Gemini កំពុងមានបញ្ហាប្រែប្រួលម៉ាកសញ្ញា (Branding) ខណៈឧស្សាហកម្ម AI ទាំងមូលក៏កំពុងជួបប្រទះបញ្ហានេះដូចគ្នា

27-08-2026 15:25

(បរទេស)៖ អត្ថបទវិភាគថ្មីមួយពីសារព័ត៌មានបច្ចេកវិទ្យា TechCrunch បានលើកឡើងថា កម្មវិធីបញ្ញាសិប្បនិម្មិត (AI) សម្រាប់អ្នកប្រើប្រាស់ទូទៅ នាពេលបច្ចុប្បន្ន កំពុងបង្កភាពស្មុគស្មាញ និងភាពច្របូកច្របល់ដល់អ្នកប្រើប្រាស់ ដោយសារតែការបង្កើតឈ្មោះម៉ាកសញ្ញា រួមទាំងឈ្មោះមុខងារតូចៗច្រើនហួសហេតុពេក ដែលបញ្ហានេះស្តែងចេញយ៉ាងច្បាស់នៅលើ AI Gemini របស់ក្រុមហ៊ុន Google។

អ្នកវិភាគបានចង្អុលបង្ហាញថា ក្រុមហ៊ុន Google បានព្យាយាមអភិវឌ្ឍមុខងារ AI ថ្មីៗជាច្រើននៅលើ Gemini (ដូចជាមុខងារសំឡេង Gemini Live, Spark ឬ Daily Brief ជាដើម) ប៉ុន្តែការបំបែកឈ្មោះមុខងារនីមួយៗឱ្យនៅដាច់ដោយឡែកពីគ្នា ធ្វើឱ្យអ្នកប្រើប្រាស់ពិបាកយល់ និងមិនដឹងថាត្រូវជ្រើសរើសប្រើប្រាស់មុខងារមួយណាឱ្យចំតម្រូវការជាក់ស្តែងនោះទេ។ បញ្ហាប្រឈមនៃ «Branding» នេះ មិនមែនកើតឡើងតែលើ Google ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងកើតមានលើក្រុមហ៊ុន AI ធំៗផ្សេងទៀតផងដែរ៖

១៖ ការទាមទារឱ្យអ្នកប្រើប្រាស់រៀនពីបច្ចេកវិទ្យា កម្មវិធី AI ភាគច្រើននាពេលបច្ចុប្បន្ន បង្ខំឱ្យអ្នកប្រើប្រាស់រៀនយល់ពីឈ្មោះម៉ាក រចនាសម្ព័ន្ធបច្ចេកវិទ្យា និងរបៀបធ្វើការផ្ទៃក្នុងរបស់ AI ជំនួសឱ្យការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់ដែលងាយស្រួល និងរលូន។
២៖ ភាពច្របូកច្របល់លើមុខងាររង ការបែកចែករវាងមុខងារសន្ទនាទូទៅ (Chat modes) មុខងារជំនួយការ (Agents) និងមុខងារជំនាញជាក់លាក់ ធ្វើឱ្យអ្នកប្រើប្រាស់មានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរ និងជ្រើសរើសឧបករណ៍មកប្រើប្រាស់។

អ្នកជំនាញបច្ចេកវិទ្យាបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្មវិធី AI អាចចូលទៅដល់អ្នកប្រើប្រាស់ទូទៅបានកាន់តែទូលំទូលាយ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ចាំបាច់ត្រូវឈប់បង្ខំឱ្យអ្នកប្រើប្រាស់រៀនស្គាល់រចនាសម្ព័ន្ធ ឬឈ្មោះមុខងារសមុគស្មាញទាំងនោះទៀតទៅ។ ផ្ទុយទៅវិញ ពួកគេត្រូវតែលាក់ភាពស្មុគស្មាញផ្នែកបច្ចេកវិទ្យានៅខាងក្រោយ ហើយរៀបចំចំណុចប្រទាក់ (Interface) ឱ្យមានភាពសាមញ្ញ រលូន និងងាយស្រួលយល់បំផុតសម្រាប់អ្នកប្រើប្រាស់៕