ផែនការថាមពល AI ល្បឿនលឿនរបស់ Elon Musk ប្រឈមនឹងអាវុធមុខពីរផ្នែកបរិស្ថាន

31-08-2026 09:59

(បរទេស)៖ លោក Elon Musk បានប្រកាសពីផែនការបង្កើតរោងចក្រដុតលោហៈ (Foundry) ដោយសម្ងាត់មួយក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ដើម្បីផលិតស្លាបទូប៊ីន (Turbine blades and vanes) សម្រាប់ទូប៊ីនឧស្ម័នដោយខ្លួនឯង។ លោកបានអះអាងថា ការផលិតសមាសភាគទាំងនេះដោយផ្ទាល់នឹងជួយកាត់បន្ថយពេលវេលាក្នុងការដាក់ឱ្យដំណើរការទូប៊ីនឧស្ម័នបានរហូតដល់ ១៨ខែ លឿនជាងក្រុមហ៊ុនដទៃទៀត។

គោលបំណងចម្បងនៃការបង្កើនផលិតកម្មទូប៊ីនឧស្ម័ននេះ គឺដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីភ្លាមៗ និងជាបន្ទាន់ដល់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) របស់លោក រួមទាំងគម្រោងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ដែលកំពុងស្រេកឃ្លានថាមពលយ៉ាងខ្លាំង។ ទោះបីជាដំណោះស្រាយនេះ ជួយដោះស្រាយបញ្ហាកង្វះខាតថាមពលសម្រាប់វិស័យ AI បានលឿនយ៉ាងណាក៏ដោយ វាក៏បាននាំមកនូវក្តីបារម្ភយ៉ាងខ្លាំង៖

១៖ ការបញ្ចេញឧស្ម័នបំពុលបរិស្ថាន ការប្រើប្រាស់ទូប៊ីនឧស្ម័នធម្មជាតិ (Methane Gas Turbines) ដើម្បីបង្កើតថាមពលអគ្គិសនី បញ្ចេញឧស្ម័នកាបូនិច និងសារធាតុបំពុលខ្យល់ផ្សេងទៀត ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងបំផ្លាញគោលដៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
២៖ ផលប៉ះពាល់លើសហគមន៍មូលដ្ឋាន គម្រោងប្រើប្រាស់ទូប៊ីនឧស្ម័នជាច្រើនកន្លែងកន្លងមក (ដូចជាមជ្ឈមណ្ឌលទិន្នន័យ xAI នៅ Memphis) បានរងការរិះគន់ និងប្រឈមនឹងការតវ៉ាពីប្រជាពលរដ្ឋក្នុងតំបន់ ដោយសារតែការបញ្ចេញផ្សែង និងកម្រិតសំឡេងរំខាន ដែលប៉ះពាល់ដល់សុខភាព និងគុណភាពរស់នៅរបស់ពួកគេ។
៣៖ ការបង្កើតរោងចក្រស្លហៈផ្ទាល់ខ្លួន ដំណើរការនៃការស្ល និងកែច្នៃលោហៈសម្រាប់ធ្វើស្លាបទូប៊ីនខ្លួនឯង ក៏ជាដំណើរការឧស្សាហកម្មធ្ងន់ដែលប្រើប្រាស់ថាមពលច្រើន និងបង្កើតឱ្យមានសំណល់បំពុលបន្ថែមទៀតផងដែរ។

គួរជម្រាបថា ជុំវិញផែនការនេះ អ្នកវិភាគ និងអ្នកប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុបានលើកឡើងថា ទោះបីជាវិធីសាស្ត្ររបស់ Elon Musk អាចជួយដោះស្រាយវិបត្តិថាមពលក្នុងវិស័យ AI បានយ៉ាងរហ័សក៏ដោយ ប៉ុន្តែវាត្រូវបង់ថ្លៃមកវិញដោយផលប៉ះពាល់ផ្នែកបរិស្ថាន និងការបំពុលខ្យល់កាន់តែខ្លាំងឡើង៕