ELT ៣៤ ឆ្នាំ នៃការអប់រំភាសាអង់គ្លេស ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា

30-08-2026 15:18

(ភ្នំពេញ)៖ វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី.អិល.ធី (ELT) បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ឆ្នាំ២០២៦ ដើម្បីអបអរសាទរសមិទ្ធផលរបស់សិស្សានុសិស្សដែលបានបញ្ចប់កម្មវិធីភាសាអង់គ្លេសទូទៅ (GEP) មធ្យមសិក្សាបត្រភាសាអង់គ្លេស (DEE) និងមធ្យមសិក្សាបត្រជាន់ខ្ពស់ភាសាអង់គ្លេស (ADE)។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ធ្វើ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរសាទរចំពោះសមិទ្ធផល ការខិតខំប្រឹងប្រែង និងដំណើរនៃការរីកចម្រើនរបស់សិស្សានុសិស្ស។ ពិធីនេះបានប្រមូលផ្តុំបេក្ខជនបញ្ចប់ការសិក្សា មាតាបិតា និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងភ្ញៀវកិត្តិយស ដើម្បីចូលរួមអបអរសាទរចំពោះជំហានដ៏សំខាន់មួយក្នុងជីវិតរបស់សិស្សានុសិស្ស។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ELT បានបំពេញបេសកកម្មអប់រំភាសាអង់គ្លេសស្តង់ដាអាមេរិកាំងអស់រយៈពេល ៣៤ឆ្នាំ ដោយបានផ្តល់ការអប់រំដល់សិស្សានុសិស្សរាប់សែននាក់។ អតីតសិស្សជាច្រើនបានបន្តទៅរកភាពជោគជ័យក្នុងអាជីព និងជីវិត ក្លាយជាអ្នកជំនាញ អ្នកអប់រំ សហគ្រិន អ្នកដឹកនាំ និងពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះសង្គមជាតិ។ ភាពជោគជ័យទាំងនេះ គឺជាសក្ខីភាពនៃឥទ្ធិពលយូរអង្វែងនៃការអប់រំលើបុគ្គល គ្រួសារ និងសង្គម។

បច្ចុប្បន្ន ELT Education Group បានពង្រីកវិសាលភាពរបស់ខ្លួន រួមមាន ELT Institute, Berkeley International School ចំនួន ៣សាខា, Hilltop International School និង បុរី ខតយ៉ាត (Borey Courtyard)។ ទោះបីជាមានការរីកចម្រើន និងពង្រីកវិសាលភាពកាន់តែទូលំទូលាយក្តី គោលបំណងសំខាន់របស់ ELT នៅតែរក្សាដដែល គឺការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ។
ថ្លែងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ជា នាងអេង បានរំលឹកដល់បេក្ខជនបញ្ចប់ការសិក្សាថា វិញ្ញាបនបត្រមិនមែនជាគោលដៅចុងក្រោយទេ តែគឺជាការចាប់ផ្តើម។ លោកស្រីបានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តរៀនសូត្រ មានភាពក្លាហានក្នុងការប្រឈមនឹងបញ្ហា មានទំនួលខុសត្រូវ សុភាពរាបសារ និងប្រើប្រាស់ចំណេះដឹង និងភាពជោគជ័យរបស់ខ្លួន ដើម្បីចូលរួមចំណែកប្រកបដោយអត្ថន័យដល់សង្គម។

ELT Education Group សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការលះបង់ ការគាំទ្រ និងការខិតខំប្រឹងប្រែង ដើម្បីរួមចំណែកក្នុងដំណើរអប់រំរបស់សិស្សានុសិស្ស។

នៅពេលដែលបេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦ ឈានទៅរកជំពូកថ្មីនៃជីវិត ELT Education Group សូមលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ឈានទៅមុខដោយទំនុកចិត្ត ភាពក្លាហាន ចំណេះដឹង ក្តីសប្បុរស និងការប្តេជ្ញាចិត្ត ក្នុងការបង្កើតស្នាដៃ និងសមិទ្ធផលដ៏អស្ចារ្យ៕