Google លុបចោលគោលការណ៍ Spam នៅអឺរ៉ុប ដើម្បីគេចផុតពីការពិន័យរាប់ពាន់លានដុល្លារ

29-08-2026 10:17

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសផ្លាស់ប្តូរគោលការណ៍ Spam របស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ចាប់ពីថ្ងៃទី ៣០ ខែសីហាតទៅ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការប្តឹងតវ៉ាពីសំណាក់ស្ថាប័នព័ត៌មានជាច្រើន និងការបើកការស៊ើបអង្កេតពីអាជ្ញាធរបទប្បញ្ញត្តិសហភាពអឺរ៉ុប (EU) ជុំវិញគោលការណ៍ទប់ស្កាត់ «parasite SEO» ដែលបានទម្លាក់ចំណាត់ថ្នាក់ស្វែងរក (search rankings) នៃគេហទំព័រព័ត៌មានទាំងឡាយណាដែលមានចុះផ្សាយមាតិការបស់ដៃគូពាណិជ្ជកម្ម ឬភាគីទីបី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

ការផ្លាស់ប្តូរនេះមានគោលបំណងចៀសវាងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់ទីផ្សារឌីជីថល (Digital Markets Act - DMA) របស់សហភាពអឺរ៉ុប ដែលអាចឲ្យ EU ពិន័យជាប្រាក់រហូតដល់ ១០% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំនៅទូទាំងពិភពលោករបស់ Google ក្នុងករណីរកឃើញថាមានការរំលោភបំពាន និងប្រកួតប្រជែងមិនស្មោះត្រង់។ ទោះជាយ៉ាងណា Google បានបញ្ជាក់ថា ការកែប្រែគោលការណ៍នេះនឹងអនុវត្តតែក្នុងប្រទេសចំនួន ២៧ នៃ EU រួមទាំងអ៊ីស្លង់ (Iceland), ន័រវែស, និងលិចតិនស្តាញ (Liechtenstein) ប៉ុណ្ណោះ ដោយរក្សាគោលការណ៍ចាស់ដដែលសម្រាប់តំបន់ផ្សេងទៀតនៅលើពិភពលោក។

ជុំវិញចំណាត់ការថ្មីនេះ លោក Thomas Regnier អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដោយថ្លែងថា៖ «យើងស្វាគមន៍ចំពោះការលុបចោលគោលការណ៍នេះ ដែលបានដាក់ទណ្ឌកម្មដោយអយុត្តិធម៌លើអ្នកផ្សព្វផ្សាយ និងអាជីវកម្មដែលប្រើប្រាស់សេវាកម្ម Google Search»

គូសបញ្ជាក់ថា លោក Thomas Regnier បានបន្ថែមទៀតថា៖ «ដោយសារតែច្បាប់ DMA កម្មវិធី Google Search នឹងលែងកាត់បន្ថយចំណាត់ថ្នាក់នៃការផ្សព្វផ្សាយព័ត៌មាន ដោយគ្រាន់តែពួកគេបង្ហោះមាតិការបស់ភាគីទីបីទៀតហើយ។ ឥឡូវនេះ គណៈកម្មការនឹងតាមដានការអនុវត្តគោលការណ៍ថ្មីនេះ ដើម្បីធានាថាវាស្របតាមច្បាប់ DMA»