ធនាគារ ជីប ម៉ុង ជាធនាគារខ្មែរ ដែលបន្តកើនឡើង ទាំងទ្រព្យសកម្ម ប្រាក់បញ្ញើ និងការផ្ដល់ឥណទាន

01-09-2026 10:12

(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង គឺជាធនាគារខ្មែរមានភាគទុនិកជាជនជាតិខ្មែរ ១០០% ដែលមានគោលដៅចម្បង ប្រែក្លាយខ្លួនឱ្យទៅជាធនាគារ ដែលទទួលបានការទុកចិត្តខ្ពស់ពីប្រជាជនខ្មែរ។ ធនាគារ ជីប ម៉ុង ផ្តោតសំខាន់លើការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួល រហ័ស និងដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ទាំងបុគ្គល និងអាជីវកម្ម។

ក្នុងឆ្នាំ ២០២៥ ធនាគារ ជីប ម៉ុង សម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដោយទ្រព្យសកម្មសរុបកើនឡើង ៣៣.៦៥% ខណៈប្រាក់កម្ចីកើនឡើង ២០.៦៣% និងប្រាក់បញ្ញើកើនឡើង ៣៨.១២%។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីសន្ទុះនៃការរីកចម្រើន និងសមត្ថភាពរបស់ធនាគារ ជីប ម៉ុង ក្នុងការបន្តពង្រឹងមូលដ្ឋានហិរញ្ញវត្ថុ ព្រមទាំងទំនុកចិត្តពីអតិថិជន និងភាគីពាក់ព័ន្ធ។

លើសពីការផ្តល់សេវាហិរញ្ញវត្ថុ ធនាគារ ជីប ម៉ុង យកចិត្តទុកដាក់លើការស្វែងយល់ពីតម្រូវការ គោលដៅ និងរួមដំណើរជាមួយម្ចាស់អាជីវកម្ម គ្រប់ដំណាក់កាលនៃការរីកចម្រើនរបស់គាត់ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប និងអាចបង្កើតផលចំណេញក្នុងរយៈពេលវែង។

នាមួយរយៈចុងក្រោយនេះ ធនាគារ ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងវិស័យកសិកម្មនៅកម្ពុជា រួមមានការផ្ដល់ឥណទានដោយមិនទាមទារទ្រព្យធានា ដើម្បីគាំទ្រការប្រមូលទិញ និងកែច្នៃនាំចេញស្រូវអង្ករ-គ្រាប់ស្វាយចន្ទី។​ ជាលទ្ធផលមកដល់ត្រឹមខែ សីហា ឆ្នាំ២០២៦ នេះទិន្នផលគ្រាប់ស្វាយចន្ទី នៅតែបន្តអាចនាំចេញទៅក្រៅប្រទេសបាន ក្នុងកំណើនមួយល្អជាងឆ្នាំមុនៗ ដោយនេះជាសក្ខីភាព និងលទ្ធផលជាក់ស្ដែងកើតចេញពីការគាំទ្ររបស់ធនាគារ ជីប ម៉ុង កន្លងមក។ ធនាគារ ជីប ម៉ុង មានគោលដៅផ្ដល់ឥណទានរហូតដល់ ៥០០ លានដុល្លារគាំទ្រវិស័យកសិកម្ម ដើម្បីម្ចាស់សហគ្រាសមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញ និងកែឆ្នៃផលិតផលនាំចេញបានកាន់តែប្រសើរ ជាពិសេសផ្ដល់ផលចំណេញដល់កសិករ និងឱកាសការងារដល់ប្រជាជនក្នុងមូលដ្ឋាន។

ជាមួយនឹងការប្តេជ្ញាចិត្តនេះ ធនាគារ ជីប ម៉ុង ក៏នៅបន្តពង្រឹងសេវាកម្មសំខាន់ៗជាច្រើនផ្សេងទៀត ដូចជា កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម គណនីអាជីវករ និងគណនីបញ្ញើ ព្រមទាំងបន្តអភិវឌ្ឍឥតឈប់ឈរលើសេវាធនាគារឌីជីថល ដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពកាន់តែប្រសើរដល់អតិថិជន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ។

ភាពរឹងមាំរបស់ធនាគារ ជីប ម៉ុង ក៏ត្រូវបានគាំទ្រដោយគ្រឹះដ៏រឹងមាំរបស់ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ បង្កើតឡើងតាំងពីឆ្នាំ ១៩៨២ និងមានបទពិសោធន៍ពាណិជ្ជកម្មនៅកម្ពុជាអស់រយៈពេលជាង ៤ទសវត្សរ៍។ ជាមួយនឹងបទពិសោធន៍លើពាណិជ្ជកម្ម ពហុវិស័យដ៏ជោគជ័យជាច្រើននៅក្នុងប្រទេស វាបានក្លាយជាកត្តារួមចំណែកពង្រឹងនូវភាពជឿជាក់ និងទំនុកចិត្តរបស់អតិថិជនចំពោះ ធនាគារ ជីប ម៉ុង ក្នុងនាមជាដៃគូហិរញ្ញវត្ថុរយៈពេលវែង។

ក្នុងនាមជាក្រុមហ៊ុនដែលឈរជើងរឹងមាំមកជាង ៤០ឆ្នាំ និងក្នុងនាមជាធនាគារបង្កើតដោយកូនខ្មែរ ធនាគារ ជីប ម៉ុង បន្តប្តេជ្ញាក្លាយជាដៃគូហិរញ្ញវត្ថុដែលប្រជាជនខ្មែរ និងម្ចាស់អាជីវកម្មអាចពឹងពាក់បាន ដើម្បីរួមដំណើរឆ្ពោះទៅរកការរីកចម្រើន សម្រាប់ថ្ងៃនេះ និងថ្ងៃអនាគតប្រកបដោយចីរភាព៕