ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះ Asian Games ជូនដំណឹងដល់អត្តពលិក រកកន្លែងស្នាក់នៅខ្លួនឯង ដោយសារបន្ទប់ពេញអស់ហើយ
28-08-2026 17:49
(តូក្យូ)៖ ប្រទេសជប៉ុន ទីតាំងម្ចាស់ផ្ទះរៀបចំកម្មវិធីកីឡាចម្រុះប្រចាំទ្វីបអាស៊ី Asian Games ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ បានប្រាប់ទៅអត្តពលិកអំពី «ការរៀបចំកន្លែងស្នាក់ខ្លួនឯង» ក៏ព្រោះតែភូមិកីឡាអស់មានបន្ទប់ទំនេរហើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា អត្តពលិកមានជាង ៥,០០០នាក់ អាចនឹងស្នាក់នៅលើនាវាកម្សាន្ត (cruise ship) នៅអំឡុងកម្មវិធី ៤ឆ្នាំម្តងប្រចាំតំបន់ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ នៅជប៉ុនតែមួយគត់។
ជារួម និងជាតួលេខផ្លូវការបានបង្ហាញថា មន្រ្តីកីឡា និងអត្តលិកសរុបមានចំនួន ១៥,០០០នាក់ នឹងធ្វើដំណើរមកចូលរួម Asian Games ដោយនឹងរៀបចំឡើងនៅទីក្រុង Nagoya និង Aichi។
លោក Ichiro Hirosawa អភិបាលនៃទីក្រុង Nagoya បានថ្លែងថា «វាពិតជាលំបាក ដើម្បីរៀបចំកន្លែងស្នាក់សម្រាប់ចំនួនដ៏ច្រើនបែបនេះ ក៏ព្រោះតែថវិការចាយវាយចំពោះកម្មវិធី Asian Games នេះមានកំណត់»។
លោកបានធ្វើការប្រៀបធៀបផងថា Asian Games ខុសពី Olympic Games ដែលមានការរៀបចំ sports village យ៉ាងសំបូរបែប ដើម្បីតែទទួលអត្តពលិកតែម្តង និងមានការយកទីតាំងផ្សេង ធ្វើជាកន្លែងស្នាក់នៅជាបណ្តោះអាសន្នទៀតផង។
ឆ្លើយតបចំពោះកង្វះខាតនេះដែរ អត្តពលិកប្រមាណចាប់ពី ៤,០០០ ទៅ ៥,០០០នាក់នឹងស្នាក់នៅលើនាវាកម្សាន្ត Costa Serena របស់ប្រទេសអ៉ីតាលី និងប្រមាណជា ២,០០០នាក់ផ្សេងទៀត អាចនឹងស្នាក់នៅទូកុងតាន័រទៀតដែរ និងខ្លះទៀតស្នាក់នៅសណ្ឋាគារដែលស្ថិតក្នុងទីក្រុង Tokyo ឯណោះ៕



