Apple ប្រកាសថ្ងៃរៀបចំព្រឹត្តិការណ៍ «Surprise and Shine» ជាផ្លូវការ៖ ត្រៀមបង្ហាញ iPhone អេក្រង់បត់ និង CEO ថ្មី
01-09-2026 11:10
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានផ្ញើលិខិតអញ្ជើញជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «Surprise and Shine» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍ឆ្នាំនេះ ត្រូវគេរំពឹងថានឹងមានភាពខុសប្លែកពីបណ្តាឆ្នាំមុនៗ ដោយសារការបង្ហាញខ្លួនជាលើកដំបូងនៃស្មាតហ្វូនអេក្រង់បត់ និងការផ្លាស់ប្តូរតំណែងអ្នកដឹកនាំកំពូលរបស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័របច្ចេកវិទ្យា CNET។
ចំណុចសំខាន់ៗដែលត្រូវរំពឹងទុកក្នុងព្រឹត្តិការណ៍ «Surprise and Shine» រួមមាន៖
- ការទន្ទឹងរង់ចាំ iPhone អេក្រង់បត់ (iPhone Ultra)៖ ផលិតផលដែលទាក់ទាញខ្លាំងជាងគេគឺ iPhone អេក្រង់បត់ដំបូងបង្អស់ រចនារបៀបបើកជាទម្រង់សៀវភៅ (Book-style) ប្រហាក់ប្រហែលនឹង Samsung Galaxy Z Fold។ ឧបករណ៍នេះ ត្រូវគេរំពឹងថានឹងដាក់ឈ្មោះថា iPhone Ultra ហើយស្ថិតក្នុងកម្រិតផលិតផលប្រណីត។
- ការផ្លាស់ប្តូរយុទ្ធសាស្ត្រចេញលក់ iPhone 18 Series៖ ក្រុមហ៊ុន Apple អាចនឹងមិនទាន់ប្រកាសចេញ iPhone 18 ម៉ូឌែលធម្មតា (Base Model) នារដូវស្លឹកឈើជ្រុះនេះទេ ដោយពន្យារពេលទៅដើមឆ្នាំ២០២៧ វិញ។ ដូច្នេះ ព្រឹត្តិការណ៍ខែកញ្ញានេះ នឹងផ្តោតសំខាន់លើម៉ូឌែលកំពូល iPhone 18 Pro និង 18 Pro Max ដែលបំពាក់បន្ទះឈីប A20 Pro ជំនាន់ថ្មី និងកាមេរ៉ាកែប្រែប្រហោងពន្លឺ (Variable aperture)។
- ការផ្លាស់ប្តូរមេដឹកនាំកំពូល (CEO ថ្មី)៖ នេះគឺជាព្រឹត្តិការណ៍ Keynote ដំបូងបង្អស់ក្រោមការដឹកនាំរបស់ លោក John Ternus ក្នុងតំណែងជានាយកប្រតិបត្តិ (CEO) ថ្មី បន្ទាប់ពីលោក Tim Cook បានសម្រេចចិត្តចុះចេញពីតំណែង។
- ឧបករណ៍ឆ្លាតវៃ និងគ្រឿងបន្លាស់ផ្សេងៗ៖ ការបង្ហាញខ្លួននៃនាឡិកា Apple Watch Series 12 និង Apple Watch Ultra 4 អមដោយកាស AirPods 5 ជំនាន់ថ្មី។ លើសពីនេះ ប្រព័ន្ធប្រតិបត្តិការ iOS 27 ដែលមានការធ្វើបច្ចុប្បន្នភាពមុខងារ AI លើ Siri ក៏នឹងត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផងដែរ។
គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ និងផ្សាយផ្ទាល់ចេញពីសាល Steve Jobs Theater ក្នុងបរិវេណ Apple Park វេលាម៉ោង ១០:០០ ព្រឹក (ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក) ឬត្រូវនឹងម៉ោង ១២:០០ យប់រំលងអធ្រាត ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)៕

















