តុលាការចិនបង្កកទ្រព្យសម្បត្តិ ៣០០លានដុល្លារ របស់ក្រុមហ៊ុនបន្ទះឈីប Nexperia ពាក់ព័ន្ធនឹងជម្លោះអំណាចគ្រប់គ្រងជាមួយ Wingtec
01-09-2026 13:37
(ប៉េកាំង)៖ តុលាការចិនបានសម្រេចបង្កកទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ ២.១៤ ប៊ីលានយ័ន (ប្រមាណ ៣០០ លានដុល្លារអាមេរិក) របស់ក្រុមហ៊ុនផលិតបន្ទះឈីបហូឡង់ Nexperia និងផ្នែកឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន នៅក្នុងសំណុំរឿងក្តីដែលដើមបណ្តឹងគឺជាក្រុមហ៊ុនចិន Wingtech Technology ដែលជាម្ចាស់ភាគហ៊ុនភាគច្រើន។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ប្រភពដើមនៃជម្លោះនេះបានកើតឡើងកាលពីឆ្នាំមុន នៅពេលដែលអាជ្ញាធរហូឡង់បានដកហូតអំណាចគ្រប់គ្រង Nexperia ពីក្រុមហ៊ុន Wingtech ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិថា បច្ចេកវិទ្យា ថវិកា និងទ្រព្យសម្បត្តិផលិតកម្មអាចត្រូវបានផ្ទេរទៅបរទេស។ ក្រោយមក តុលាការពាណិជ្ជកម្មហូឡង់បានព្យួរតំណែងអគ្គនាយកប្រតិបត្តិ (CEO) របស់ Nexperia និងបានផ្ទេរសិទ្ធិបោះឆ្នោតដែលភ្ជាប់ជាមួយភាគហ៊ុនរបស់ Wingtech ទៅឱ្យស្ថាប័នគ្រប់គ្រងឯករាជ្យមួយជាបណ្តោះអាសន្ន។
ដើម្បីឆ្លើយតបនឹងចំណាត់ការនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវវិធានការរឹតបន្តឹងការនាំចេញលើប្រតិបត្តិការរបស់ Nexperia នៅក្នុងប្រទេសចិន ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរថយន្ត និងឧបករណ៍អេឡិចត្រូនិកទូទាំងពិភពលោក។ ទោះបីជាក្រោយមក មានការចរចារវាងក្រុងប៉េកាំង និងក្រុងឡាអេ ដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ឡើងវិញក្តី ប៉ុន្តែក្រុមហ៊ុន Wingtech នៅតែមិនទាន់ទទួលបានសិទ្ធិគ្រប់គ្រងឡើងវិញនៅឡើយ។
នៅខែឧសភា កន្លងទៅ ក្រុមហ៊ុន Wingtech បានដាក់ពាក្យប្តឹង Nexperia និងថ្នាក់ដឹកនាំ ៣រូប ដោយចោទប្រកាន់ថា បានអនុវត្តតាមការរឹតបន្តឹងបែបជ្រើសរើសមុខរបស់ហូឡង់ និងបានទាមទារសំណងជំងឺចិត្តចំនួន ៨ ប៊ីលានយ័ន។
ផ្អែកតាមការបញ្ជាក់របស់ Wingtech តុលាការប្រជាជនកម្រិតមធ្យមក្រុង Dongguan បានចេញដីកាបង្កកទ្រព្យសម្បត្តិលើភាគហ៊ុនរបស់ Nexperia នៅក្នុងអាជីវកម្មចំនួន ៤ នៅក្នុងប្រទេសចិន រួមទាំងប្រតិបត្តិការសមាសធាតុពាក់កណ្តាលសម្រេច នៅទីក្រុង Wuxi និងស៊ាងហៃ។ វិធានការបង្កកនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ហើយមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៩។
ថ្វីបើវិធានការផ្លូវច្បាប់របស់តុលាការចិនបានផ្តល់នូវ «អានុភាពសម្ពាធថ្មី» ដល់ Wingtech ក្នុងការខិតខំដណ្តើមយកសិទ្ធិគ្រប់គ្រង Nexperia មកវិញក្តី ប៉ុន្តែ Nexperia បានចេញសេចក្តីថ្លែងការណ៍តបតវិញថា ដីកាបង្កកនេះ «មិនបានប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃ ការគ្រប់គ្រង ឬភាពបន្តនៃអាជីវកម្មរបស់ Nexperia ឡើយ» ដោយសារតែសំណុំរឿងនេះមិនទាន់ត្រូវបានតុលាការបើកការសវនាការលើអង្គហេតុនៅឡើយទេ៕







