វៀតណាម បើកដៃឱ្យចិន វិនិយោគលើ AI និង 5G ក្នុងរូបភាពធំជាងមុន

27-08-2026 16:15

(បរទេស)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung បានស្នើឱ្យក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅវៀតណាម បង្វែរទិសដៅមកផ្តោតលើការវិនិយោគដែលមានគុណភាពខ្ពស់ និងដឹកនាំដោយបច្ចេកវិទ្យាជឿនលឿន រួមមាន បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យា 5G, បន្ទះឈីប (Semiconductors) និងទិន្នន័យធំ (Big Data)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបជាមួយវិនិយោគិនចិននៅក្រុងហាណូយ លោក Le Minh Hung បានជំរុញឱ្យអាជីវកម្មចិនប្រែក្លាយកិច្ចព្រមព្រៀងកម្រិតជាន់ខ្ពស់ឱ្យទៅជាគម្រោងជាក់ស្តែង ទាំងលើវិស័យបច្ចេកវិទ្យា ថាមពលស្អាត ផ្លូវដែក និង logistics។ លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនចិនគួរតែចាត់ទុកប្រទេសវៀតណាមជាមូលដ្ឋានវិនិយោគ ផលិតកម្ម និងអាជីវកម្មរយៈពេលវែង ព្រមទាំងនាំយកនូវបច្ចេកវិទ្យាកាន់តែជឿនលឿនមកជាមួយផងដែរ» ដោយលោកសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដំណាក់កាលថ្មីនេះ ត្រូវផ្តោតលើគុណភាព និងឥទ្ធិពលជាចម្បង មិនមែនលើទំហំទឹកប្រាក់នោះទេ។

ទោះជាយ៉ាងណា ការស្វាគមន៍បច្ចេកវិទ្យា 5G និង AI របស់ចិនពីសំណាក់ក្រុងហាណូយ បានក្លាយជាប្រធានបទក្តៅគគុក ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងដៃគូលោកខាងលិច បានបង្កើនការគាបសង្កត់ឱ្យវៀតណាមចៀសវាងបច្ចេកវិទ្យាចិនដោយសារការព្រួយបារម្ភពីសុវត្ថិភាព ហើយអាមេរិកថែមទាំងគ្រោងតម្រូវឱ្យប្រទេសដៃគូជ្រើសរើសខាងរវាងខ្លួន និងចិន ក្នុងប្រកួតប្រជែង AI ទៀតផង។ ថ្វីបើវៀតណាមធ្លាប់បានចូលរួមក្នុងគំនិតផ្តួចផ្តើម «Clean Network» របស់អាមេរិកកាលពីឆ្នាំ២០២០ ក៏ដោយ ថ្មីៗនេះវៀតណាមបានប្តូរជំហរ ដោយបានចុះកិច្ចព្រមព្រៀងបង្កើតបណ្តាញ 5G ជាមួយក្រុមហ៊ុនចិន Huawei និង ZTE។

ផ្អែកលើទិន្នន័យផ្លូវការ ប្រទេសចិនគឺជាវិនិយោគិនបរទេសធំបំផុតទីប្រាំមួយនៅវៀតណាម ដោយមានគម្រោងសរុបជាង ៧,១០០ គម្រោង និងទុនចុះបញ្ជីសរុបប្រមាណ ៣៧ ពាន់លានដុល្លារ។ លំហូរទុនវិនិយោគនេះបានបន្តកើនឡើងយ៉ាងគំហុក ដោយនៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ នេះ ទុនវិនិយោគថ្មីដែលប្តេជ្ញាដោយក្រុមហ៊ុនចិនបានកើនឡើងរហូតដល់ ៣១.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕