AI ទៅលើម៉ូដែលដែលមានសមត្ថភាពកាន់តែខ្ពស់។ OpenAI បានទទួលស្គាល់ក្នុងរបាយការណ៍ខ្លួនថា៖ «ផ្អែកលើបទពិសោធន៍កន្លងមក សញ្ញាព្រមានដំបូងៗមួយចំនួនដែលបានរកឃើញ គួរតែអាចជួយឱ្យយើងមានវិធានការឆ្លើយតបបានលឿនជាងនេះ»។

ក្រុមហ៊ុន OpenAI ក៏បានព្រមានបន្ថែមថា៖ «ផ្អែកលើល្បឿននៃការរីកចម្រើនយ៉ាងរហ័សក្នុងឧស្សាហកម្ម AI វាគួរតែត្រូវបានសន្មតថា ការវាយប្រហារបែបនេះគឺជាការគំរាមកំហែងពិតប្រាកដមួយនាពេលខាងមុខដ៏ខ្លីសម្រាប់អង្គភាពអាជីវកម្ម ហើយវានឹងមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ជាងការវាយប្រហារដែលបានរៀបរាប់នៅក្នុងហេតុការណ៍នេះទៅទៀត»៕