ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងឱ្យកាន់តែរឹងមាំ

28-08-2026 11:42

(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំមួយ និងជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន វៀតធែល កម្ពុជា ភីធីអ៊ី អិលធីឌី (មិត្តហ្វូន) ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ គឺជាការបើកទំព័រសករាជថ្មីនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបានកសាងឡើងអស់រយៈពេលជិត ២ ទសវត្សរ៍មកហើយ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនវានុវត្តន៍ លើកកម្ពស់បទពិសោធន៍អតិថិជន និងរួមចំណែកកសាងអនាគតឌីជីថលរបស់កម្ពុជាឱ្យកាន់តែរុងរឿង។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ២០០៩ ក្រុមហ៊ុន វៀតធេល កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកបណ្តាញតភ្ជាប់ទូរគមនាគមន៍ទូទាំងប្រទេស និងអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមឌីជីថលឱ្យកាន់តែសម្បូរបែប។ តាមរយៈការបន្តវិនិយោគឥតឈប់ឈរលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ មិត្តហ្វូនបានក្លាយជាដៃគូផ្តល់សេវាទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលដ៏គួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។

ធនាគារ កាណាឌីយ៉ា មានមោទនភាពយ៉ាងក្រៃលែងដែលបានរួមដំណើរជាមួយ ក្រុមហ៊ុន វៀតធេល កម្ពុជា តាំងពីដំណាក់កាលដំបូងនៃប្រតិបត្តិការនៅកម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធនាគារបានគាំទ្រដល់ ក្រុមហ៊ុន វៀតធេល កម្ពុជា តាមរយៈសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្ម និងសកម្មភាពហិរញ្ញវត្ថុឱ្យដំណើរការយ៉ាងរលូន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន វៀតធេល កម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការ និងប្រព័ន្ធឌីជីថលរបស់ធនាគារ តាមរយៈដំណោះស្រាយ បច្ចេកវិទ្យាទូរគមនាគមន៍ និងបណ្តាញតភ្ជាប់កម្រិតខ្ពស់ ដែលជួយទ្រទ្រង់ដល់សេវាបម្រើអតិថិជន និងមុខងារអាជីវកម្មជាច្រើន។

ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះនឹងបើកច្រកទៅកាន់កាលានុវត្តភាពថ្មីៗជាច្រើន ដោយរួមបញ្ចូលគ្នានូវភាពខ្លាំងរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវគុណតម្លៃ និងភាពងាយស្រួលកាន់តែប្រសើរជូនដល់អតិថិជន។

វិសាលភាពនៃកិច្ចសហការរួមមាន៖ ដំណោះស្រាយទូទាត់ប្រាក់បែបឌីជីថល សមាហរណកម្មសេវាកម្ម និងដំណោះស្រាយហិរញ្ញប្បទានចម្រុះរវាងវិស័យធនាគារ និងទូរគមនាគមន៍ ដែលធ្វើឱ្យការធ្វើប្រតិបត្តិការប្រចាំថ្ងៃកាន់តែរលូន និងងាយស្រួល។ លើសពីនេះ ស្ថាប័នទាំងពីរក៏នឹងដាក់ចេញនូវកម្មវិធីលើកទឹកចិត្តពិសេស យុទ្ធនាការផ្សព្វផ្សាយរួមគ្នា ព្រមទាំងដំណោះស្រាយដ៏មានអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែពិសេស និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន។

ទន្ទឹមនឹងនេះ ស្ថាប័នទាំងពីរក៏កំពុងសិក្សាស្វែងយល់ពីការពង្រឹងសេវាភស្តុភារកម្ម និងការផ្តល់សេវាកម្ម ព្រមទាំងការផ្លាស់ប្តូរចំណេះដឹង និងជំនាញបច្ចេកទេសលើវិស័យសន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាក្លោដ (Cloud Technologies) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីពង្រឹងសុវត្ថិភាពទិន្នន័យ ការការពារអតិថិជន និងបង្កើនប្រសិទ្ធភាពសេវាកម្មឱ្យកាន់តែគួរឱ្យទុកចិត្តខ្ពស់។

លោក Dominic Notario នាយកប្រតិបត្តិ នៃធនាគារ កាណាឌីយ៉ា បានលើកឡើងថា៖ «ស្របពេលដែលកម្ពុជាបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នឈានមុខគេ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងលើកកម្ពស់បទពិសោធន៍អតិថិជនឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូដ៏យូរអង្វែងរបស់យើងខ្ញុំជាមួយ វៀតធេល កម្ពុជា ត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃការទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងទស្សនវិស័យរួមគ្នា ផ្អែកលើនវានុវត្ត និងការយកអតិថិជនជាចម្បង។ តាមរយៈភាពជាដៃគូនេះ យើងខ្ញុំនឹងបន្តសហការគ្នាដើម្បីនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុកាន់តែទំនើប និងរហ័ស ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប»

លោក Cao Manh Duc អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន វៀតធេល កម្ពុជា ក៏បានលើកឡើងផងដែរថា៖ «អស់រយៈពេលជិតពីរទសវត្សរ៍មកនេះ ធនាគារ កាណាឌីយ៉ា គឺជាដៃគូដ៏មានតម្លៃ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងដំណើរការរីកចម្រើនរបស់ វៀតធេល កម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺជាការបើកទំព័រថ្មីដ៏មានអត្ថន័យនៅក្នុងទំនាក់ទំនងរបស់យើងខ្ញុំ ដោយរួមបញ្ចូលគ្នានូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធអេកូស៊ីស្ទឹមអតិថិជនដ៏ទូលំទូលាយរបស់ធនាគារ កាណាឌីយ៉ា ជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់ទូទាំងប្រទេស និងសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់មិត្តហ្វូន។ យើងជឿជាក់យ៉ាងមុតមាំថានឹងអាចរួមគ្នានាំយកនូវដំណោះស្រាយប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងនវានុវត្តន៍ ដើម្បីបង្កើតគុណតម្លៃកាន់តែប្រសើរសម្រាប់អតិថិជន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍផ្នែកឌីជីថលប្រកបដោយចីរភាពនៅកម្ពុជា»