ព្រះខ័នរាជស្វាយរៀង បន្ដគ្រងជើងឯកពានបើករដូវកាល Super Cup ក្រោយយកឈ្នះវិសាខា ដ៏តានតឹង

30-08-2026 21:49

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានបន្ដឈ្នះជើងឯកពានរង្វាន់បើករដូវកាលថ្មី Cambodian Super Cup 2026 ក្រោយយកឈ្នះក្រុមវិសាខា ដោយលទ្ធផលដ៏តានតឹង ២-១ ក្នុងជំនួបនៅព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្របពេលវិសាខា សល់គ្នាត្រឹម ១០នាក់ តាំងពីនាទីទី៣៧។

ជំនួបដ៏ជក់ចិត្ត ដែលមានអ្នកគាំទ្រចំនួន ១២,៨៩០នាក់ចូលទស្សនាផ្ទាល់នេះ ក្រុមទាំងពីរ បានបើកការវាយសម្រុកគ្នាទៅវិញទៅមក តែវគ្គទី១ គ្មានក្រុមណារកបានគ្រាប់បាល់ឡើយ។ អ្វីដែលគួរឲ្យស្ដាយ គឺវិសាខា បានបង់សមាជិកម្នាក់ បន្ទាប់ពីខ្សែការពារ ស រតនា បង្កកំហុសលើខ្សែប្រយុទ្ធ មិន រតនៈ នៅនាទី៣៧ ហើយត្រូវបានអាជ្ញាកណ្ដាលសម្រេចផ្ដល់ការពិន័យកាតក្រហមភ្លាមៗ។

ទោះសល់គ្នាត្រឹម ១០នាក់ក្ដី តែទម្រាំព្រះខ័នរាជស្វាយរៀង អាចទម្លាយរបាំងការពារដ៏រឹងមាំរបស់វិសាខា ត្រូវរង់ចាំដល់ចុងម៉ោង ទើបកីឡាករ Kwame Peprah រកបានគ្រាប់នាំមុខ ១គ្រាប់ មុនមិត្តរួមក្រុម សៀង ចន្ធា បន្ថែមគ្រាប់ទី២ នៅនាទី៩០។ បែបនេះក្ដី វិសាខា នៅតែបន្ដការខំប្រឹង និងមានឱកាសជារឿយៗ រហូតវាយបកបាន ១គ្រាប់វិញ ដោយកីឡាករ Donovan Ewolo នៅនាទី៩០+៤ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

តាមរយៈជំនួបដ៏ស្វិតស្វាញ ដើម្បីប្រកាសពីការត្រៀមត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ ត្រូវបានអ្នកគាំទ្ររំពឹងថា លីគរដូវកាលថ្មី នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ពិសេសជំនួបរវាងបណ្ដាក្លិបធំៗ តែបេក្ខភាព ៥ក្រុមខាងក្រោម កាលពីរដូវកាលមុន ក៏មិនគួរមើលរំលងផងដែរ តួយ៉ាងក្រុមឡាយហ្វខេត្តព្រះសីនុ ដែលទើបយកឈ្នះភ្នំពេញក្រោន លើកពាន Pre-Season មុនព្រះខ័នរាជស្វាយរៀង ១ថ្ងៃ នៅទឹកដីរបស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ៕