បេសកកម្មគុនខ្មែរជើងឯកអាស៊ី លើកដំបូង មិនត្រឹមផ្ដោតលើមេដាយ តែជាវេទិកាធ្វើឲ្យបណ្ដាប្រទេសស្គាល់ក្បាច់គុនមរតកដូនតាខ្មែរកាន់តែច្បាស់

28-08-2026 09:45

(ភ្នំពេញ)៖ ក្នុងនាមម្ចាស់ក្បាច់គុន លើសពីការប្រជែងមេដាយជូនជាតិ តែជោគជ័យដ៏ធំមួយទៀត គឺការធ្វើឲ្យបណ្ដាប្រទេសក្នុងទ្វីបអាស៊ី បានស្គាល់ យល់ដឹង គោរព និងចូលរួមអភិវឌ្ឍគុនខ្មែរកាន់តែផុសផុល ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ី លើកទី១ (Asian Kun Khmer Championship) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១-៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុង Can Tho ប្រទេសវៀតណាម។

នេះបើតាមការលើកឡើងរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីសរុបចំនួន ៨៨នាក់ ចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកទ្វីបអាស៊ី លើកដំបូង ដែលនឹងចាប់ផ្ដើមពីប្រទេសវៀតណាម ដោយមានអត្តពលិកចំនួន ១៤ប្រទេស ត្រូវជួបជុំគ្នាប្រជែងមេដាយកម្រិតទ្វីប លើប្រភេទកីឡាក្បាច់គុនមរតកដូនតាខ្មែរនេះ។

លោកថា ការរៀបចំព្រឹត្តិការណ៍គុនខ្មែរជើងឯកទ្វីបអាស៊ីជាលើកដំបូងនេះ គឺជាជំហានដ៏ធំមួយនៃដំណើរអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ឱកាសឱ្យអត្តពលិកគុនខ្មែរ បានបង្ហាញសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងស្តង់ដារប្រកួត ការរៀបចំព្រឹត្តិការណ៍ និងសមត្ថភាពរបស់មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមផងដែរ។

លើសពីនេះ ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញពីការរីកចម្រើន និងការទទួលស្គាល់គុនខ្មែរកាន់តែទូលំទូលាយនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ី ព្រមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំងឡាយ តាមរយៈវិស័យកីឡា។ លោករំពឹងយ៉ាងមុតមាំថា ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ និងជាកម្លាំងជំរុញដ៏សំខាន់ឱ្យគុនខ្មែរ ដែលជាកេរដំណែលដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ កាន់តែល្បីល្បាញ រីកចម្រើន និងឈានឆ្ពោះទៅកាន់ពិភពលោក។

ឆ្លៀតឱកាសនោះ ប្រធានសហព័ន្ធដដែល បានផ្ដាំផ្ញើដល់អត្តពលិកទាំងអស់ថា បេសកកម្មនេះ គឺតំណាងគុនខ្មែរ និងតំណាងឲ្យជាតិ ហើយក៏ជាទូតសុច្ឆន្ទៈរបស់វប្បធម៌កម្ពុជាផងដែរ។ ដូច្នេះកីឡាករ-កីឡាការិនីត្រូវ ត្រូវប្រកាន់ភ្ជាប់នូវវិន័យ សេចក្ដីថ្លៃថ្នូរ សាមគ្គីភាព និងស្មារតីទទួលខុសត្រូវ ត្រូវគោរពបទបញ្ជាការប្រកួត គោរពគណៈកម្មការបច្ចេកទេស គោរពគូប្រកួត និងប្រកួតដោយស្មារតីកីឡាយុត្តិធម៌ ហើយលោកជឿជាក់ថា ពួកគេនឹងបង្ហាញសមត្ថភាពបានល្អ ដណ្ដើមបានលទ្ធផលគួរជាទីមោនទនៈ និងនាំយកកិត្តិយសជូនជាតិមាតុភូមិ។

លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណា ជ័យជម្នះរបស់យើង មិនត្រូវវាស់ត្រឹមតែចំនួនមេដាយ ដែលយើងដណ្ដើមបាននោះទេ ជ័យជម្នះដ៏ធំមួយទៀត គឺធ្វើឲ្យបណ្ដាប្រទេសនៅអាស៊ីបានស្គាល់ យល់ដឹង គោរព និងចូលរួមអភិវឌ្ឍន៍គុនខ្មែរជាមួយយើងឲ្យកាន់តែច្រើនឡើង។ រាល់ការប្រកួត ការបង្ហាញបច្ចេកទេស និងរាល់អាកប្បកិរិយាល្អរបស់អត្តពលិកកម្ពុជា សុទ្ធតែជាចំណែកនៃការចូលរួមលើកកម្ពស់កិត្យានុភាពគុនខ្មែរ និងកិត្យានុភាពជាតិ។ ដូច្នេះសូមកីឡាករ-កីឡាការិនីគុនខ្មែរទាំងអស់ ខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបការជឿទុកចិត្ត និងការគាំទ្រពីសហព័ន្ធ ក្រុមហ៊ុនឧបត្ថម្ភ និងប្រជាជនកម្ពុជាទាំងមូល»

ទន្ទឹមជាមួយការគាំទ្រ និងអនុញ្ញាតឲ្យប្រទេសវៀតណាម រៀបចំការប្រកួតគុនខ្មែរជើងឯកអាស៊ីនេះ ត្រូវបានមហាជន ចាត់ទុកជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យបំផុត នៃក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពិសេសក្នុងរយៈពេលចុងក្រោយ ដែលគុនខ្មែរបានឈានជើងឡើងមកដល់ចំណុចកំពូលមួយ ដែលស្ទើរតែមិនគួរឲ្យជឿ រាប់ចាប់ពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដ៏មហាជោគជ័យ ហើយបន្ដផ្សព្វផ្សាយ រៀបចំ និងបញ្ជ្រាបដល់បណ្ដាប្រទេសលើពិភពលោកជាបន្ដបន្ទាប់ ធ្វើឲ្យអន្ដរជាតិស្គាល់គុនខ្មែរកាន់តែច្បាស់ថែមទៀត៕