រដ្ឋមន្ត្រី ចម និម្មល អនុញ្ញាតឲ្យលោក អូន រចនា អគ្គនាយកក្រុមហ៊ុន «Rachna Eco Energy EV Automotive (Cambodia) Co., Ltd» និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
27-08-2026 16:27
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានស្វាគមន៍លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីសមិទ្ធផលការងារ ដំណើរការប្រតិបត្តិការធុរកិច្ច និងផែនការរបស់ក្រុមហ៊ុន។ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសាមញ្ញកម្ម កិច្ចសម្រួលធុរកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុន ក្នុងការចូលរួមជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងថាមពលកកើតឡើងវិញ។
ជាកិច្ចបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការដ៏ល្អប្រសើរ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍ និងបង្កើតកាលានុវត្តភាពវិនិយោគក្នុងវិស័យថាមពល និងឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេសការបង្ហាញនូវជំនឿទុកចិត្ត របស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល។ លោកស្រីរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការបន្តផ្តល់កិច្ចសម្រួល និងគាំទ្រដល់ប្រតិបត្តិការធុរកិច្ច របស់វិស័យឯកជននៅកម្ពុជា៕








