ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ដើម្បីភូមិរង់ចាំ បង្ហាញច្បាស់ បេះដូងខ្មែរនៅតែជាមួយខ្មែរជានិច្ច
30-08-2026 21:29
(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» គឺជាចលនាមនុស្សធម៌ដ៏ធំមួយ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបង្ហាញយ៉ាងច្បាស់ថា បេះដូងខ្មែរនៅតែជាមួយខ្មែរជានិច្ច។
នេះបើតាមការលើកឡើងរបស់លោក គួច វែងស្រ៊ុន អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ក្រោយការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើ ដែលប្រព្រឹត្តទៅក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ នៅកីឡដ្ឋានស្ដាតចាស់។
កម្មវិធីនេះមានសកម្មភាពអមជាច្រើន ទាំងការប្រកួត និងកម្មវិធី Football Clinic ដើម្បីចែករំលែកមូលដ្ឋានគ្រឹះបាល់ទាត់ដល់ក្មេងៗ ពីសំណាក់គ្រូបង្វឹក និងអតីតកីឡាករជម្រើសជាតិ ពិសេសវត្តមានកុមារា-កុមារីចំនួន ៥០នាក់ ដែលធ្វើដំណើរមកពីភូមិរង់ចាំ ព្រមទាំងកុមារមកពីគ្រប់មជ្ឈដ្ឋានសរុបប្រមាណ ២០០នាក់។ ចំណែកការប្រកួតលក្ខណៈមិត្តភាពសប្បុរសវិញ គឺក្រុម ស.ស.យ.ក. អលស្តារ យកឈ្នះក្រុមបាល់ទាត់ តារាកម្ពុជា ៣-១ និងក្រុមរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះក្រុមបេះដូងសប្បុរសដើម្បីភូមិរង់ចាំ ៣-២។
លើសពីការប្រកួត ដែលបានបង្កើតនូវបរិយាកាសរីករាយ និងរឹតចំណងមិត្តភាពក្រោមពាក្យស្លោក «កីឡា មិត្តភាព សប្បុរស» ប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាបេសកកម្មមនុស្សធម៌យ៉ាងជ្រាលជ្រៅ ក្នុងការកៀរគរថវិកា និងស្បៀងអាហារចាំបាច់ ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកជីវភាពជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ» ហើយបានទទួលការគាំទ្រ និងចូលរួមបរិច្ចាគយ៉ាងផុសផុសពីសប្បុរសជនផងដែរ។
លោក គួច វែងស្រ៊ុន បានឲ្យដឹងថា ក្រោយចាប់ផ្ដើមយុទ្ធនាការបេះដូងសប្បុរសដើម្បីភូមិរង់ចាំ មានសប្បុរសជនជាច្រើន ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានចូលរួមបរិច្ចាគ ទាំងថវិកា និងសម្ភារផ្សេងៗ ជាក់ស្ដែងការប្រកួតទី១ នៅខេត្តកំពង់ស្ពឺ ទទួលបានថវិកាជាង ១០០លានរៀល និងប្រកួតទី២ ជាមួយរដ្ឋបាលខេត្តកណ្ដាល ទទួលបានថវិកាជាង ៤០០លានរៀល និងចុងក្រោយការប្រកួតមិត្តភាពសប្បុរសធម៌ដ៏ធំ នៅកីឡដ្ឋានស្ដាតចាស់ ដែលរដ្ឋបាលរាជធានីភ្នំពេញ កៀរគរថវិកាបានជាង ៦៦០លានរៀល។
នេះគ្រាន់តែជាថវិកាទទួលបានពីការប្រកួតសប្បុរសធម៌ទាំង ៣លើក ដោយមិនទាន់បូកបញ្ចូលជាមួយថវិកាដែលសប្បុរសជនទូទៅ មានថ្នាក់ដឹកនាំ ឥស្សរជន និងប្រជាពលរដ្ឋទូទាំងប្រទេស បានបរិច្ចាគឡើយ ហើយផ្អែកលើការគាំទ្រនេះ លោកសង្ឃឹមថា អាចនឹងមានការកើនឡើងច្រើន ខណៈក្រុមការងារ ស.ស.យ.ក អលស្ដារ នៅតែបន្ដបើកទទួលជំនួយផ្សេងៗ ទាំងសម្ភារ ទាំងថវិកា រហូតដល់ថ្ងៃទី៣១ ខែសីហា នៅអគារ The Kampus។
លើសពីថវិកា ក្រុម ស.ស.យ.ក អលស្ដារ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ក៏ទទួលបានការបរិច្ចាគជាសម្ភារយ៉ាងច្រើនផងដែរ ពិសេសក្រុមហ៊ុនវឌ្ឍនៈ ក៏ដូចជាក្រុមហ៊ុន ជីព ម៉ុង ដែលបានផ្ដល់នូវសម្ភារជាឈុត ដោយក្រុមហ៊ុននីមួយៗ បានរៀបចំជាកញ្ចប់ចំនួន ៣,៥០០កញ្ចប់ សម្រាប់សហការជាមួយអំណោយ ដែលក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងត្រូវរៀបចំតាមរយៈការច្នៃប្រឌិតថវិកាទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ដើម្បីត្រៀមនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ។
លោក គួច វែងស្រ៊ុន បន្ដថា «ខ្ញុំគិតថា នេះគឺជាមហាកម្លាំងសាមគ្គីខ្មែរ យើងអាចនិយាយសាមញ្ញាដោយខ្លីថា ប្រជាជនខ្មែរនៅជួរក្រោយ មិនភ្លេចប្រជាជនខ្មែរនៅជួរមុខ។ ទោះបីជាបងប្អូនប្រជាជនខ្មែរទាំងអស់ ជាប់បំពេញភារកិច្ច និងការទទួលខុសត្រូវលើជីវភាពខ្លួនឯង តែបេះដូងពួកគាត់នៅតែផ្សារភ្ជាប់។ តាមរយៈកម្មវិធីនេះ ខ្ញុំឃើញថា ពួកគាត់មានការចូលរួម ហើយក៏នឹកស្មានថា យើងអាចទទួលបានថវិកាច្រើនយ៉ាងនេះទេ។ នេះគឺជាសារតែមួយយ៉ាងខ្លីត្រឡប់មកវិញ គឺបេះដូងខ្មែរនៅតែជាមួយខ្មែរជានិច្ច»។
គួរដឹងថា ក្រុមការងារ ស.ស.យ.ក អលស្ដារ នឹងបន្ដទទួលការចូលរួមបរិច្ចាគជាមួយកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» រហូតដល់ថ្ងៃទី៣១ ខែសីហា។ បន្ទាប់មកលោក ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារនឹងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីនាំយកនូវសេចក្តីស្រឡាញ់ ក្តីសង្ឃឹម និងការលើកទឹកចិត្តចេញពីបេះដូងរបស់បងប្អូនមហាគ្រួសារខ្មែរ ជូនដល់បងប្អូននៅ «ភូមិរង់ចាំ» ឱ្យកាន់តែជិតស្និទ្ធ នាថ្ងៃទី១២-១៣ ខែកញ្ញាខាងមុខ អមជាមួយការត្រៀមរៀបចំនូវកម្មវិធីសំខាន់ៗជាច្រើន ក្នុងនោះក៏នឹងមានសកម្មភាពបាល់ទាត់ជាមួយកុមារនៅភូមិរង់ចាំ និងគម្រោងសាងសង់ទីលានបាល់ទាត់ សម្រាប់កុមារ និងប្រជាពលរដ្ឋនៅភូមិរង់ចាំបានលេងកម្សាន្ដផងដែរ៕












