សាលាអន្តរជាតិប្រាយវេ សាខាភ្នំបាសិទ្ធ ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សឆ្នើម ១១៥នាក់

31-08-2026 15:57

(ភ្នំពេញ)៖ សាលាអន្តរជាតិប្រាយវេ សាខាភ្នំបាសិទ្ធ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សឆ្នើមចំនួន ១១៥នាក់ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសាលា ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីដ៏មានអត្ថន័យនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ជួប នី នាយកសាលាអន្តរជាតិប្រាយវេ សាខាបាសិទ្ធ និងភរិយា ដោយមានការអញ្ជើញចូលរួមពី លោក ផាន ភ័ន ប្រធានយុវជនសង្កាត់ពន្សាំង លោក ហ៊ុយ សាវឿន ហៅឌេល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនោះ លោកនាយកសាលាបានលើកឡើងពីវឌ្ឍនភាព និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្នុងការអភិវឌ្ឍគុណភាពអប់រំ ដោយផ្តោតសំខាន់ជាពិសេសទៅលើ សីលធម៌ សុជីវធម៌ គុណធម៌ និងព្រហ្មវិហារធម៌។ ជាមួយគ្នានេះ លោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូព្យាយាមរបស់សិស្សានុសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់រៀនសូត្ររហូតទទួលបានលទ្ធផលជាទីមោទនៈ។

ភាពជោគជ័យនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯង និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានគុណភាព ប្រកបដោយចំណេះដឹង និងសីលធម៌។

ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ដោយក្មួយៗសិស្សានុសិស្សបានឡើងទទួលយកសមិទ្ធផលការសិក្សារៀងៗខ្លួន ក្រោមការអបអរសាទរ និងក្តីរំភើបពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលដែលបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃនេះ៕