កម្ពុជា យកឈ្នះយេម៉ែន ២-១ ក្នុងជំនួបបើកឆាកវគ្គជម្រុះ AFC U20 Asian Cup 2027

31-08-2026 22:04

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតដំបូង ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី (AFC U20 Asian Cup China 2027) ពូល G បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិយុវជន U20 យេម៉ែន ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី៣១ ខែសីហានេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ជំនួបដ៏ជក់ចិត្តនេះ កីឡាករ ស៊ូ មេងហុង បានរកគ្រាប់នាំមុខឲ្យក្រុមគោព្រៃជំទង់កម្ពុជា ១គ្រាប់មុន ត្រឹមនាទី១៧ មុនក្រុមភ្ញៀវយេម៉ែន វាយបកតាមស្មើ នៅនាទី២៤។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៥៦ ម្ចាស់ផ្ទះកម្ពុជាំ ក៏មានឱកាសរកគ្រាប់នាំមុខជាថ្មី ដោយកីឡាករ ឈឿន ដាវីន ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្រោយខ្សែការពារយេម៉ែន បង្កកំហុសក្នុងប្រអប់លើកីឡាករ លី សុខគ្រីយ៉ា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

ជ័យជម្នះនេះនាំឲ្យក្រុមជម្រើសជាតិ U20 កម្ពុជា ឈរលេខ២ បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន ដែលបានយកឈ្នះក្រុមជម្រើសជាតិ U20 កូវ៉ែត ដោយលទ្ធផល ៤-០ កាលពីល្ងាចមិញ ខណៈការប្រកួតបន្ទាប់ កម្ពុជា និងត្រូវជួបជប៉ុន នាថ្ងៃទី៣ ខែកញ្ញាខាងមុខ៕