ខ្សែប្រយុទ្ធ Jesus នឹងទៅពិនិត្យសុខភាពនៅក្លិប Barcelona ថ្ងៃចន្ទនេះ មុនផ្ទេរចេញពី Arsenal ក្នុងតម្លៃជិត ១០លានផោន
31-08-2026 10:20
(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus នឹងចាកចេញពីអង់គ្លេសឆ្ពោះទៅប្រទេសអេស្ប៉ាញ ដើម្បីពិនិត្យសុខភាពក្នុងក្លិប FC Barcelona មុនពេលបញ្ចប់ការផ្ទេរពីកាំភ្លើងធំ Arsenal ផ្លូវការ ក្នុងតម្លៃប្រមាណ ៨.៦លានផោន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ មិនស្ថិតក្នុងក្រុម Arsenal ពេលលេងក្នុងលីគ Premier League ទល់នឹង Coventry តាំងពីថ្ងៃបើកឆាកដែលពួកគេបានបំបាក់ ៣-០ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ។
ដំបូងឡើយតម្លៃខ្លួនរបស់ Jesus ក៏យ៉ាងហោចណាស់ ៥០លានផោនដែរ ក៏ប៉ុន្តែក្រោយមិនស្ថិតក្នុងគម្រោងសម្រាប់រដូវកាលថ្មីរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Mikel Arteta ក៏ធ្លាក់តម្លៃយ៉ាងគំហុកបែបនេះវិញ។
ក្រុមនៅក្របខណ្ឌ Serie A គឺពពកស Napoli ក៏បានបង្ហាញការចាប់អារម្មណ៍លើ Jesus ក៏ប៉ុន្តែរូបគេសម្រេចចិត្តជ្រើសរើសក្រុមជើងឯកលីគ La Liga រដូវកាលមុនវិញ និងជិះយន្តហោះមកពិន្ទុសុខភាពនៅថ្ងៃចន្ទ មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារនៅរាត្រីថ្ងៃអង្គារស្អែកនេះ។
នៅចាំបានថា Jesus បានមកចូលរួមជាមួយ Arsenal កាលឆ្នាំ២០២២ ពីក្លិបរួមលីគ Manchester City ដោយស៊ុតបាន ៣២គ្រាប់ និងបញ្ចូនបាន ២២លើក ក្នុងចំណោម ១២៣ប្រកួតសរុបនៅកីឡដ្ឋាន Emirates៕



