«Miss Universe Cambodia 2026» ចំនួន ២៣រូប ឈានដល់វគ្គបំពាក់ឈៀងជាផ្លូវការ ដើម្បីជ្រើសរើសបេក្ខភាពតំណាងប្រទេស ទៅដណ្ដើមមកុដលើឆាកអន្តរជាតិ
01-09-2026 11:29
(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់ដ៏មានប្រជាប្រិយភាព កញ្ញាឯកចក្រវាឡកម្ពុជា «Miss Universe Cambodia 2026» បានប្រកាសចាប់ផ្តើមប្រកួត ជាមួយនឹកម្មវិធីបំពាក់ឈៀងជាផ្លូវការ ទៅកាន់បេក្ខភាពទាំង ២៣រូប កាលពីពេលថ្មីៗនេះ។ ក្នុងនោះក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយអនុស្សាវរីយ៍ដ៏មានន័យ ដល់បេក្ខនារីទាំង ២៣រូប ដែលបានទទួលខ្សែឈៀងជាផ្លូវការ និងត្រៀមខ្លួនបន្តដំណើរឆ្ពោះទៅកាន់មកុដ Miss Universe Cambodia 2026។ ជាពិសេសកម្មវិធីនឹងបន្តជ្រើសរើសបេក្ខភាពតំណាងប្រទេសកម្ពុជា ដើម្បីទៅដណ្ដើមមកុដលើឆាកអន្តរជាតិ នាអំឡុងខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ នៅក្នុងដែនដីផឺតូរីកូ។
កម្មវិធីបំពាក់ឈៀងជាផ្លូវការ ទៅកាន់បេក្ខភាពទាំង ២៣រូប និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅឯសណ្ឋាគារ Shangri-La Phnom Penh កាលពីពេលថ្មីៗនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកនាង ប្រាសាទ ដាវីន (Ms. Davin Prasath), National Director នៃ Miss Universe Cambodia 2026, លោកស្រី អ៊ុង ប៉ីយ៉ាណេ ក្នុងនាមជាទូតសុឆន្ទៈកិត្តិយស នៃកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ២០២៦, ដៃគូសហការជាច្រើននាក់ ព្រមទាំងបេក្ខនារីទាំង២៣រូប នៃកម្មវិធី Miss Universe Cambodia 2026 ដែលបានក្លាយជាចំណុចចាប់ផ្តើម នៃដំណើរដ៏អស្ចារ្យរបស់បេក្ខភាព ឆ្ពោះទៅរកក្តីស្រមៃ និងមកុដដ៏មានកិត្យានុភាព។
អ្នកនាង ប្រាសាទ ដាវីន អ្នកគ្រប់គ្រងទូទៅ Miss Universe Cambodia 2026 បានថ្លែងប្រាប់ឲ្យដឹងថា ឆ្នាំនេះបេក្ខភាពភាគច្រើនជាអ្នកដែលមិនធ្លាប់ឆ្លងកាត់ការប្រកួត ប៉ុន្តែសមត្ថភាព រូបសម្រស់សុទ្ធតែមិនធម្មតានោះទេ ឆ្លងកាត់ការបង្វឹកជាច្រើនមុខ កាន់តែធ្វើឲ្យពួកគេមានទំនុកចិត្តខ្ពស់។ បេក្ខភាពថ្មី ឬចាស់មិនសំខាន់ អ្វីដែលសំខាន់ថា តើពួកគេមានសមត្ថភាព ហើយការដាក់ពិន្ទុពិតជាសុក្រិតដើម្បីប្រាកដថា ជាបេក្ខភាពដែលអាចតំណាងឲ្យកម្ពុជា ឡើងទៅកាន់ឆាកអន្តរជាតិ គឺមានសមត្ថភាព ចំណេះដឹង និងទេពកោសល្យខ្ពស់។ ការហាត់ដើរ និយាយ ភាពក្លាហាន និងភាពជឿជាក់ជាច្រើនទៀត ត្រូវបានបង្ហាត់បង្រៀនយ៉ាងស្វិតស្វាញ ដែលជាការកត់សម្គាល់មួយដ៏ល្អសម្រាប់ឆ្នាំនេះ។
ប្រាសាទ ដាវីន បន្តថា ពួកគេមិនត្រឹមតែប្រកួតដើម្បីមកុដប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រកួតដើម្បីក្លាយជាសំឡេងនៃការបំផុសគំនិត តំណាងឱ្យស្ត្រីខ្មែរ និងនាំកម្ពុជាឆ្ពោះទៅកាន់ឆាកពិភពលោក។ នៅពីក្រោយពន្លឺ និងភាពស្រស់ស្អាតលើឆាក គឺជាស្នាមញញឹម ការរំភើប ការខិតខំប្រឹងប្រែង និងគ្រប់ពេលវេលាដែលបង្កើតជារឿងរ៉ាវដ៏មានតម្លៃ ពីក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញពីអត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌ សិល្បៈដ៏ល្អផូរផង់នៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃការគាំទ្រគ្នារវាងស្ត្រី និងការចែករំលែកកម្លាំងចិត្ត ដើម្បីឱ្យស្ត្រីជំនាន់ថ្មីកាន់តែមានភាពជឿជាក់ ហ៊ានបង្ហាញសមត្ថភាព និងដើរឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួន។
ពីក្តីស្រមៃទៅកាន់ឱកាសក្នុងការបង្ហាញសមត្ថភាព ភាពជឿជាក់ និងអត្តសញ្ញាណរបស់ខ្លួន Miss Universe Cambodia 2026 គឺជាវេទិកាដែលស្ត្រីខ្មែរអាចរីកចម្រើន បង្ហាញសក្តានុពល និងបង្កើតឥទ្ធិពលវិជ្ជមាន តាមរយៈសំឡេងរបស់ពួកគេទៅកាន់ពិភពលោក។ បេក្ខនារីនីមួយៗនាំមកជាមួយក្តីស្រមៃ ភាពក្លាហាន និងរឿងរ៉ាវដ៏មានអត្ថន័យ ដើម្បីចាប់ផ្តើមដំណើរឆ្ពោះទៅកាន់មកុដដ៏មានកិត្តិយស និងឱកាសតំណាងកម្ពុជាលើឆាក Miss Universe។
អ្នកគ្រប់គ្រងរូបនេះបានសង្កត់ធ្ងន់ដោយខ្លីថា ការបង្ហាញឈ្មោះបេក្ខនារី វត្តមាននៃការចូលរួមជាលក្ខណៈអន្តរជាតិ និងអត្តសញ្ញាណនៃវប្បធម៌របស់ខ្លួនជារៀងរាល់ឆ្នាំ នៅលើឆាកពិភពលោក ជាមួយនឹងវិញ្ញាសារ និងឈុតតំណាងជាតិរបស់កម្ពុជា គឺជាគោលបំណងដ៏សំខាន់របស់កម្មវិធីទាំងមូល ទោះបីជាលទ្ធផលរបស់យើងទទួលបានក្នុងកម្រិតណាមួយក៏ដោយ។
សូមបញ្ជាក់ថា Miss Universe ឬបវរកញ្ញាចក្រវាឡ គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលរៀបចំឡើងដោយអង្គការ Miss Universe Organization ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កម្មវិធីនេះស្ថិតក្នុងចំណោមកម្មវិធីប្រឡងប្រណាំង រូបសម្រស់អន្តរជាតិធំៗចំនួនបួន រួមមាន Miss World, Miss International និង Miss Earth។ ប្រទេសដែលឈ្នះជយលាភី Miss Universe បានច្រើនជាងគេបង្អស់ គឺសហរដ្ឋអាមេរិក ដោយធ្លាប់ឈ្នះបានចំនួន ៨លើក៕























