ISI កាន់តែរឹងមាំ ក្រោយទទួលដៃគូឧបត្ថម្ភធំ ដើម្បីពង្រឹងគុណភាពប្រកួតប្រជែងកាន់តែខ្លាំង

29-08-2026 17:27

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ កាន់តែមានភាពរឹងមាំ ក្រោយទទួលបានការគាំទ្រពីវិស័យឯកជនជាបន្ដបន្ទាប់ ដើម្បីធានាបាននូវផ្នែកហិរញ្ញវត្ថុ សម្រាប់ពង្រឹងក្រុមត្រៀមការប្រកួតប្រជែងកាន់តែខ្ពស់ ក៏ដូចជាទាក់ទាញការគាំទ្រកាន់តែច្រើនបន្ថែមទៀត។

នេះបើតាមការលើកឡើងរបស់លោក កាំង សេន ប្រធានក្លិបរហស្សនាម «ដំរីជ័យ» ខាងលើ បន្ទាប់ពីក្លិបបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងនាមដៃគូឧបត្ថម្ភធំ និងបានសម្រេចផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានថ្មីជាផ្លូវការ គឺកីឡដ្ឋាន ស្មាត នាល្ងាចថ្ងៃទី២៨ ខែសីហាកន្លងទៅ។

លោកថា នេះជាទុនដ៏សំខាន់ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍក្លិប ពិសេសការនាំចូលកីឡាករល្អៗ។ ម្យ៉ាងវិញទៀតក្នុងនាមក្រុមហ៊ុនបច្ចេកវិទ្យាអន្ដរជាតិមួយ ដែលមានសហគមន៍ និងការគាំទ្រច្រើនលើបណ្ដាញឌីជីថល លោកក៏មានសុទិដ្ឋិនិយមកិច្ចសហការនេះ ក៏នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយពីក្លិប ក៏ដូចជាបាល់ទាត់កម្ពុជា ហើយទាក់ទាញការគាំទ្រកាន់តែច្រើនផងដែរ។

វត្តមានដៃគូឧបត្ថម្ភធំពេលនេះ បង្ហាញពីសក្ដានុពលរបស់ក្លិប ក្នុងការអភិវឌ្ឍ ប្រកបដោយនិរន្ដរភាព ដែលទទួលបានការជឿជាក់ពីវិស័យឯកជន ចំពោះភាពរឹងមាំទាំងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង និងចក្ខុវិស័យយូរអង្វែងរបស់ក្លិប។ ស្របពេលក្លិបទើបរុះរើសទ្រង់ទ្រាយធំ ដោយការនាំចូលគ្រូ និងកីឡាករល្អៗជាច្រើន លោកសង្ឃឹមថា ទាំងអស់នេះ នឹងជំរុញឲ្យ ISI មានការប្រកួតប្រជែងកាន់តែខ្លាំង។

បែបនេះក្ដី លោកក៏ស្នើឲ្យអ្នកគាំទ្រអត់ធ្មត់បន្ដិច ក្នុងការរង់ចាំអ៊ុតលទ្ធផលលើដំណើរដ៏ត្រឹមត្រូវនេះដែរ។

គួរដឹងថា មកទល់ពេលនេះ ក្លិប ISI ដង្កោសែនជ័យ បាននឹងកំពុងខិតខំពង្រឹងក្រុមកាន់តែខ្លាំង ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរកាលពីរដូវកាលមុន ក្នុងនោះ ដំណាលនឹងការទទួលបានជំនួយហិរញ្ញវត្ថុ និងធនធានពីដៃគូថ្មីៗ ដើម្បីផ្ដល់លទ្ធភាពឲ្យក្លិបអនុវត្តនូវផែនការសកម្មភាពដើម្បីពង្រឹងគុណភាព និងពង្រីកសហគមន៍របស់ខ្លួន ក្លិបបាននាំចូលគ្រូពោរពេញដោយបទពិសោធន៍ និងកីឡាករទាំងខ្មែរ និងបរទេសល្អៗជាច្រើន សម្រាប់ត្រៀមការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕