OpenAI, Google និង Anthropic រួមដៃគ្នាប្រកាសអាសន្នរឿង Rogue AI

28-08-2026 10:37

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗក្នុងពិភពលោក រួមមាន OpenAI, Anthropic, Google, Microsoft, AWS ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យា សន្តិសុខអុិនធឺណិត និងហិរញ្ញវត្ថុជាង ១០០ ផ្សេងទៀត បានរួមគ្នាចុះហត្ថលេខាលើលិខិតចំហមួយ ដើម្បីអំពាវនាវឲ្យមាន «សកម្មភាពរួមគ្នា» ក្នុងការការពារ និងទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអុិនធឺណិតដែលបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញលទ្ធភាពដែលគំរូ AI កម្រិតខ្ពស់ (Frontier AI) ឬប្រព័ន្ធ AI ដែលដំណើរការដោយស្វ័យប្រវត្ត (AI Agents) អាចត្រូវគេយកទៅប្រើប្រាស់ខុស រហូតឈានដល់ការវាយប្រហារ ឬចូលទៅកាន់ប្រព័ន្ធផ្លូវការសំខាន់ៗដោយគ្មានការអនុញ្ញាត (Rogue AI)។ នៅក្នុងលិខិតចំហនោះ ក្រុមហ៊ុនទាំងនោះបានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះសំខាន់ៗចំនួន៣ រួមមាន៖

១៖ ទទួលស្គាល់ថាវិធានការសន្តិសុខបច្ចុប្បន្នគឺមិនទាន់គ្រប់គ្រាន់ វិធីសាស្ត្រការពារសន្តិសុខអុិនធឺណិតបែបប្រពៃណី មិនអាចទប់ទល់នឹងល្បឿន និងភាពស្មុគស្មាញនៃការវាយប្រហារដែលបង្កើតដោយ AI បានឡើយ។
២៖ បំពាក់ឧបករណ៍ AI ការពារដល់អ្នកប្រយុទ្ធសន្តិសុខឌីជីថល ត្រូវពង្រឹងសមត្ថភាពដល់អ្នកការពារប្រព័ន្ធ ដោយប្រើប្រាស់ AI ជំនាន់ថ្មីដើម្បីស្វែងរក និងទប់ស្កាត់ការវាយប្រហារឲ្យបានទាន់ពេលវេលា។
៣៖ កៀរគរការឆ្លើយតបរួមគ្នា ត្រូវមានការសម្របសម្រួលជិតស្និទ្ធរវាងក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល ដើម្បីកំណត់បទដ្ឋានសុវត្ថិភាពរួម និងចែករំលែកព័ត៌មានបច្ចេកវិទ្យាទាន់ហេតុការណ៍។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន OpenAI បានបញ្ជាក់ថា «យើងមានពេលវេលាកំណត់មួយយ៉ាងខ្លីប៉ុណ្ណោះ ក្នុងការរឹតបន្តឹង និងពង្រឹងប្រព័ន្ធការពារសន្តិសុខឌីជីថល» ខណៈដែលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា មន្ទីរពេទ្យ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញអុិនធឺណិតស្នូល អាចនឹងកើតមានឡើងកាន់តែញឹកញាប់។

គួរជម្រាបថា ការផ្ដួចផ្ដើមរួមគ្នានេះក៏បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ស្ដីពីឧប្បត្តិហេតុសន្តិសុខមួយចំនួន ដែលពាក់ព័ន្ធនឹងគំរូ AI សាកល្បងបានភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតខាងក្រៅដោយចៃដន្យ ក្នុងអំឡុងពេលធ្វើតេស្ត ដែលធ្វើឲ្យក្រុមអ្នកស្រាវជ្រាវ និងអាជ្ញាធរជុំវិញពិភពលោក កាន់តែរឹតបន្តឹងការប្រុងប្រយ័ត្នលើសុវត្ថិភាពនៃការអភិវឌ្ឍ AI ជំនាន់ក្រោយ៕