មជ្ឈមណ្ឌលភាសា ស៊ី អិល អេ - Cambodia Language Academy(CLA) ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំ២០២៥-២០២៦ ដោយជោគជ័យ
31-08-2026 17:49
(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសាស៊ី អិល អេ (Cambodia Language Academy) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដ៏មហោឡារិក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមពីបេក្ខជនជ័យលាភីចំនួន ៥១នាក់ និងអ្នកចូលរួមយ៉ាងច្រើនកុះករ សរុបប្រមាណជិត ២០០នាក់ រួមមានលោក-លោកស្រីជាមាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងភ្ញៀវកិត្តិយសជាច្រើនរូប។ កម្មវិធីដ៏វិសេសវិសាលនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងផ្ដល់កិត្តិយសដល់ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលបានបញ្ចប់វគ្គកម្មវិធីសិក្សាបង្គោលទាំងបីគឺ៖ កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ - Childrens’ English Program (CEP), កម្មវិធីភាសាអង់គ្លេសសម្រាប់យុវវ័យ -Teenagers’ English Program (TEP) និងកម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ - Adults’ English Program (AEP)។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងដែលដឹកនាំ ដោយក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលភាសា ស៊ី អិល អេ ដែលដឹកនាំដោយឧកញ៉ា បណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និង លោក ហុីម សំអាត ស្ព្រង់ អនុប្រធានក្រុមប្រឹក្សាភិបាល។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជំនឿចិត្តយ៉ាងមុតមាំរបស់ក្រុមប្រឹក្សាភិបាលមកលើសាលា បានផ្តល់នូវធនធាន និងការលើកទឹកចិត្តយ៉ាងសំខាន់ក្នុងការបន្តបង្កើតគំនិតច្នៃប្រឌិតថ្មីៗក្នុងវិស័យអប់រំ។
ស្របគ្នានឹងការប្តេជ្ញាចិត្តនេះ លោកនាយកសាលា អេឡិចសេនដ្រូ ហេលស៍ បានប្រកាសថា៖ មជ្ឈមណ្ឌលភាសា ស៊ី អិល អេ កំពុងបោះជំហានចូលទៅក្នុងទំព័រថ្មី ដ៏គួរឱ្យរំភើប ដោយសន្យាថានឹងកសាងអនាគតដែលកាន់តែប្រសើរឡើង សម្រាប់សិស្សានុសិស្ស តាមរយៈការកែលម្អថ្នាក់រៀន និងការលើកកម្ពស់បរិយាកាសសិក្សា ឱ្យកាន់តែសម្បូរបែប ជាបន្ថែមទៀត គិតចាប់ពី វគ្គសិក្សាថ្មី ដែលនឹងចាប់ផ្តើម នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។
ចំណុចស្នូលនៃភាពជោគជ័យរបស់សាលា គឺការប្តេជ្ញាចិត្តឈានទៅរកស្តង់ដារអប់រំកម្រិតសកល។ ទស្សនវិជ្ជាអប់រំស្នូលរបស់ CLA គឺការផ្តល់នូវការអប់រំដែល «លើសពីភាសាអង់គ្លេសតែមួយមុខ» (More than just English) ដែលធានាថាលោកគ្រូ-អ្នកគ្រូគ្រប់រូប និងកម្មវិធីសិក្សាទាំងអស់ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិយ៉ាងម៉ឺងម៉ាត់។ តាមរយៈការលើកកម្ពស់ស្តង់ដារ របស់ខ្លួនឱ្យ ស្របតាមកម្រិតគុណភាពអប់រំ អន្តរជាតិ ដែលមានសាលាតិចតួចណាស់នៅក្នុងតំបន់អាចធ្វើបាន។ CLA ធានាថាវិញ្ញាបនបត្រដែលទទួលបានពីសាលា នឹងត្រូវបានទទួលស្គាល់ជា អន្តរជាតិ ជាមួយការប្រលងតេស្តកម្រិតភាសាអង់គ្លេស IELTS (កម្រិតអាយអែល) ដែលផ្តល់ឱ្យសិស្សានុសិស្សនូវការអប់រំមួយ ដែលអាចបើកទ្វារឱកាសសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។
នៅក្នុងកម្មវិធីនេះដែរ ក៏មានការថ្លែងចំណាប់អារម្មណ៍ដ៏មានអត្ថន័យ និងរំភើបញាប់ញ័រពីសំណាក់សិស្សឆ្នើមដែលជាតំណាងឱ្យកម្មវិធីសិក្សាទាំង៣ រួមមាន CEP, TEP, និង AEP ដោយពួកគេបានរំលឹកពីការលូតលាស់ និងការអភិវឌ្ឍខ្លួនក្នុងអំឡុងពេលសិក្សានៅ CLA។ អ្វីដែលជាការរំភើបបំផុតនោះ គឺខណៈពេលដែលជ័យលាភីទាំងអស់បានក្រោកឈរឡើង ដើម្បីសម្តែងនូវការដឹងគុណ និងការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះលោកឪពុកអ្នកម្តាយអាណាព្យាបាលសិស្ស និងលោកគ្រូ-អ្នកគ្រូ ជាទីស្រលាញ់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីអនាគតរបស់ពួកគេ។
បន្ទាប់ពីបញ្ចប់ការថ្លែងចំណាប់អារម្មណ៍របស់សិស្សឆ្នើមទាំង៣រូប លោក វ៉ាត ថានិត ដែលជាប្រធានកម្មវិធីសិក្សា បានឡើងថ្លែងមតិអបអរសាទរ និងបានប្រកាសបើកដំណើរការជាផ្លូវការនូវកម្មវិធីសិក្សាថ្មីសន្លាងមួយ គឺ «កម្មវិធី សិក្សាភាសាអង់គ្លេសទូទៅកម្រិតខ្ពស់» ឬ GEP+ (General English Program Plus)។ កម្មវិធី GEP+ នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិធីសាស្ត្របង្រៀនក្នុងថ្នាក់រៀន និងបង្កើនលទ្ធផលសិក្សារបស់សិស្ស ឱ្យកាន់តែប្រសើរឡើង។ លើសពីនេះ កម្មវិធីសិក្សាបានបញ្ជ្រាបទៅក្នុងកម្មវិធីជំនាញពិសេសផ្សេងទៀត រួមមាន៖ កម្មវិធីភាពជាអ្នកដឹកនាំសម្រាប់យុវវ័យ (Youth Leadership),កម្មវិធីភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម (Business English), ថ្នាក់បំប៉នបន្ថែម (មុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ) និងកម្មវិធី Auswin ដែលផ្តល់ឱកាសឱ្យសិស្សានុសិស្ស អាចបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោកដូចជា Deakin, La Trobe និង Monash University ជាដើម។
នៅចុងបញ្ចប់នៃកម្មវិធី បានបិទបញ្ចប់ដោយជោគជ័យ តាមរយៈការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជាផ្លូវការ និងការប្រគល់ប័ណ្ណសរសើរជូនដល់សិស្សឆ្នើម ក៏ដូចជាលោកគ្រូ-អ្នកគ្រូផងដែរ។ ពិធីអបអរសាទរនេះបានប្រព្រឹត្តទៅពោរពេញដោយក្តីរីករាយ តាមរយៈកម្មវិធីបោះមួកបញ្ចប់ការសិក្សា និងការថតរូបជួបជុំរួមគ្នា ដែលជានិមិត្តរូបបង្ហាញពីភាពជោគជ័យ និងអនាគតដ៏ភ្លឺស្វាងរបស់យុវជនជំនាន់ក្រោយ៕

















