NVIDIA សម្រេចបិទមុខងារ Overclock លើ RTX 5000 ភ្លាមៗ ក្រោយបារម្ភពីរឿងសុវត្ថិភាពអគ្គិសនី
31-08-2026 13:20
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស NVIDIA បានផ្លាស់ប្តូរជំហរភ្លាមៗ ដោយបានចេញផ្សាយការធ្វើបច្ចុប្បន្នភាព Driver កំណែ 615.56 ចុងក្រោយបង្អស់ ដើម្បីបិទមុខងារគ្រប់គ្រងថាមពល (Core Power Limit Control) លើកាតក្រាហ្វិកត្រកូល GeForce RTX 5000 Series។ ការដកមុខងារនេះចេញ គឺដើម្បីទប់ស្កាត់មិនឱ្យអ្នកប្រើប្រាស់ អាចទាញយកថាមពលអគ្គិសនីបន្ថែមលើសពីកម្រិតកំណត់សុវត្ថិភាពរបស់រោងចក្របានទៀតឡើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យា TechPowerUp នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ដើមហេតុនៃការបិទនេះ បានកើតឡើងបន្ទាប់ពីឧបករណ៍ Overclocking ឈ្មោះ mVolt+ ត្រូវបានគេរកឃើញថា អាចទម្លុះរបាំងការពារថាមពល (VBIOS limit) របស់ NVIDIA បានដោយជោគជ័យ។ តាមរយៈកម្មវិធីនេះ អ្នកជំនាញអាចរុញថាមពលលើកាតក្រាហ្វិកជាន់ខ្ពស់ RTX 5090 ឱ្យទាញយកអគ្គិសនីបន្ថែមរហូតដល់ 125 W (សរុបដល់ 700 W) និងជំរុញល្បឿន Core Clock ឱ្យរត់ដល់ 3.12 GHz រីឯកាត RTX 5080 អាចរុញថាមពលដល់ 680 W និងល្បឿន 3.39 GHz។
ទោះជាយ៉ាងណា ការបង្កើនថាមពលជ្រុលបែបនេះ បានបង្កើតជាកង្វល់យ៉ាងខ្លាំងនៅក្នុងសហគមន៍បច្ចេកវិទ្យា ជុំវិញសុវត្ថិភាពនៃខ្សែចរន្ត 12V-2x6 ដែលអាចប្រឈមនឹងការឡើងកម្ដៅខ្លាំង ឬរលាយខ្សែ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ Driver ថ្មី 615.56 របស់ NVIDIA ត្រូវបានគេរាយការណ៍ថាបានដាក់វិធានការបិទការចូលទៅកាន់ Core Power តែម្តង។ ផ្អែកលើរបាយការណ៍ពី Overclock.net បានឱ្យដឹងថា «រាល់ការប៉ុនប៉ងបញ្ចូលចរន្តអគ្គិសនីបន្ថែម នឹងបណ្តាលឱ្យអេក្រង់ខ្មៅ (Black Screen) ភ្លាមៗ ដែលដូចទៅនឹងការគាំង Driver»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានកត់សម្គាល់ឃើញថា កម្មវិធី Hydra 2.3 កំណែ Beta នៅតែអាចចូលទៅបញ្ជា Core Power លើ GPU របស់ NVIDIA បាននៅឡើយ។ ហេតុដូច្នេះ គេនៅមិនទាន់អាចបញ្ជាក់បាន ១០០% ទេថា តើ NVIDIA មានចេតនាដៅតចាក់ចំ mVolt+ ឬគ្រាន់តែជាបញ្ហាមិនស៊ីគ្នា (Incompatibility) រវាងកម្មវិធី និង Driver ថ្មី។ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់ NVIDIA ក្នុងការការពារកាតក្រាហ្វិកតម្លៃពាន់ដុល្លាររបស់អ្នកប្រើប្រាស់ ពីគ្រោះថ្នាក់នៃការឆេះ/ខូចខាតដោយសារភ្លើងជ្រុល៕









