យល់ដឹងផ្នែកច្បាប់៖ ការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ
30-08-2026 14:52
(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា គឺជា រដ្ឋអធិបតេយ្យមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងយកច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងសង្គម ធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។ ទន្ទឹមនឹងនេះ ការការពារសន្តិសុខជាតិ និងអធិបតេយ្យភាព គឺជាកាតព្វកិច្ចរួមដែលមិនអាចកាត់ផ្តាច់បានរវាងរដ្ឋ និងប្រជាពលរដ្ឋគ្រប់រូប ជាពិសេសលើការថែរក្សា និងការការពារការសម្ងាត់នៃការការពារជាតិ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទសង្គមឌីជីថលនាពេលបច្ចុប្បន្ននេះ ការរីកចម្រើននៃបណ្តាញសង្គម និងការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស បានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងការទម្លាយព័ត៌មាន ឬទិន្នន័យព័ត៌មានវិទ្យាសម្ងាត់ណាមួយដែលពាក់ព័ន្ធនឹងការសម្ងាត់នៃការការពារជាតិ ។
ដូច្នេះ តើអ្វីទៅជាការសម្ងាត់នៃការការពារជាតិ ? តើការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ មានបទល្មើស និងទោសទណ្ឌយ៉ាងដូចម្តេចខ្លះ ?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “ការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ” មកធ្វើការចែករំលែកជូនសាធារណជន ដូចខាងក្រោម៖
យោងតាមមាត្រា ៤៧៧ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីគោលការណ៍នៃការការពារការសម្ងាត់នៃការការពារជាតិ គឺជាព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យា ដែលការបើកកកាយអាចធ្វើឱ្យខូចខាតការការពារជាតិ អាចជាកម្មវត្ថុនៃវិធានការការពារ សម្រាប់កម្រិតការផ្សព្វផ្សាយ ។
មាត្រា ៤៧៨ ក៏បានឱ្យនិយមន័យនៃការសម្ងាត់នៃការការពារជាតិថា គឺជាព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យា ដែលការផ្សព្វផ្សាយត្រូវបានកម្រិត ។ មានន័យថា រាល់ធាតុទាំងនេះ គឺជាកម្មវត្ថុដែលត្រូវកម្រិតមិនឱ្យធ្វើការផ្សព្វផ្សាយជាសាធារណៈ និងមិនឱ្យបើកកកាយទិន្នន័យទាំងនោះ ដើម្បីបង្ហាញទៅបុគ្គលដែលមិនមានសមត្ថកិច្ចដើម្បីដឹងឡើយ ព្រោះអាចបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខរបស់ជាតិទាំងមូល ។ កាន់តែពិសេស ការសម្ងាត់នៃការការពារជាតិនេះ គឺត្រូវស្ថិតនៅក្រោមវិធានការការពារដោយច្បាប់ជាធរមាន ។
ជាមួយគ្នានេះដែរ អំពើដែលច្បាប់បានកម្រិតក្នុងការផ្សព្វផ្សាយខាងលើនេះ គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា ៤៧៩, មាត្រា ៤៨០ និងមាត្រា ៤៨១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មានដូចខាងក្រោម៖
- មាត្រា ៤៧៩ បទលាតត្រដាងដោយចេតនា ឬអចេតនា នូវការសម្ងាត់នៃការការពារជាតិ
អំពើរបស់បុគ្គលគ្រប់រូបដែលកាន់កាប់ព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យា ដែលមាន
លក្ខណៈជាការសម្ងាត់នៃការការពារជាតិ ដោយមូលហេតុនៃស្ថានភាពរបស់ខ្លួន មុខរបរ មុខងារ ឬនៃបេសកកម្មរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ប្រសិនបើបុគ្គលនេះ បង្ហាញការសម្ងាត់នេះដល់បុគ្គលគ្មានសមត្ថកិច្ចដើម្បីដឹងទេ ។
កាលបើការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ កើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពបទបញ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។
- មាត្រា ៤៨០ បទកាន់កាប់ការសម្ងាត់នៃការការពារជាតិដោយគ្មានសមត្ថកិច្ច
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល អំពើរបស់បុគ្គលគ្មានសមត្ថកិច្ច ដែលកាន់កាប់ដោយចេតនានូវ ព័ត៌មាន វិធី វត្ថុ
ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យា ដែលមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិ ។
- មាត្រា ៤៨១ បទបំផ្លិចបំផ្លាញ ឬចម្លងការសម្ងាត់នៃការការពារជាតិ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល អំពើបំផ្លិចបំផ្លាញ ឬចម្លងព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យា ដែលមានលក្ខណៈជាការសម្ងាត់នៃការការពារជាតិ ។
សរុបមក ការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ គឺជាការបង្ហាញនូវព័ត៌មាន វិធី វត្ថុ ឯកសារ សលាកបត្រ ឬទិន្នន័យព័ត៌មានវិទ្យា ទៅកាន់បុគ្គលដែលមិនមានសមត្ថកិច្ចដើម្បីដឹង ។ អំពើទាំងនោះ គឺជាបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីទប់ស្កាត់បញ្ហានេះជាមុន រដ្ឋ និងស្ថាប័នពាក់ព័ន្ធគួរបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងការអប់រំជាសាធារណៈ ចំពោះសកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងការរក្សាការសម្ងាត់នៃការការពារជាតិ ជាពិសេសក្នុងសម័យបណ្តាញសង្គមដែលព័ត៌មានអាចត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ឃិន ដារ៉ូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



