ឡាយហ្វ ត្រូវបានរំពឹងជាក្លិបមិនគួរមើលរំលង ក្រោយយកឈ្នះ ISI ក្នុងពានត្រៀមបើករដូវកាលថ្មី
28-08-2026 17:46
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ហើយត្រូវបានគេចាត់ទុក ជាក្រុមមិនគួរមើលរំលេងសម្រាប់រដូវកាលថ្មីទៀតផង ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដោយលទ្ធផល ២-១ ក្នុងជំនួបពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី KCC Pre-Season Cup 2026 កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ។
ដ្បិតជាជំនួបពានលក្ខណៈមិត្តភាព តែជ័យជម្នះលើក្រុមរហស្សនាមដំរីជ័យ ខណៈសល់ពេលត្រឹមជាង ១សប្ដាហ៍ នៃការចាប់ផ្ដើមលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះក្លិប ISI ដង្កោសែនជ័យ ទើបបានធ្វើការរុះរើសកីឡាករទ្រង់ទ្រាយធំ ដោយប្រមូលផ្ដុំដោយកីឡាករមានបទពិសោធន៍ និងគុណភាព ទាំងខ្មែរ និងបរទេស ក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏លេចធ្លោរ គឺលោក Conor Nestor។
ជាមួយលទ្ធផលផ្ទុយពីការរំពឹងទុករបស់អ្នកគាំទ្រមួយចំនួននេះ ត្រូវបានគេរំពឹងថា ក្លិបឡាយហ្វខេត្តព្រះសីហនុ នឹងក្លាយជាគូប្រកួតដ៏គ្រោះថ្នាក់មួយទៀត សម្រាប់លីគកំពូលកម្ពុជា រដូវកាលថ្មី ក្រោយការរុះរើស និងនាំចូលកីឡាករល្អៗ ព្រមទាំងការរៀបចំក្រុម និងប្រព័ន្ធលេងកាន់តែល្អប្រសើរ។ បែបនេះក្ដី ISI ដង្កោសែនជ័យ ក៏នៅតែត្រូវបានចាត់ទុកជាក្រុមមិនអាចធ្វេសប្រហែលបានដូចគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានសុទិដ្ឋិនិយមថា លីគរដូវកាលថ្មី នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង មិនថាជំនួបរវាងក្រុមធំ ឬក្រុមកម្រិតណាឡើយ។
គួរដឹងថា ពានរង្វាន់ KCC Pre-Season Cup 2026 មាន ៤ក្លិបចូលរួម ខណៈ ២ក្រុមទៀត គឺក្លិបភ្នំពេញក្រោន បានយកឈ្នះក្រុមសមាជិកលីគទី២ សៀមរាបយូណាយធីត ១០-០ ។ ដូច្នេះភ្នំពេញក្រោន នឹងត្រូវជួបក្រុមឡាយហ្វខេត្តព្រះសីហនុ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែសីហាខាងមុខ ខណៈក្រុម ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមសៀមរាបយូណាយធីត នារសៀលថ្ងៃជាមួយគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេ៣ខ៣ នៅកីឡដ្ឋាន អាយអេសអាយ ផាក៕









