កម្ដៅមុនការប្រកួត ក្រោយគ្រូបង្វឹកវិសាខា ស្រែករកយុត្តិធម៌ មុនជំនួបពាន Super Cup ទល់ព្រះខ័នរាជ ល្ងាចនេះ

30-08-2026 10:27

(ភ្នំពេញ)៖ ជំនួបពានរង្វាន់បើករដូវកាលថ្មី Cambodian Super Cup 2026 រវាងក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង និង វិសាខា នឹងមកដល់នាល្ងាចថ្ងៃទី៣០ ខែសីហានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ក្រោយសកម្មភាពប្រកួតក្នុងស្រុក បានសម្រាកជាយូរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺការឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីលោក Scott Cooper គ្រូបង្វឹកក្រុមវិសាខា ចោទសួររកពាក្យយុត្តិធម៌ (Fairness) នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាល្ងាចថ្ងៃសៅរ៍កន្លងទៅ។

មុនការប្រកួត ១ថ្ងៃ គ្រូបង្វឹកក្រុមទាំងពីរ ទាំងលោក Matthew Mcconkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ក៏ដូចជាគ្រូបង្វឹកវិសាខា សុទ្ធតែបង្ហាញពីការទន្ទឹងរង់ចាំការប្រកួតនេះ ជាមួយការជឿជាក់លើកូនក្រុមរៀងៗខ្លួន សម្រាប់ត្រៀមការប្រកួត ដែលលោកសុទ្ធតែចាត់ទុកជាគូប្រកួតដ៏ខ្លាំងរៀងៗខ្លួន បន្ទាប់ពីការនាំយកកីឡាករខ្មែរ ពិសេសកីឡាករបរទេសមានគុណភាពជាច្រើនមកពង្រឹងក្រុម សម្រាប់ត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ឆ្នាំ២០២៦/២៧។

ទន្ទឹមជាមួយការលើកសរសើរគ្នាទៅវិញទៅមក ពិសេសលោក Scott ដែលបានសរសើរចំៗ ចំពោះព្រះខ័នរាជស្វាយរៀង ដែលជាក្រុមដ៏ជោគជ័យនៅកម្ពុជា ក្រោយឈ្នះពានទាំង៣ ក្នុងស្រុក ហើយស្ទើរគ្រងជើងឯកពាន AFC Challenge League កាលពីឆ្នាំមុនផងនោះ លោកក៏បានចោទសួររកយុត្តិធម៌ បន្ទាប់ពីការប្រកួតត្រូវលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទឹកដីត្រូវបានព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពេញ ១រដូវកាលមុន ទាំងពានក្នុងស្រុក និងអន្ដរជាតិ រួមទាំងការប្រកួតពាន Pre-Season កាលពីថ្មីៗ បន្ថែមលើករណីថ្មីមួយទៀត ដែលមានក្រុមការងារគ្រូម្នាក់ និងកីឡាករព្រះខ័នរាជ ២នាក់ អង្គុយមើលការហ្វឹកហាត់ផ្លូវការរបស់ខ្លួន។

លោក Scott បន្ដថា «ខ្ញុំចង់សង្កត់ធ្ងន់ទៅលើពាក្យយុត្តិធម៌ ដែលខ្ញុំបានលើកឡើងមុននេះ ។ខ្ញុំឆ្ងល់ថា បើយើងចង់បានយុត្តិធម៌ ហេតុអ្វីយើងមកលេងនៅទីនេះ? ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានដែលគាត់ (ព្រះខ័នរាជ) លេងពីឆ្នាំមុន ប្រើប្រាស់ក្នុងពានទាំងអស់នៅទីនេះ។ ok យើងកុំនិយាយថា ឆ្នាំនេះ គាត់អត់លេងនៅទីនេះទៀត ហើយទីលាននេះ ជាទឹកដីកណ្ដាល និយាយបែបនេះមិនយុត្តិធម៌ទេ ព្រោះគាត់ក៏ទើបលេង Pre-Season ប៉ុន្មានសប្ដាហ៍មុន។ បើយើងនិយាយថា យុត្តិធម៌ គឺយើងអាចចោទសួរបាន ព្រោះឥលូវខ្ញុំកំពុងច្រលំថា យើងមានយុត្តិធម៌ហ្នឹងអត់?»

«មួយករណីទៀត យើងទើបបញ្ចប់ការហ្វឹកហាត់ផ្លូវការ តែមានសមាជិកក្រុមការងារគ្រូព្រះខ័នរាជស្វាយរៀងម្នាក់ គាត់អង្គុយនៅកៅអីអ្នកគាំទ្រមើលវិសាខាហ្វឹកហាត់ផ្លូវការ។ លើសពីនោះ មានកីឡាករ ២នាក់ គាត់ឈរនៅតំបន់កីឡាករចេញចូល ដែលអាចមើលឃើញការហ្វឹកហាត់។ នេះក៏បន្ថែមលើចំណុចភាពយុត្តិធម៌ ដែលខ្ញុំនិយាយ មានក្រុមការងារម្នាក់ និងកីឡាករ ២នាក់ មកឈរ និងអង្គុយមើលវិសាខាហ្វឹកហាត់ ហើយពួកយើងក៏មានរូបភាពបង្ហាញជាភស្ដុតាងដែរ ។ អ៊ីចឹងខ្ញុំចោទសួរថា ហេតុអ្វីមកលេងនៅទីនេះ? ហេតុអ្វីមានក្រុមការងារគ្រូ និងកីឡាករឈរមើលវិសាខាហ្វឹកហាត់ផ្លូវការ?»

ជាមួយការបន្ថែមនូវករណីដ៏ក្ដៅគគុកនេះដែរ លោក បានលើកឧទាហរណ៍ ពីព័ត៌មានការប្រកួតមួយនៅអង់គ្លេស ដែលមានសមាជិកក្រុមការងារក្រុមមួយ ឈរមើលក្រុមម្ខាងទៀតហាត់ ហើយក្រុមនោះក៏ត្រូវបានទាត់ចោលចេញពីកម្មវិធី។ ត្រង់ចំណុចនេះ លោកថា «ខ្ញុំសួរថា ឥលូវយុត្ដិធម៌ហ្នឹងនៅណា? ខ្ញុំគិតថា អត់ Fair ទេ ព្រោះយើងមកលេងនៅកីឡដ្ឋាន ដែលក្រុមម្ខាងទៀត ប្រើប្រាស់ច្រើនកាលពីឆ្នាំមុន ក៏ដូចជាការប្រកួតថ្មីៗ។ យ៉ាងណាក៏ខ្ញុំមិនអនុញ្ញាតឲ្យក្រុមការងារខ្ញុំទៅអង្គុយមើលគេហាត់ដែរ បើអង្គុយមើលខ្ញុំនឹងបណ្ដេញចេញ ហើយកីឡាករបើកអង្គុយមើលខ្ញុំនឹងមិនឲ្យលេងឡើយ»

បែបនេះក្ដី លោកនៅតែជឿជាក់លើការខំប្រឹងប្រែង និងកំពុងអភិវឌ្ឍរបស់ក្រុម ហើយក៏សង្ឃឹមក្រុមខ្លួន អាចមានឱកាសឈ្នះការប្រកួតនេះ។ លោក Scott បន្ថែមថា យ៉ាងណាខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ ទោះបីយើងកំពុងអភិវឌ្ឍន៍ កែប្រែ កសាងឡើងវិញ ក៏ដោយ ប៉ុន្ដែយើងនឹងព្យាយាមលេងឲ្យខ្លាំង ប្រយុទ្ធ ដើម្បីចង់ឈ្នះ ហើយក៏យើងនៅតែមានភាគរយអាចឈ្នះពួកគាត់ (ព្រះខ័នរាជស្វាយរៀង) ផងដែរ»។

ដោយឡែកលោក Matthew Mcconkey បានលើកឡើងជុំវិញការប្រកួតល្ងាចនេះ នឹងក្លាយជាជំនួបដ៏ជក់ចិត្ត និងរំភើបសម្រាប់អ្នកគាំទ្រ ក្នុងការជួបក្រុមខ្លាំង ប្រជុំដោយកីឡាករមានបទពិសោធន៍ គុណភាព និងគ្រូបង្វឹកដ៏ល្អ ។ បែបនេះ ក្ដីលោកថា បច្ចុប្បន្នកូនក្រុមមិនទាន់រួចរាល់ ១០០% តែលោកនឹងធ្វើតាមលំដាប់លំដាយ ហើយត្រៀមរួចរាល់ សម្រាប់ភារកិច្ចដ៏មមាញឹក ចាប់ពីខែកញ្ញា ដល់ខែមករា ឆ្នាំ២០២៧ ដែលមានការប្រកួតប្រមាណ ៣០ប្រកួត រាប់ចាប់ពីជំនួបទល់ក្រុមវិសាខា ក្នុងពានបើករដូវកាល Cambodian Super Cup 2026 នាល្ងាចនេះ៕