ចិនប្រកាសថា ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតត្រូវតែធ្វើឡើងតាម «លក្ខខណ្ឌជាក់ស្តែងនៃតំបន់» ជៀសវាងការអភិវឌ្ឍរ៉ូបូតដោយគ្មានទិសដៅ
29-08-2026 11:16
(ប៉េកាំង)៖ ស្ថាប័នរៀបចំផែនការរដ្ឋនៃប្រទេសចិន ឬ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានថ្លែងថា ការអភិវឌ្ឍវិស័យឧស្សាហកម្មរ៉ូបូតនៅក្នុងប្រទេស ចាំបាច់ត្រូវតែធ្វើឡើងឲ្យស្របទៅតាម «លក្ខខណ្ឌ និងធនធានជាក់ស្តែងនៃតំបន់នីមួយៗ» ហើយត្រូវអនុវត្តទៅមុខដោយមានរបៀបរៀបរយ ចាស់ទុំ និងផ្អែកលើចំណុចខ្លាំងនៃឧស្សាហកម្មក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យនៃស្ថាប័នរៀបចំផែនការរដ្ឋចិន លោកស្រី Li Chao បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលមូលដ្ឋាន និងក្រុមហ៊ុននានា «មិនត្រូវរត់តាមទម្លាប់ ឬនិន្នាការដោយបិទភ្នែកនោះទេ (must not blindly follow trends)» ក្នុងការបោះទុន និងបង្កើនការផលិតរ៉ូបូតឡើយ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងក្នុងបរិបទដែលប្រទេសចិនកំពុងជំរុញយ៉ាងខ្លាំងក្លានូវការទាញយកបច្ចេកវិទ្យា AI និងរ៉ូបូត (ពិសេសរ៉ូបូតមានរូបរាងដូចមនុស្ស ឬ Humanoid Robots) មកប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម រោងចក្រ ឃ្លាំងស្តុកទំនិញ និងសេវាកម្មសាធារណៈ។
យ៉ាងណាមិញ រដ្ឋាភិបាលចិនចង់ប្រាកដថា ការវិនិយោគលើវិស័យនេះបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដ និងមានប្រសិទ្ធភាពខ្ពស់ ជាជាងការចំណាយថវិកាជាន់គ្នា ឬការបង្កើតសមត្ថភាពផលិតហួសប្រមាណដោយគ្មានទិសដៅច្បាស់លាស់។ លោកស្រីបានបន្ថែមថា តំបន់នីមួយៗត្រូវពិនិត្យមើលសមត្ថភាព ធនធាន និងតម្រូវការឧស្សាហកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍដំណោះស្រាយរ៉ូបូតដែលឆ្លើយតបចំគោលដៅ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងតំបន់នោះ៕











