កំពូលតារាសម្តែង Wu Jing និង Wan Qian ឈ្នះពានអ្នកសម្តែងឈានមុខគេ ខណៈតារាសម្តែង Kanichiro Sato និង Wang Ziwei ឈ្នះពានតារាសម្តែងដែលមានប្រជាប្រិយភាពបំផុតនៅទ្វីបអាស៉ី
28-08-2026 11:51
(ភ្នំពេញ)៖ កំពូលតារាសម្តែងចិន លោក Wu Jing បានឈ្នះពានអ្នកសម្តែងឈានមុខគេ ផ្នែកបុរស ខណៈម្ចាស់ជយលាភីពានតារាសម្តែងឈានមុខគេ ផ្នែកនារី បានទៅលើកំពូលតារាសម្តែងចិន Wan Qian ។
ស្របពេលជាមួយគ្នានេះដែរ តារាសម្តែងជប៉ុន Kanichiro Sato បានឈ្នះពានតារាសម្តែងដែលមានប្រជាប្រិយភាពបំផុតនៅទ្វីបអាស៉ី ផ្នែកបុរស ខណៈម្ចាស់ជយលាភីពានតារាសម្តែងដែលមានប្រជាប្រិយភាពបំផុតនៅទ្វីបអាស៉ី ផ្នែកនារី បានទៅលើតារាសម្តែងចិន Wang Ziwei ។
ពិធីប្រគល់ពានបានរៀបចំឡើង ក្នុងពិធីប្រគល់ពានរង្វាន់ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
តារាសម្តែងចិន Wang Ziwei ដែលឈ្នះពានតារាសម្តែងដែលមានប្រជាប្រិយភាពបំផុតនៅទ្វីបអាស៉ី ផ្នែកនារី និងដែលមានវត្តមាន មកទទួលពាននៅកម្ពុជាផ្ទាល់ បានអរគុណដល់អ្នកគាំទ្រដែលតែងតែចូលចិត្តនាង និងអរគុណដល់គណៈកម្មការវាយតម្លៃ ដែលបានជ្រើសរើសនាងសម្រាប់ពានដ៏អស្ចារ្យបែបនេះ។ Wang Ziwei ប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីឲ្យរូបនាងសមនឹងមហាកិត្តិយមួយនេះ។
នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានឲ្យដឹងថា ក្រោយចាប់បដិសន្ធិ នាឆ្នាំ២០២២មក មហោស្រពភាពយន្តកម្ពុជាអាស៊ី បានក្លាយជាវេទិកាមួយដ៏មានសារសំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃភាពយន្តចម្រុះពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងជាកន្លែងជួបជុំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញ និងអ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត ដើម្បីធ្វើការផ្លាស់ប្តូរទស្សនាទានថ្មីៗ ការបង្កើតបណ្តាញទំនាក់ទំនង ការស្វែងរកឱកាសក្នុងកិច្ចសហការផលិតភាពយន្តជាដើម។
លោកស្រីបានបន្តថា លើសពីនេះមហោស្រពភាពយន្តកម្ពុជាអាស៊ីក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅក្នុងការអភិវឌ្ឍឧស្សាហកម្មភាពយន្ត ដែលជាកម្មវិធីដ៏មានសារសំខាន់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងយុទ្ធសាស្ត្រ តាមរយៈការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានា ព្រមទាំងស្វែងរកយន្តការថ្មីៗ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ។
សូមជម្រាបថា ដោយពិនិត្យឃើញពីសារសំខាន់នៃវិស័យភាពយន្ត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្តនៅកម្ពុជា ដោយបានចាត់ទុកទេសចរណ៍ភាពយន្ត ជាទម្រង់ទេសចរណ៍បែបច្នៃប្រតិដ្ឋថ្មីមួយ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសកល៕



Wu Jing

Wan Qian

Wang Ziwei

Kanichiro Sato







