តារាសម្ដែង លឹម ជាឡាយ ហក់ចូលក្នុងវិស័យជំនួញ ក្លាយជា CEO របស់ផលិតផលច្នៃប្រឌិតដោយរូបមន្តកូនខ្មែរ

31-08-2026 13:36

(ភ្នំពេញ)៖ តារាសម្ដែងដ៏មានប្រជាប្រិយភាពក្នុងពិភពសិល្បៈ លោក លឹម ជាឡាយ បានសម្រេចចិត្តបោះជំហានយ៉ាងរឹងមាំចូលក្នុងពិភពជំនួញ ដោយបានប្រកាសខ្លួនជានាយកប្រតិបត្តិ (CEO) នៃផលិតផលថែរក្សាសម្រស់ ALIKA ស្នាដៃច្នៃប្រឌិតរបស់កូនខ្មែរដោយប្រើរូបមន្តកូនខ្មែរ ១០០% ក្នុងគោលបំណងនាំយកផលិតផលមានគុណភាព ស្តង់ដារមកជូនប្រជាជនកម្ពុជា និងចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ បន្ទាប់ពីឈរជើងក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ឆ្នាំ ដោយទទួលបានការគាំទ្រ ពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។

ពិធីសម្ពោធជាផ្លូវការនៃផលិតផល ALIKA ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មិត្តភក្តិក្នុងរង្វង់សិល្បៈ និងអតិថិជនជាច្រើន។ ក្នុងកម្មវិធីនោះ ក៏មានការលេងហ្គេមកម្សាន្ត ចែករង្វាន់មាស និងការបញ្ចុះតម្លៃពិសេសជាច្រើន ដើម្បីជាកាដូដល់អ្នកគាំទ្រ។ ការបោះជំហានចូលក្នុងវិស័យគ្រឿងសម្អាងនាពេលនេះ ក៏ចំពេលដែលចរន្តនៃការគាំទ្រ ផលិតផលក្នុងស្រុកកំពុងមានសន្ទុះខ្លាំង ខណៈប្រជាជនកម្ពុជាមួយចំនួនធំ កំពុងងាកមកប្រើប្រាស់ផលិតផលដែលមានប្រភពច្បាស់លាស់ ជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាង។

តារាសម្ដែងលោក លឹម ជាឡាយ បានប្រាប់ Fresh News Plus ឱ្យដឹងថា ការបង្កើតប្រេន ALIKA នេះ មិនមែនធ្វើឡើងតាមការនឹកឃើញភ្លាមៗនោះទេ ប៉ុន្តែលោកនិងក្រុមការងារបានចំណាយពេលសិក្សាស្រាវជ្រាវ យ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនខែ។ លោកបានបញ្ជាក់ថា «គោលដៅរបស់ខ្ញុំ គឺមិនមែនគ្រាន់តែបង្កើតផលិតផលមកលក់ ដើម្បីចំណេញនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺគុណភាព។ ALIKA គឺជាចំណងដៃរូបមន្តកូនខ្មែរ ១០០% ដែលផលិតនៅរោងចក្រខ្នាតធំនៅប្រទេសចិន ស្របតាមស្តង់ដារគុណភាពសហរដ្ឋអាមេរិក»

ទោះបីជាកំពុងមមាញឹកក្នុងតួនាទីជា CEO ក៏ដោយ លោក លឹម ជាឡាយ បានបញ្ជាក់ថា លោកនឹងមិនបោះបង់អាជីពសិល្បៈ ដែលជាចំណូលចិត្តតាំងពីដើមនោះឡើយ។ ផ្ទុយទៅវិញ លោកមានគម្រោងពង្រីកវិសាលភាពសិល្បៈបន្ថែមទៀត ដោយក្នុងពេលឆាប់ៗនេះ លោកនឹងបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មី ដែលទទួលបានការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពី ALIKA Cambodia។ លោក លឹម ជាឡាយ បានសង្កត់ធ្ងន់ថា «នេះជាឱកាសល្អបំផុតក្នុងការបង្ហាញសក្កានុពលរបស់កូនខ្មែរ ដែលអាចបង្កើតផលិតផលដែលមានគុណភាព មិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសឡើយ»

លើសពីនេះ លោកក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជ្រើសរើសសិល្បករ-សិល្បការិនីជំនាន់ក្រោយ ឱ្យមកចូលរួមការងារជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ឱកាសការងារ និងជួយជ្រោមជ្រែងវិស័យសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើន។ លោកបានប្តេជ្ញាថា ការគាំទ្រ ALIKA មិនត្រឹមតែទទួលបានសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមគាំទ្រឧស្សាហកម្ម និងសិល្បករខ្មែរយ៉ាងពិតប្រាកដ។

បច្ចុប្បន្ន ផលិតផលដំបូងដែលត្រូវបានដាក់លក់ រួមមានហ្វមលាងមុខ និងស្កាប់ (Scrub) ហើយបន្ទាប់ទៅទៀត លោកក៏មានផែនការនាំយកផលិតផល ដែលមានគុណភាពខ្ពស់ផ្សេងៗទៀត ដើម្បីបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា៕