Boeing និងសហជីពត្រៀមបើកការចរចាសារជាថ្មី ដើម្បីជៀសវាងកូដកម្មកកស្ទះការផលិតយន្តហោះ
31-08-2026 08:44
(បរទេស)៖ តំណាងក្រុមហ៊ុន Boeing និង សហជីពបុគ្គលិករដ្ឋបាល និងជំនាញ (SPEEA) ឬ (សហជីពកអាវស) ដែលតំណាងឱ្យវិស្វករ និងបុគ្គលិកបច្ចេកទេសប្រមាណ ១៧ ០០០ នាក់ គ្រោងនឹងជួបគ្នានៅថ្ងៃចន្ទខាងមុខនេះ ដើម្បីបន្តការចរចាលើកិច្ចសន្យាការងារឡើងវិញ។ ការចរចានេះធ្វើឡើងបន្ទាប់ពីសមាជិកសហជីពបានបោះឆ្នោតបដិសេធសំណើចាស់របស់ក្រុមហ៊ុនយ៉ាងដាច់អហង្ការ ដោយសារពួកគេទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលភ្លាមៗក្នុងកម្រិតខ្ពស់ជាងមុន ការបន្ថែមប្រាក់រង្វាន់លើសមត្ថភាពការងារ និងការកែសម្រួលប្រាក់ប្រកបដោយការប្រៀបធៀបនឹងតម្លៃទំនិញនៅលើទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ស្ថានភាពកាន់តែមានភាពតានតឹងឡើង ដោយសារកិច្ចសន្យាបច្ចុប្បន្នត្រូវផុតកំណត់នៅថ្ងៃទី០៦ ខែតុលាខាងមុខ។ ក្រុមហ៊ុន Boeing បានចាប់ផ្តើមប្រកាសរើសបុគ្គលិកម៉ៅការក្រៅផ្លូវការ ដែលបង្ហាញពីការត្រៀមលក្ខណៈទប់ទល់ករណីមានកូដកម្មកើតឡើង។ ការផ្អាកការងារណាមួយពីសំណាក់វិស្វករ អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសាកល្បង និងសុំអាជ្ញាប័ណ្ណផ្លូវការសម្រាប់ម៉ូឌែលយន្តហោះ 737 MAX 10 និង 777-9 ដែលកំពុងយឺតយ៉ាវជាងកាលវិភាគជាច្រើនឆ្នាំមកហើយ។
ជុំវិញការបន្តតុចរចានេះ អ្នកនាំពាក្យក្រុមហ៊ុន Boeing បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយមុនពេលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់ ហើយយើងរង់ចាំមើលការស្វែងរកដំណោះស្រាយជាមួយ SPEEA នៅឯតុចរចា»៕











