តុលាការអាមេរិករារាំង Pentagon មិនឱ្យដាក់ក្រុមហ៊ុន AI «Anthropic» ចូលបញ្ជីខ្មៅ ក្រោយមានទំនាស់រឿងអាវុធស្វ័យប្រវត្តិ
28-08-2026 14:37
(បរទេស)៖ ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក លោកស្រី Rita Lin បានចេញដីកាបង្គាប់ឱ្យរារាំងក្រសួងការពារជាតិអាមេរិក (Pentagon) ជាបន្ទាន់ ពីការដាក់ក្រុមហ៊ុនបច្ចេកវិទ្យា AI «Anthropic» ចូលក្នុងបញ្ជីខ្មៅសន្តិសុខជាតិ។ ការសម្រេចក្តីនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើតប្រព័ន្ធ AI Chatbot «Claude» បានដាក់ពាក្យបណ្តឹងតវ៉ាប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ដែលបានចាត់ថ្នាក់ក្រុមហ៊ុននេះជា «ហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់សន្តិសុខជាតិ» ក្រោយពេល Anthropic បដិសេធមិនអនុញ្ញាតឱ្យយោធាប្រើប្រាស់ Claude សម្រាប់ការស៊ើបយកការណ៍ ឬបំពាក់លើអាវុធស្វ័យប្រវត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ដើមចោទនៃការប្រឈមមុខដាក់គ្នានេះ កើតចេញពីទស្សនៈខុសគ្នាស្តីពីសុវត្ថិភាព AI ដោយក្រុមហ៊ុន Anthropic អះអាងថា ម៉ូឌែល AI បច្ចុប្បន្នមិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ក្នុងការប្រើប្រាស់លើអាវុធស្វ័យប្រវត្តិដោយសុវត្ថិភាពឡើយ ហើយក្រុមហ៊ុនក៏ប្រឆាំងដាច់ខាតនឹងការប្រើប្រាស់ AI ដើម្បីស៊ើបយកការណ៍លើប្រជាពលរដ្ឋក្នុងស្រុក។ ប៉ុន្តែភាគីក្រសួងការពារជាតិអាមេរិកបានតបតវិញថា ក្រុមហ៊ុនឯកជនមិនគួរមានសិទ្ធិមកដាក់កំហិត ឬរារាំងសកម្មភាពប្រតិបត្តិការរបស់យោធានោះឡើយ។
នៅក្នុងដីកាកម្រាស់ ៥៩ ទំព័រ ចៅក្រម Rita Lin បានរកឃើញថា ការសម្រេចចិត្តរបស់ក្រសួងការពារជាតិគឺ «ខុសច្បាប់ និងគ្មានមូលដ្ឋាន»។ លោកស្រីចៅក្រមបានសរសេរគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «ការអះអាងដោយទទេៗអំពីសន្តិសុខជាតិ មិនមែនជាលេសដើម្បីផ្តល់សិទ្ធិអំណាចគ្មានដែនកំណត់ ក្នុងការដាក់ទោស និងសងសឹកប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាលនោះឡើយ»។
គួរជម្រាបថា នេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលក្រុមហ៊ុនក្នុងស្រុកមួយត្រូវបានរដ្ឋាភិបាលចាត់ថ្នាក់ជា «ហានិភ័យសន្តិសុខ» ផ្លូវការបែបនេះ។ ការដាក់ទណ្ឌកម្មរបស់ Pentagon កន្លងមក ត្រូវបានថ្នាក់ដឹកនាំ Anthropic ព្រមានថា អាចធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ពាន់លានដុល្លារពីកិច្ចសន្យាយោធា និងប៉ះពាល់ដល់កិត្យានុភាពយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ក្រុមហ៊ុន Anthropic ក៏កំពុងបន្តពាក្យបណ្តឹងទីពីរមួយទៀតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីប្រឆាំងនឹងការចាត់ថ្នាក់ហានិភ័យដោយឡែកមួយទៀត ដែលអាចរារាំងក្រុមហ៊ុនពីកិច្ចសន្យាជាមួយស្ថាប័នរដ្ឋស៊ីវិលផងដែរ៕












