តើ TikTok និង YouTube នឹងធ្វើតាមវិធានការថ្មីរបស់ Meta សម្រាប់អ្នកប្រើប្រាស់វ័យក្មេងដែរឬទេ?

29-08-2026 14:01

(បរទេស)៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ចំនួន ១៨ពាន់លានដុល្លារ និងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាចំពោះរបៀបដែលអនីតិជនប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដើម្បីបញ្ជប់បណ្តឹងផ្លូវច្បាប់ដែលប្តឹងដោយរដ្ឋចំនួន២៩។ យ៉ាងណាមិញ ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះ មិនមែនជាអ្វីដែលទាក់ទាញចំណាប់អារម្មណ៍នោះទេ ផ្ទុយទៅវិញ គឺសកម្មភាពបន្ទាប់របស់ Meta។ Meta បានផ្ញើលិខិតចំហមួយទៅកាន់ក្រុមហ៊ុន TikTok និង YouTube ដោយស្នើឱ្យពួកគេចូលរួមបង្កើតបទដ្ឋានរួមមួយសម្រាប់សុវត្ថិភាពក្មេងៗ រួមមាន៖ ការកំណត់កម្រិតពេលវេលាប្រើប្រាស់ប្រចាំថ្ងៃ, ការបិទមិនឱ្យចូលប្រើប្រាស់កម្មវិធីនៅពេលយប់, ការកម្រិតការផ្ញើសារជូនដំណឹង (Notifications) ក្នុងអំឡុងម៉ោងសិក្សា។ តើក្រុមហ៊ុនផ្សេងទៀតនឹងធ្វើតាមដែរឬទេ?

យោងតាមកម្មវិធី Equity podcast របស់ TechCrunch អ្នកនាង Rebecca Bellan, អ្នកនាង Kirsten Korosec និងលោក Sean O’Kane បានពិភាក្សាស៊ីជម្រៅអំពីការព្រមព្រៀងបញ្ចប់បណ្តឹងរបស់ Meta អត្ថន័យនៃរឿងនេះចំពោះក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀត និងព័ត៌មានសំខាន់ៗជាច្រើនទៀតប្រចាំសប្តាហ៍។ ចំណុចសំខាន់ៗផ្សេងទៀតក្នុងកម្មវិធី Podcast ភាគនេះគឺ៖

១៖ ការហក់ឡើងនៃវិស័យរ៉ូបូត (Robotics) អ្នកវិនិយោគកំពុងចាក់លុយយ៉ាងច្រើនទៅក្នុងក្រុមហ៊ុនរ៉ូបូតបង្កើតថ្មី (Startups) ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនទាំងនោះកើនឡើងខ្លាំង (ឧទាហរណ៍៖ ក្រុមហ៊ុន Generalist កើនដល់ ៣ ប៊ីលានដុល្លារ និង General Intuition កើនដល់ ៦ ប៊ីលានដុល្លារ)។
២៖ បញ្ហាប្រឈមរបស់រ៉ូបូត ទោះបីជាវិស័យនេះកំពុងល្បីខ្លាំង ប៉ុន្តែចំណុចខ្វះខាតធំបំផុតនោះគឺ រ៉ូបូតនៅតែមិនទាន់មានសមត្ថភាព ឬចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើការងារដែលបង្កើតតម្លៃពិតប្រាកដបាននៅឡើយ។
៣៖ សុវត្ថិភាពរថយន្តតាក់ស៊ីបើកបរដោយខ្លួនឯង (Robotaxi) ការទម្លាយព័ត៌មានពីទិន្នន័យ OSHA របស់លោក Sean O’Kane លើក្រុមហ៊ុនរថយន្តបើកបរដោយខ្លួនឯង ដូចជា Waymo និង Zoox។
៤៖ រថយន្តដឹកទំនិញបើកបរដោយខ្លួនឯង (Gatik): ការរៃអង្គាសប្រាក់បាន ២០០ លានដុល្លាររបស់ក្រុមហ៊ុន Gatik និងផលប៉ះពាល់លើវិស័យដឹកជញ្ជូន។
៥៖ ព័ត៌មានលេចឮ Hugging Face និង Nvidia: ព័ត៌មានជុំវិញការទិញយកក្រុមហ៊ុន Hugging Face ដោយ Nvidia និងផលប៉ះពាល់ដល់ឧស្សាហកម្មបច្ចេកវិទ្យា AI។

គួរជម្រាបថា សម្រាប់ Meta ត្រូវបានគេមើលឃើញថា កំពុងប្រើយុទ្ធសាស្ត្រផ្លាស់ប្តូរការយកចិត្តទុកដាក់ពីមហាជន បានន័យថាបន្ទាប់ពីចាញ់ក្តី និងត្រូវបង់ប្រាក់ពិន័យ/សងជំងឺចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ ១៨ ពាន់លានដុល្លារ ដោយសារការបរាជ័យក្នុងការការពារសុវត្ថិភាពកុមារ Meta បានប្រើប្រាស់យុទ្ធសាស្ត្រផ្ញើ «លិខិតចំហ» ទៅកាន់គូប្រជែង (TikTok & YouTube) ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជន មកធ្វើជាអ្នកដឹកនាំរៀបចំបទដ្ឋានសុវត្ថិភាពថ្មី (Industry Standard) វិញ៕